វីវរហើយ! ប្រធានប្រព័ន្ធសូហ្វវែរក្រុមហ៊ុន Tesla និយាយថា លោក Elon Musk ណែនាំហួសពីការពិត ទាក់ទងនិងតៃកុងស្វ័យប្រវត្តិ

ប្រធានផ្នែកទន់ (Software) តៃកុងបើកបរស្វ័យប្រវត្តិក្រុមហ៊ុន Tesla បានសារភាពថា លោក Elon Musk កំពុងនិយាយលើសពីការពិតទាក់ទិននឹងបញ្ហាសុវត្ថិភាព តៃកុងបើកបរស្វ័យប្រវត្តិ ។

នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ គេហទំព័រ The Futurism បានចុះផ្សាយព័ត៌មានថា ប្រធានផ្នែកទន់ ប្រព័ន្ធបើកបរស្វ័យប្រវត្តិ របស់ក្រុមហ៊ុន Tesla បានសារភាពថា លោក Elon Musk និយាយបំផ្លើសការពិត ទាក់ទងនឹងសុវត្ថិភាព នៃតៃកុងបើកបរស្វ័យប្រវត្តិ។

ទាំងដែលការពិត ប្រព័ន្ធស្វ័យប្រវត្តិមិនអាចត្រូវបានអភិវឌ្ឍ ដល់កម្រិតគ្មានមនុស្សគ្រប់គ្រង់នៅនឹងចង្កូតរថយន្តនោះទេ ។ បច្ចុប្បន្នប្រព័ន្ធនេះនៅតែត្រូវការឱ្យមានមនុស្ស នៅអង្គុយត្រួតពិនិត្យចង្កូតយ៉ាងប្រុងប្រយ័ត្នដដែល ។

ប្រធានប្រព័ន្ធកម្មវិធីបើកបរស្វ័យប្រវត្ដិ នៅក្រុមហ៊ុន Tesla Motors បានបង្ហើបឲ្យដឹងតាមរយៈអនុស្សរណៈយានយន្ត របស់រដ្ឋកាលីហ្វ័រញ៉ាថា Elon Musk បាននិយាយបំផ្លើស ពីសមត្ថភាពនៃប្រព័ន្ធបើកបរស្វ័យភាពរថយន្ត Tesla ។

ចំពោះឯកសារដែលបញ្ជាក់ដោយច្បាប់ បានកត់ត្រាការឆ្លើយឆ្លងគ្នារវាងយានយន្តរបស់រដ្ឋកាលីហ្វ័រញ៉ា ជាមួយបុគ្គលិកក្រុមហ៊ុន Tesla រួមទាំងលោក Jay Moore ប្រធានប្រព័ន្ធសូហ្វវែរបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla

ដោយបញ្ជាក់ថា នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២១ លោក Jay Moore បានសារភាពចំពោះច្បាប់យានយន្តកាលីហ្វ័រញ៉ាថា Elon Musk បាននិយាយបំផ្លើសកាពិត ទាក់ទងនឹងសមត្ថភាពនៃការបើកបរស្វ័យប្រវត្តិ ។

ហើយលោក Elon Musk បានបង្ហោះសារមួយនៅលើ Twitter មិនស្របគ្នានឹងអង្គហេតុវិស្វកម្ម ។ រួមទាំងពេលនេះឯកសារប្រព័ន្ធបើកបរស្វ័យត របស់ក្រុមហ៊ុន Tesla គឺស្ថិតនៅកម្រិតលេខ ២ ដែលកម្រិត ២ គឺសំដៅទៅលើប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដែលនៅតែត្រូវការអ្នកបើកបរជាមនុស្ស គ្រប់គ្រងចង្កូតដដែល ។

ហើយសាររបស់លោក Elon Musk ដែលលោក Jay Moore បានលើកឡើងនោះ នៅសំដៅទៅលើការសន្ទនារបស់លោក Musk ចរចាជាមួយវិនិយោគិន Tesla នៅខែមករា ឆ្នាំ ២០២០ ដែលក្នុងអំឡុងពេលចរចាលោក Musk បាននិយាយថាគាត់ “មានទំនុកចិត្តខ្ពស់ថា រថយន្តនឹងអាចបើកបរដោយខ្លួនឯង ប្រកបដោយភាពជឿជាក់ខ្ពស់ ជាងមនុស្សនៅឆ្នាំនេះ”

ជាក់ស្តែង ចំពោះហេតុការណ៍កន្លងមក វាបានបង្ហាញថា ប្រព័ន្ធតៃកុងបើកបរស្វ័យប្រវត្តិរបស់ Tesla វានៅតែកើតមានបញ្ហាជាច្រើន សម្រាប់អ្នកបើកបរដូចជា ចាប់ពីការបំពានច្បាប់ចរាចរណ៍បានកើតឡើង រហូតទៅដល់មានគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

ចាប់តាំងពីហេតុការណ៍នៅខែតុលា ឆ្នាំ ២០២០ និងក្នុងខែមេសា ដែលមានបុរសពីរនាក់បានបាត់បង់ជីវិត នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បន្ទាប់ពីរថយន្ត Tesla  បើកបរធ្លាក់ផ្លូវ ឆ្ពោះទៅបុកដើមឈើ ។ វាក៏ផ្តើមចេញពីមូលហេតុ ដែលគ្មានមនុស្សនៅគ្រប់គ្រង់ចង្កូត ខណៈបណ្តោយឲ្យតៃកុងស្វ័យប្រវត្តិបើកបរនោះឯង ។

យ៉ាងណាមិញ បើទោះជាបច្ចុប្បន្ននេះ ពិភពលោកកំពុងលេចចេញ នូវបច្ចេកវិទ្យាថ្មី និងគួរឱ្យរំភើបជាច្រើនក៏ពិតមែន ប៉ុន្តែពួកវាក៏នាំមកនូវហានិភ័យដល់មនុស្សផងដែរ។  ជាពិសេសពពួកបច្ចេកវិទ្យា ដែលត្រូវបានគេណែនាំលើសពីការពិតនោះឯង ៕

ប្រភព៖ Futurism