មេធាវីជាច្រើនជម្រុញឱ្យលោក Mark Zuckerberg បោះបង់ចោលការបង្កើតកម្មវិធី Instagram សម្រាប់កុមារ

130

វ៉ាស៊ីងតោន៖ អគ្គមេធាវីចំនួន ៤៤ រូបរបស់សហរដ្ឋអាមេរិកកំពុងទទូចដល់លោក Mark Zuckerberg ឱ្យបោះបង់ចោលផែនការបង្កើតកម្មវិធី Instagram សម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំ។ អគ្គមេធាវីបានលើកឡើងតាមលិខិតមួយច្បាប់ថា“ក្រុមហ៊ុនហ្វេសប៊ុកមិនបានឆ្លើយតបទៅនឹងតំរូវការកុមារទេ។ លិខិតនោះត្រូវបានចុះហត្ថលេខាគាំទ្រដោយមេធាវីមកពីរដ្ឋចំនួន ៤០ និងបញ្ជាក់អំពីផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់កុមារ។

អគ្គមេធាវីបាននិយាយថា“ការប្រើប្រាស់បណ្តាញសង្គមអាចធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់កុមារដែលមិនដឹងពីបញ្ហាប្រឈមនៃគណនេយ្យសង្គមទេ។ សព្វថ្ងៃមានការកើនឡើងនៃបញ្ហាផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត រូបភាពអាសអាភាស និងគំនិតធ្វើអត្តឃាតជាដើមតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។ ចំណែកឯកុមារនិងមនុស្សពេញវ័យមិនទាន់ត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមតាមរយៈគណនី​របស់ពួកគេទេ ព្រោះពួកគេខ្វះការយល់ដឹងស្តីពីឯកជនភាពនិងការចែករំលែក”។

តាមរយៈសារព័ត៌មាន BuzzFeed កាលពីខែមីនាបានរាយការណ៍ថា Instagram គ្រោងនឹងដាក់ចេញកម្មវិធីសម្រាប់ក្មេងអាយុដប់ប្រាំមួយឆ្នាំ។ កាលពីខែមុនអង្គការមិនស្វែងរកប្រាក់ចំណេញដើម្បីកុមារបានជំរុញឱ្យលោក Zuckerberg លុបចោលផែនការនោះដោយសង្កត់ធ្ងន់ថា វានឹងធ្វើឱ្យមានហានិភ័យខ្ពស់។ អគ្គមេធាវីកាលពីថ្ងៃច័ន្ទបានគូសបញ្ជាក់ថា វាអាចនឹងមានការគំរាមកំហែងតាមអ៊ិនថឺណិតចំពោះកុមារនិងអាចបង្កហានិភ័យកាន់តែអាក្រក់ទៅៗ។

កុមារអាចប្រព្រឹត្ដអំពើផ្ទុយពីសីលធម៌ក្នុងកំឡុងពេលមានជំងឺរាតត្បាត ព្រោះកុមារបានចំណាយពេលច្រើនលើបណ្តាញសង្គម។ កន្លងមកក្រុមហ៊ុនហ្វេសប៊ុកបានបរាជ័យក្នុងការការពារសុវត្ថិភាពនិងឯកជនភាពរបស់កុមាររួចទៅហើយ ទោះបីជាមានការអះអាងថាកម្មវិធីរបស់ខ្លួនមានការត្រួតពិនិត្យដ៏តឹងរឹងក៏ដោយ។ កម្មវិធី Messenger Kids របស់ហ្វេសប៊ុកដែលត្រូវបង្កើតឡើងសម្រាប់កុមារអាយុចន្លោះពី ៦ ទៅ ១២ ឆ្នាំនឹងផ្តល់គុណវិបត្តិច្រើនជាងគុណសម្បត្តិ។

បើតាមរបាយការណ៍ឆ្នាំ ២០១៩ កុមារបានចូលរួមជជែកលេងជាមួយក្រុមជនចម្លែក និងមិនបានសុំការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេជាមុននោះទេ។ កាលពីថ្ងៃច័ន្ទក្រុមហ៊ុនហ្វេសប៊ុកបានសន្យាថានឹងគ្រប់គ្រងបន្ថែមទៀតលើខ្លឹមសារ របស់ពួកគេនិងប្រឹងប្រែងការពារអ្នកប្រើប្រាស់វ័យក្មេង រួមទាំងមិនផ្សាយពាណិជ្ជកម្មនៅលើវេទិកានេះទេ។ ក្រុមហ៊ុនហ្វេសប៊ុកក៏បានសិក្សាពីផលប៉ះពាល់ទៅលើខួរក្បាល រាងកាយ និងអាកប្បកិរិយារបស់កុមារផងដែរ៕​ ប្រភព៖​ Al Jazeera News