មរណភាពនៅប្រទេសឥណ្ឌា ដោយសារកូវីដ អាចឡើងដល់ ១ លាននាក់នៅត្រឹមខែសីហា បើយោងតាមសន្ទស្សន៍របស់ទស្សនាវដ្ដី Lancet

ឥណ្ឌា៖ មរណភាពដោយសារកូវីដ នៅឥណ្ឌាអាចឈានដល់មួយលានដែលគួរឱ្យភ្ញាក់ផ្អើលនៅត្រឹមថ្ងៃទី ១ ខែសីហាឆ្នាំនេះ។ វិចារណកថាបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បាននិយាយដោយដកស្រង់ការប៉ាន់ស្មានពីសំណាក់វិទ្យាស្ថានវាស់វែងសុខភាព និងវាយតម្លៃ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពពិភពលោកឯករាជ្យ សាកលវិទ្យាល័យវ៉ាស៊ីនតោន។

វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព បានប៉ាន់ប្រមាណថាប្រទេសឥណ្ឌានឹងអាចមានអ្នកស្លាប់ ១ លាននាក់ដែលបាត់បង់ជីវិតដោយសារកូវីដ នៅត្រឹមថ្ងៃទី ១ ខែសីហា។ ប្រសិនបើលទ្ធផលនោះកើតឡើង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi នឹងទទួលខុសត្រូវលើរឿងនេះជាមហន្តរាយសម្រាប់ជាតិ” ។

ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍កាលពីថ្ងៃអាទិត្យថាមានអ្នកស្លាប់ចំនួន ៤.០៩២ នាក់ក្នុងរយៈពេល ២៤ ម៉ោង ដែលចំនួនអ្នកស្លាប់សរុបដល់ ២៤២.៣៦២ នាក់។ ករណីថ្មីបានកើនឡើងចំនួន ៤០៣.៧៣៨ នាក់ ដែលជាកំណត់ត្រាគួរឲ្យភ្ញាក់ផ្អើល និងបង្កើនចំនួនសរុបនៃអ្នកឆ្លងឡើងដល់ ២២,៣ លាននាក់។ ប្រទេសឥណ្ឌាបានរកឃើញករណីចំនួន ១០ លានករណីក្នុងរយៈពេលបួនខែចុងក្រោយនេះ។

ទីក្រុងញូវដែលីបានតស៊ូទប់ទល់នឹងការផ្ទុះឡើងនៃជម្ងឺឆ្លង ដែលបានធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់ខ្លួនបានជោរជន់ទៅដោយអ្នកជម្ងឺ ហើយអ្នកជំនាញជាច្រើនសង្ស័យថាករណីនៃការស្លាប់ជាផ្លូវការ និងចំនួនករណីពិតអាចខុសគ្នា ព្រមទាំងអាចលើសការប៉ាន់ស្មាន។

ទិនានុប្បវត្តិបាននិយាយថាក្រុមការងារកូវីដរបស់រដ្ឋាភិបាល មិនបានជួបគ្នាប៉ុន្មានខែរហូតដល់ខែមេសា នៅពេលវីរុសមានការរីករាលដាល។

កាលពីដើមខែនេះទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាវេទិកានៃទីប្រឹក្សាវិទ្យាសាស្ត្រ ដែលបង្កើតឡើងដោយរដ្ឋាភិបាលបានព្រមានមន្ត្រីឥណ្ឌាកាលពីដើមខែមីនា អំពីមេរោគបំប្លែងថ្មី ដែលបានរកឃើញនៅក្នុងប្រទេសនេះ។ អ្នកវិទ្យាសាស្ត្រ ៤ នាក់ បានប្រាប់រ៉យទ័រថារដ្ឋាភិបាលសហព័ន្ធមិនបានស្វះស្វែងអនុវត្តការរឹតត្បិតតំបន់ធំៗ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះទេ បើទោះបីជាមានការព្រមានក៏ដោយ។

