អស្ចារ្យមែន! សហភាពអឺរ៉ុបយល់ព្រមទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer រហូតដល់ ១,៨ ពាន់លានដូសបន្ថែម

222

ព្រូសសែល៖ សហគមន៍អ៊ឺរ៉ុបបានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ១,៨ ពាន់លានបន្ថែមទៀតពីក្រុមហ៊ុន Pfizer។ ចំណែកឯការផ្តល់ថ្នាំបង្ការនឹងបន្តចែកជូនរហូតដល់ឆ្នាំ ២០២៣។ ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរតាមសារធ្វីតថឺថា ការិយាល័យរបស់លោកស្រីទើបតែបានយល់ព្រមលើកិច្ចសន្យាមួយដើម្បីផ្តល់ការធានាទឹកប្រាក់នៃចំនួនថ្នាំវ៉ាក់សាំង ៩០០ លានដូសឬច្រើនជាងនេះ។

កិច្ចសន្យាថ្មីដែលគាំទ្របណ្តាប្រទេសដែលជាសមាជិកសហភាពអ៊ឺរ៉ុបទាំងអស់មិនត្រឹមតែធានាដល់ការផលិតវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងយល់ព្រមលើសម្ភារៈទាំងអស់ដែលត្រូវការដើម្បីផលិតវ៉ាក់សាំងត្រូវតែមានប្រភពមកពីសហគមន៍អ៊ឺរ៉ុប។ ពាក្យបែបនេះត្រូវបានលើកឡើងដើម្បីធានាថា ផលិតកម្មមិនត្រូវបានរារាំងដោយអសមត្ថភាពក្នុងការទទួលបានសម្ភារៈចាំបាច់ដើម្បីបង្កើតវ៉ាក់សាំងនោះទេ។

រហូតមកដល់បច្ចុប្បន្នគណៈកម្មការអឺរ៉ុបបានប្តេជ្ញាចិត្តទិញថ្នាំចំនួន ២,៣ ពាន់លានដូសពីក្រុមហ៊ុនចំនួន ៦។ លោកស្រីបាននិយាយនៅក្នុងសារធ្វីថឺថា កិច្ចសន្យានិងបច្ចេកវិទ្យាវ៉ាក់សាំងដទៃទៀតនឹងអនុវត្តតាមដូចគ្នា។ អ្នកសង្កេតការណ៍បានកត់សម្គាល់ថា កិច្ចសន្យាថ្មីនេះបង្ហាញពីទំនុកចិត្តរបស់សហភាពអឺរ៉ុបនឹងក្រុមហ៊ុន Pfizer។ មុននេះក្រុមហ៊ុន Pfizer បានប្រកាសថា ខ្លួននឹងផ្តល់វ៉ាក់សាំង ៥០ លានដូសឱ្យសហភាពអឺរ៉ុបនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១។

គេក៏អាចចាត់ទុកថា វាគឺជាគោលបំណងនៃការដេញថ្លៃស្តុកបន្ទាប់ពីក្រុមហ៊ុន AstraZeneca មិនបានផ្គត់ផ្គង់វ៉ាក់សាំងតាមបរិមាណដែលបានព្រមព្រៀងគ្នាកាលពីពេលមុននោះទេ។ លោកស្រី Von der Leyen បន្តមានប្រសាសន៍ថាក្រុមហ៊ុន Pfizer គឺជាដៃគូដែលអាចទុកចិត្តបានដែលគោរពការប្តេជ្ញាចិត្តរបស់ខ្លួន។ ហើយវាក៏ជាក្រុមហ៊ុនមួយដែលផលិតវ៉ាក់សាំងប្រកបដោយទំនុកចិត្តផងដែរ៕ ប្រភព៖ Big News Network