ករណីកម្រ! ត្រីបញ្ចេញពន្លឺ រស់នៅក្នុងជម្រៅ ១០០០ ម៉ែត្រ បែរជារសាត់មកទើរងាប់លើឆ្នេរ អាចជាប្រផ្នូលមិនល្អ

វាហាក់ដូចជាព័ត៌មានមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក។

នៅថ្ងៃសុក្រ ទី ៧ ខែឧសភា ប្រជាជននៅឯឆ្នេរខ្សាច់ ក្នុងឧទ្យាន Crystal Cove រដ្ឋ Newport Beach ឆ្នេរកាលីហ្វ័រញ៉ា បានប្រទះឃើញត្រីទឹកជ្រៅរូបរាងចម្លែក បានរសាត់មកទើរងាប់លើឆ្នេរខ្សាច់ មិនដឹងមូលហេតុ ។

ត្រីដែលអណ្តែតនៅគ្រានោះវាជា Footballfish ជាត្រីទឹកជ្រៅ ក្នុងក្រុមតែមួយជាមួយត្រី Anglerfish ដែលរស់នៅក្នុងជម្រៅ ៦០០ ម៉ែត្រ ឬជ្រៅជាងនេះ។

វាមានរូបរាងចម្លែក ដែលមនុស្សគ្រប់គ្នាដឹងថាវាអាចបញ្ចេញពន្លឺនៅទីងងឹតបាន ដែលជារឿយៗវាប្រើដើម្បីទាក់ទាញចំណី ។

ត្រីចម្លែកខាងលើ មានទំហំប្រហែល ៤៥ សង់ទីម៉ែត្រ និងត្រូវបានប្រទះឃើញដោយបុរសម្នាក់ឈ្មោះ Ben Estes ។

“វាជាត្រី Footballfish នៃសមុទ្រជ្រៅប៉ាស៊ីហ្វិកខាងត្បូង ជាពូជត្រី Anglerfish រស់នៅក្នុងជម្រៅជាង ១០០០ ម៉ែត្រ

និងជាត្រីមួយក្នុងចំណោម ត្រី Anglerfish
៣០០ ប្រភេទ ដែលមានជីវិតពីជុំវិញពិភពលោកនេះ” បើយោងតាមការបញ្ជាក់របស់ ទំព័រហ្វេសប៊ុករបស់ Davey’s Locker Sportfishing និង Whale Watching ។

រូបភាពតំណាង

ជាការពិតណាស់ ចំពោះសត្វត្រីប្រភេទនេះ នៅក្នុងមហាសមុទ្រជ្រៅ មិនត្រូវបានគេចាត់ទុកថា ជាសត្វកម្រនឹងជួបនោះទេ។

ប៉ុន្តែវាក៏ជារឿងដែលចម្លែកណាស់ដែរ ព្រោះជាធម្មតាត្រីប្រភេទនេះ រស់នៅក្នុងជម្រៅដែលពន្លឺព្រះអាទិត្យឆ្លុះមិនដល់ ហើយកាលដែលវានឹងហែលឡើងជិតច្រាំង រហូតមកទើរជាប់លើឆ្នេរដូចនេះ វាហាក់ដូចជាករណីកម្រនឹងជួបណាស់ ។

ដូច្នេះវាពិតជាគួរឲ្យសោកស្តាយណាស់ ដែលឥឡូវនេះអាជ្ញាធរនៅតែមិនអាចប្រាប់ពីមូលហេតុជាក់លាក់ ពីករណីខាងលើបាន ។

ទន្ទឹមនឹងនោះ ខាងក្រុមអភិរក្សនៃឧទ្យាន Crystal Cove ផ្ទាល់ ក៏ខំអស់ពីសមត្ថភាពដើម្បីស្រាវជ្រាវអាថ៌កំបាំង បន្តនៅថ្ងៃអនាគតដែរ ៕

ប្រភព៖ Davey’s Locker Sportfishing & Whale Watching, usatoday និង nbcboston