រដ្ឋាភិបាលបានអនុញ្ញាតឱ្យពិធីបុណ្យសាសនាហិណ្ឌូ មានការចូលរួមដោយមនុស្សរាប់លាននាក់ ខណៈពេលដែលនាយករដ្ឋមន្រ្តី Modi មេដឹកនាំគណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាច និងអ្នកនយោបាយប្រឆាំងបានធ្វើការប្រមូលផ្តុំគ្នានយោបាយសម្រាប់ការបោះឆ្នោតក្នុងតំបន់។ អ្នកជំនាញបាននិយាយថាព្រឹត្តិការណ៍ទាំងនេះបានក្លាយជា “ ព្រិត្តិការណ៍ការចែកចាយកូវីដដ៏សម្បើម” ។

បទវិចារណកថានេះបានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌា ឲ្យប្រកាន់យកយុទ្ធសាស្ត្រ “ ពីរជួរ” ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះដោយបង្កើនល្បឿនចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងកាត់បន្ថយការចម្លងវីរុស ដែលកំពុងបង្កឲ្យមនុស្សស្លាប់យ៉ាងច្រើន។

របាយការណ៍នេះបាននិយាយថា “ ជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងកូវីដនឹងពឹងផ្អែកទៅលើរដ្ឋាភិបាលកំពុងកាន់កាប់អំណាច ហើយបើពួកគេមិនអើពើអំពីរឿងធំដែលបង្កជាការឆ្លងនោះទេ វានឹងក្លាយជាកំហុសដ៏ធំ។

‘តម្លាភាពបន្ថែមទៀត’

ទិនានុប្បវត្តិវេជ្ជសាស្ត្របាននិយាយថាការប៉ុនប៉ងរបស់លោក Modi ដើម្បីរារាំងការរិះគន់គឺជាកំហុស “មិនអាចលើកលែងបាន” ។ នៅពេលខ្លះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ហាក់ដូចជាមានចេតនាក្នុងការលុបចោលការរិះគន់នៅលើបណ្តាញសង្គម Twitter ជាជាងព្យាយាមគ្រប់គ្រងជំងឺរាតត្បាតនាពេលបច្ចុប្បន្ន។

ប្រទេសឥណ្ឌា បានទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំង ដោយសាររលកកូវីដជាលើកទី ២ ដែលមានករណីថ្មី និងការស្លាប់កើនឡើងដល់កម្រិតខ្ពស់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងកង្វះអុកស៊ីសែន និងគ្រែយ៉ាងធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យជាច្រើន ព្រមទាំងកន្លែងបញ្ចុះសព ក៏ដូចជាកន្លែងបូជាសពកំពុងហូរហៀរដោយអ្នកស្លាប់ ក្រុមអ្នកជំនាញនិយាយថាចំនួនអ្នកឆ្លងជាក់ស្តែងសម្រាប់ករណីកូវីដ ១៩ និងអ្នកស្លាប់អាចមានច្រើនជាងរបាយការណ៍រដ្ឋាភិបាល។

កាលពីថ្ងៃសៅរ៍ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា ការផ្លាស់ប្តូរប្រភេទ B.1.617 នៃកូវីដ ១៩ ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០ គឺពិតជាកត្តារួមចំណែកដល់មហន្តរាយ កំពុងកើតឡើងនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ លើពិភពលោក។

រដ្ឋឥណ្ឌាជាច្រើន ត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយរដ្ឋធានីញូវដេលី បានពង្រីកបញ្ហានេះកាលពីថ្ងៃអាទិត្យ ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លង ខណៈពេលដែលប្រទេសផ្សេងទៀតបានប្រកាសការរឹតត្បិតលើចលនាសាធារណៈ និងបិទរោងកុន ភោជនីយដ្ឋាន ហាងស្រា និងផ្សារទំនើប។

សម្ពាធកំពុងកើនឡើងនៅលើលោក Modi ដើម្បីឲ្យមានការប្រកាសអំពីការចាក់សោរនៅទូទាំងប្រទេស វាស្រដៀងនឹងសម្ពាធដែលបានធ្វើកាលពីមានរលកដំបូងនាឆ្នាំមុន។

ការគាំទ្របាននិងកំពុងហូរចេញពីជុំវិញពិភពលោក រួមមានស៊ីឡាំងអុកស៊ីសែន និងម៉ាស៊ីនផលិតអុកស៊ីសែន ព្រមទាំងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀតសម្រាប់មន្ទីរពេទ្យ ដែលកំពុងមានកង្វះខាត៕ ប្រភពពី៖ Reuters