ទ្រាំនឹងទង្វើដដែលៗលែងបាន លោក Sornram ចេញមកផ្តល់ បទសម្ភាសន៍ជីកឬសគល់ ផ្ទាល់មាត់តែម្តង (មានវីដេអូ)

លោក Num Sornram ចេញមុខផ្តល់បទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ ទាក់ទិននឹងបញ្ហាគ្រប់យ៉ាង បន្ទាប់អតីតភរិយា Live និយាយប្រាប់គេឯងថាលោក ជាមនុស្សប្រមឹក និងគាបសង្កត់នាងមិនឲ្យជួបកូនស្រី ព្រមទាំងបង្ហាញភស្តុតាងផ្សេងបន្ថែមទៀត ក្រោយពីអស់ការអត់ធ្មត់ ។

លោកបាននិយាយថា ខាងអតីតភរិយាប្រាប់គេឯងថា ១០ ខែដែលលោកមិនឲ្យនាងជួបកូន ប៉ុនែ្តតាមពិតលោកឲ្យអ្នកនាងជួបដល់ទៅ ២ ដងក្នុងមួយខែឯណោះ ។

លោកបានបន្ថែមថា មានពេលខ្លះលោកក៏មិនឱ្យកូនទៅជួបអ្នកនាង Tik ដែរ តែមូលហេតុគឺនៅត្រង់នាង នាំកូនទៅជួបមនុស្សផ្សេងទៀតដែលលោកមិនស្គាល់ពីមុនមក ម្លោះហើយត្រង់នេះលោកមិនអាចទុកចិត្តបាន លោកក៏រារាំង ។

លុះក្រោយមក នៅថ្ងៃសៅរ៍ជិតថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ អ្នកនាង Tik បាននាំយកផ្កាមករោយលើឥដ្ឋ នៅភោជនីយដ្ឋាន និងឡានរបស់លោក ពេលនោះលោកបាននិយាយថា វាជាទង្វើខ្ជះខ្ជាយណាស់ លោកយល់ពីទឹកចិត្តម្តាយ នឹងប្រារព្ធទិវានៃក្តីស្រឡាញ់ជាមួយកូន ប៉ុនែ្តមិនចាំបាច់ធ្វើទង្វើខ្ជះខ្ជាយបែបនេះទេ ។

ដោយនឹកឃើញដល់ទឹកចិត្តម្តាយនិងកូន លោកក៏និយាយជាមួយទីប្រឹក្សាច្បាប់ ដើម្បីឱ្យម្តាយនិងកូនបានជួបគ្នាចាប់ពី ២ ទៅ ៤ ដង ក្នុងមួយខែ នៅខនដូរបស់លោក។ ហើយលោកថែមទាំងបានបញ្ជាគេឲ្យធ្វើការសម្អាតបន្ទប់ ដើម្បីផ្តល់ជាទីកន្លែងឯកជនឲ្យម្តាយនិងកូនគេនៅជាមួយគ្នា ឬគេងឱបកូនតែតាមដែលចិត្តចង់ក៏បាន តែខាងអ្នកនាង Tik ក៏សុំអនុញ្ញាតនាំកូនទៅដើរលេងនៅផ្សារទំនើប ពេលនោះ លោកសួរអ្នកនាងថា មានលុយជាប់នឹងខ្លួន នាំកូនទៅដើរលេងដែរមែនទេ ? ខាងម្តាយនិយាយថាមាន ។

លុះមិនយូរប៉ុន្មាន ក៏មានមនុស្សម្នាក់ទូរស័ព្ទមកប្រាប់លោកថា ខាងអតីតភរិយាខ្ចីលុយគេ ៥០០០ បាត (ជិត ២០០ ដុល្លារ) ពេលនោះខ្ញុំក៏ប្រញាប់វេរលុយទៅសងគេវិញភ្លាម ដែលមុននេះខាងអ្នកនាង Tik បាននិយាយថា ខាង​រៀមច្បងរូបនោះ បានលើកប្រាក់នោះឲ្យក្មួយ តែតាមពិតវាមិនមែនទេ វាជាលុយដែលខ្ចីគេ ហើយលោកជាអ្នកសង ។

