ក្រុមគ្រួសារអូស្ត្រាលី ភ្ញាក់ផ្អើលខ្លាំង ក្រោយរកឃើញសំណកពស់ជាច្រើននៅលើពិដាន អ្នកជំនាញសន្និដ្ឋានថា ទីនោះមានប្រភពទាក់ទាញវា

ក្រុមគ្រួសារមួយ រសនៅក្នុងប្រទេសអូស្ត្រាលី ក្រុង Rocksberg រដ្ឋ Queensland បានរកឃើញសំណកពស់ជាង ៥០ បន្ទះ នៅលើពិដានផ្ទះរបស់ខ្លួន ក្រោយបានឮសម្លេងចម្លែកអស់រយៈជាច្រើនថ្ងៃកន្លងមក ។

នៅថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២១ ម្ចាស់ផ្ទះបានជូនដំណឹង ទៅកាន់ក្រុមអ្នកជួយសង្គ្រោះជំនាញខាងចាប់ពស់ឲ្យមកពិនិត្យមើលផ្ទាល់ ក្រោយពួកគេមានការសង្ស័យថា នៅក្នុងផ្ទះច្បាស់ជាមានសត្វពស់រស់នៅ ប៉ុន្តែពួកគេមិនទាន់បានឃើញផ្ទាល់ភ្នែកទេ ឃើញតែសំណកប៉ុណ្ណោះ ។

ក្រុមគ្រួសារខាងលើបាននិយាយថា នៅយប់ខ្លះពួកគេអាចឮសំលេង ដូចជាមានអ្វីមួយកំពុងធ្វើចលនា នៅលើពិដានក្នុងបន្ទប់ទទួលភ្ញៀវ ។ ដោយការភ័យខ្លាច ពួកគេមិនហ៊ានឡើងទៅមើលថាវាជាអ្វីទេ ពួកគេបានត្រឹមទាក់ទងក្រុមអ្នកចាប់ពស់ Sunshine Coast Snake Catchers 24/7 មកពិនិត្យ។

មិនខុសពីការគិតមែន អ្វីដែលក្រុមអ្នកជួយសង្គ្រោះបានរកឃើញ វាគឺជាសំណកពស់ប្រហែលជា ៣០ បន្ទៈនៅលើដំបូល ហើយពួកគេបានសន្និដ្ឋានថា វាប្រហែលជានៅមានយ៉ាងតិច ២០ បន្ទះទៀត ដែលមិនទាន់រកឃើញ ។

នេះបើយោងតាមអ្នកជំនាញ SCSC បានឲ្យដឹងថា សំណកសត្វពស់ដែលត្រូវបានរកឃើញនៅក្នុងផ្ទះនោះ វាអាចជាប្រភេទសត្វពស់ Tree Snake វាមិនមានពិសទេ ។

ហើយក្រុមអ្នកជំនាញបាននិយាយបន្ថែមថា ការរកឃើញហាក់នេះមិនប្រក្រតីទេ “សត្វពស់ទាំងនេះ រស់នៅក្នុងលើដំបូលពិដាន ព្រោះទីនោះមានប្រភពចំណីអាហាររបស់វា ដូចជាសត្វកណ្តុរ ជាដើម” ៕

ប្រភព : dailymail, unilad