WOW! ចែកមិនដាច់ទេ ថាម្នាក់ណាជាកូនស្រី ១៩ ឆ្នាំ ម្នាក់ណាជាអ្នកម្តាយម៉េម៉ាយ អាយុ ៤០ ឆ្នាំ

អ្នកម្តាយជនជាតិជប៉ុន ដែលមានរូបសម្រស់ស្រស់ស្អាតក្មេងជាងវ័យ បើទោះបីជាអាយុរបស់គាត់បានឈានចូលដល់ខ្ទង់ ៤០ ហើយក៏ដោយ។ នៅពេលគាត់ថតរូបជាមួយកូនស្រីម្តងៗ ធ្វើឲ្យគេមើលច្រឡំ ចែកមិនដាច់មិនដឹងម្នាក់ណាជាម្តាយ ម្នាក់ជាណាកូនឡើយ ។

វាបានក្លាយជាចំណុចចាប់អារម្មណ៍ទៀតហើយ សម្រាប់អ្នកម្តាយទោល ឈ្មោះ Ayumi Kawabata អាយុ ៤០ ឆ្នាំ បានបង្ហោះរូបភាពរបស់គាត់ជាមួយកូនស្រីអាយុ ១៩ ឆ្នាំ ដែលធ្វើឱ្យអ្នកលេងអ៊ិនធឺណិតច្រឡំ ស្ទើរមិនអាចបែងចែកបានថា នរណាជាម្តាយ នរណាជាកូន ។

គួររំឮកផងដែរថា កាលពីឆ្នាំ ២០១៩ គាត់ធ្លាប់បានធ្វើឱ្យមនុស្សម្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្តងរួចមកហើយ បន្ទាប់ពីគាត់បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង National Beauty Witch Contest ដែលជាការប្រកួតសម្រស់ធំថ្នាក់ជាតិ និងទទួលបានពានរង្វាន់លេខ ២ ។

ខាងឆ្វេង៖ ម្តាយ, ខាងស្តាំ៖ កូនស្រី

ក្រៅពីមុខក្មេងហើយ លោកស្រី Ayumi ក៏ជាអ្នកម្តាយទោលដ៏រឹងមាំម្នាក់ផងដែរ។ បន្ទាប់ពីការប្រលងបញ្ចប់ គាត់ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់មានផ្ទៃពោះពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។ ដូច្នេះគាត់បានសម្រេចចិត្តព្យួរការសិក្សា ហើយរៀបការជាមួយប្តី នឹងក្លាយជាស្ត្រីមេផ្ទះពេញលេញតែម្តង ។

ប៉ុន្តែពេលនោះ គាត់នៅតែចង់ត្រឡប់ទៅសិក្សាបន្ត ដូច្នេះគាត់ក៏បានចុះឈ្មោះសិក្សាក្រៅម៉ោង ហើយរកការងារធ្វើ ដែលនោះហើយ គឺជាមូលហេតុធ្វើឲ្យគាត់បែកបាក់គ្នាជាមួយស្វាមី ។ ប្តីរបស់គាត់មិនពេញចិត្តទេដែលគាត់ធ្វើបែបនេះ ដូច្នេះពួកគេក៏ចាប់ផ្តើមឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ រហូតឈានទៅដល់ការលែងលះគ្នា។ តែទោះយ៉ាងណាគាត់មិនខ្លាច នឹងដើរតួជាម្តាយ ជាឪពុក និងជាបងស្រីសម្រាប់កូនទេ ។

ហើយទោះបីជាគាត់ បានក្លាយជាម្តាយទោលក៏ពិតមែន ប៉ុន្តែដោយសារតែរូបសម្រស់ និងភាពទាក់ទាញរបស់គាត់ បានធ្វើឲ្យមានបុរសៗជាច្រើន តែងតែសុំចូលខ្លួនសុំធ្វើជាអ្នកស្អំបេះដូង ប៉ុន្តែគាត់មិនមានគម្រោងរៀបការម្តងទៀតទេ ព្រោះគាត់ចង់យកចិត្តទុកដាក់ចំពោះកូនស្រីឲ្យបានច្រើនបំផុត ។

ចំណែកអាថ៌កំបាំងនៃភាពក្មេងវ័យរបស់ លោកស្រី Ayumi យកចិត្តទុកដាក់ចំពោះការធ្វើលំហាត់ប្រាណ និងគ្រប់គ្រង់របបអាហារ។  គាត់តែងតែហាត់យូហ្គាទៀងទាត់ ដើម្បីឱ្យមានរាងស្អាត និងគ្រប់គ្រងស្ករ ព្រមទាំងបរិភោគគ្រាប់ធញ្ញជាតិ ផ្លែឈើស្ងួត ជំនួសឱ្យអាហារសម្រន់ទូទៅ ៕

ប្រភព៖ China Time