លុះមកថ្ងៃ ២០ មីនា អ្នកទាំង ២ បានទៅនាំកូនទៅរកពេទ្យជាមួយគ្នា ស្រាប់តែមកដល់ផ្ទះវិញ ខាងអ្នកនាង Tik បែរជា Live និយាយរឿងកូនស្រីមានការអភិវឌ្ឍយឺត ធ្វើឲ្យរឿងរ៉ាវវែងឆ្ងាយ ទាំងដែលអ្នកទាំង ២ បានព្រមព្រាងគ្នារួចហើយថា ឲ្យកូននិងម្តាយជួបគ្នា ៤ ដងក្នុងមួយខែ ។ តែនៅថ្ងៃណាត់ ចំនឹងថ្ងៃសៅរ៍លោកបាននាំកូនទៅដើរលេង ដូច្នេះក៏សុំរំកិលទៅថ្ងៃក្រោយ ស្រាប់តែនៅថ្ងៃទី ២០ ខែ មីនា អ្នកនាង Tik បែរជាផ្ញើរសារមកថា លែងត្រូវការកូនហើយ ។

ត្រង់ចំណុចនេះ លោក Sornram បានបញ្ចាក់ថា ឲ្យតែមានរឿងមិនត្រូវចិត្ត អ្នកនាង Tik តែងតែនិយាយពាក្យ “លែងត្រូវការកូន” និងរុញកូនឲ្យលោកមើលរហូត ។

ទន្ទឹមនឹងនោះ លោក Sornram ក៏លើកដៃសូមទោសមហាជនដែរ ចំពោះរឿងដែលលោកលើកមកនិយាយដដែលៗ ហើយក៏បញ្ជាក់ផងដែរថា ខាងអតីតភរិយាចង់ Live និយាយពីអ្វីក៏និយាយទៅ តែបើសិនរឿងនោះវា ប៉ះពាល់ដល់លោកនិងកូន លោកនិងចេញមុខបកស្រាយ លោកនឹងមិនសំងំទេ ។

លុះនៅពេលនិយាយដល់ចំណុចដែល អតីតភរិយាថា លោកប្រមឹក លោកក៏លើកឡើងថា លោកមានអាយុច្រើនហើយ លោកក៏មានតួនាទីជាឪពុកគេដែរ ដូច្នេះលោកដឹងថា អ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើ ឬអ្វីដែលមិនគួរធ្វើ ។

លុះនៅពេលសួរដល់ថា លោកខ្លាចអតីតភរិយា លាតត្រដាងរឿងសម្ងាត់អ្វីម្យ៉ាងឬទេ? លោកនិយាយថា លោកមិនខ្លាចទេ ព្រោះលោកគ្មានអ្វីដែលត្រូវលើកមកលាតត្រដាងបានទេ ។

ទន្ទឹមនឹងនោះ ខាងពិធីករបានសួរនាំទៅដល់ រឿងដែលអ្នកនាង Tik ខ្ចីប្រាក់អ្នក​គាំទ្ររបស់លោក ខាងលោកក៏ឆ្លើយតបថា លោកក៏ទើបតែដឹងរឿងនេះដែរ គឺដឹងនៅពេលដែលអ្នកគាំទ្ររូបនោះមកបញ្ចេញមតិលើកទឹកចិត្ត លើរូបភាពកូនស្រីរបស់លោក ។

ជាចុងក្រោយលោកក៏បាន បញ្ជាក់យ៉ាងច្បាស់ទៀតថា លោកលែងលះជាមួយអតីតភរិយា មិនមែនមានជនទី ៣ ទេ តែលោកលែងលះ ដោយសារតែមានម្ចាស់បំណុល មកទារប្រាក់ដល់ផ្ទះ ដូច្នេះលោកយល់ឃើញថា កូនស្រីហាក់មិនមានសុវត្ថិភាពហើយ ។ ម្យ៉ាងវិញទៀតលោកក៏ទ្រាំលែងបានដែរ នូវពាក្យសម្តីដែលអតីតប្រពន្ធនិយាយថា “លែងត្រូវការកូន” លោកស្អប់ពាក្យនេះណាស់ ហើយលោកសន្យាថានឹងមើលថែកូនស្រីឲ្យបានល្អបំផុតផងដែរ

បើចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាការផ្តល់កិច្ចសម្ភាសន៍ផ្ទាល់របស់លោក Sornram ក្នុងនោះនៅមានរឿងរ៉ាវជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់ ៕

ប្រភព៖ Khaosod Thailand, คุยแซ่บ Show