ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ អ្នកក្លាហាន “សាម៉ូរ៉ៃស្បែកខ្មៅ” តែមួយគត់ដែលត្រូវបានកត់ត្រា នៅក្នុងប្រវត្តិសាស្ត្រជប៉ុន

នៅពេលនិយាយអំពី “ដាវសាម៉ូរ៉ៃ” ជឿថាមិត្តអ្នកអានជាច្រើន ប្រហែលជាស្គាល់យ៉ាងច្បាស់ជាក់ជាមិនខាន ។

ជាការពិតណាស់ នៅក្នុងការស្រមើស្រមៃរបស់យើង “សាមូរ៉ៃ” គឺនឹងជារូបភាពបុរសជនជាតិជប៉ុនម្នាក់ ដែលពាក់ឈុតការពារ កាន់ដាវយ៉ាងវែងមួយ ហើយក្រវ៉ាត់ទៅមកដើម្បីវាយប្រហារលើដៃគូបដិបក្ខរបស់ខ្លួន។

ប៉ុន្តែតើបងប្អូនដឹងទេ? នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនជប៉ុន ក៏មានរឿងមួយហៅថា “សាម៉ូរ៉ៃស្បែកខ្មៅ” ផងដែរ។

តើនរណាគឺជាសាម៉ូរ៉ៃស្បែកខ្មៅ?

ជាធម្មតាអ្នកក្លាហានសាមូរ៉ៃ មានវប្បធម៌ផ្ទាល់ខ្លួន ហើយការក្លាយជាវីរៈបុរសសាម៉ូរ៉ៃ វាមិនមែនជារឿងងាយស្រួលទេ។ ដោយសារតែយោងទៅតាមជំនឿថា ឲ្យតែនរណានឹងក្លាយជាសាមូរ៉ៃ នឹងមានដុងតាំងពីកំណើត នោះគឺច្បាស់ជាមានខ្សែស្រឡាយសាមូរ៉ៃពីមុនមក។

ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រជប៉ុន មានរឿងរ៉ាវជាច្រើន បានកត់ត្រាអំពីមនុស្សមួយចំនួនដែលជាសាមូរ៉ៃ ប៉ុន្តែរូបគេបែរជាមិនមែន ចេញមកពីក្រុមគ្រួសារសាមូរ៉ៃទៅវិញ។ វាអាចបណ្តាលមកពីការតែងតាំងដោយផ្ទាល់ពីព្រះចៅអធិរាជ ឬស៊ូហ្គុនផ្ទាល់តែម្តង ។

ហើយបុរសស្បែកខ្មៅរូបនេះផ្ទាល់ ដែលមានឈ្មោះថាជាវីរៈបុរសសាមូរ៉ៃស្បែកខ្មៅដំបូង និងតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រជប៉ុន គាត់មានឈ្មោះលោក Yasuke (ដំបូងឡើយមិនមែនឈ្មោះនេះទេ) ។

រូបពី Netflix

លោក Yasuke ដើមឡើយជាទាសករម៉ូហ្សំប៊ិក (Mozambique) ដែលបានបម្រើការងារឲ្យបូជាចារ្យរ៉ូម៉ាំងកាតូលិកម្នាក់ មានឈ្មោះថា ឪ Alessandro Valignano ចូលមកផ្សព្វផ្សាយសាសនានៅ ប្រទេសជប៉ុន ក្នុងឆ្នាំ ១៥៧៩ ។

នៅពេលនោះវាត្រូវបានគេចាត់ថា ជារឿងចម្លែកខ្លាំងណាស់ សម្រាប់បុរសស្បែកខ្មៅម្នាក់ ដែលបានទៅលេងដែនដីព្រះអាទិត្យរះមួយនេះ ដោយសារតែមិនថា ពួកគេដើរនៅទីណា ក៏នឹងធ្វើឲ្យមនុស្សម្នាភិតភ័យ ពីព្រោះកំលាំង និងកម្ពស់នៃរាងកាយ ដែលកម្ពស់របស់គាត់ត្រូវបានគេកត់ត្រាថា លើសពី ២ ម៉ែត្រ ។

ហើយគ្រប់ទីកន្លែង នៃបេសកកម្មផ្សាយសាសនា របស់លោកឪ Valignano ឬធ្វើដំណើរទៅណាមកណា គាត់ក៏នឹងយក Yasuke ទៅជាមួយដែរ។ ម្ល៉ោះហើយ វាធ្វើឲ្យមនុស្សទាំងអស់មើលឃើញថា គាត់គឺជា “យក្សខ្មៅ” ។

លុះប៉ុន្មានឆ្នាំក្រោយមក ពាក្យចចាមអារាមបានលេចឮ ដល់នាយឧត្តមសេនីយ៍ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រជប៉ុន លោក Oda Nobunaga ហើយបានអញ្ជើញលោកឪ Valignano និងយក្សខ្មៅមកជួបគ្នានៅឆ្នាំ ១៥៨១ ។

រូបគំនូរ Oda Nobunaga

ការជួបជុំនៅគ្រានោះ វាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ Nobunaga គាត់ស្ទើរតែមិនជឿថា នឹងមានមនុស្សខ្ពស់ និងមានស្បែកខ្មៅដល់ម្លឹងទេ ។ នៅក្នុងកំណត់ចំណាំមួយចំនួនវាត្រូវបានសរសេរថា កម្លាំងរបស់ Yasuke គឺមានច្រើនណាស់ បើធៀបជាមួយថាមពលនៃមនុស្សធម្មតា គាត់មានរហូតដល់ទៅ ១០ ដងឯណោះ បើធៀបនឹងមនុស្សធម្មតា ។

ជាក់ស្តែង Yasuke មិនមែនជា ទាសករដែលប្រើតែកម្លាំងពលកម្មនោះទេ មុននេះគាត់បានធ្វើដំណើរជាមួយពួកសង្ឃទៅតំបន់ផ្សេងៗ នៅសង្កាត់នេះពីមុនមកដែរ ។ ហើយក្រោយពីរស់នៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ២ ឆ្នាំមក គាត់ក៏មានសមត្ថភាពជាក់លាក់ ក្នុងការនិយាយភាសាជប៉ុន។

តែទោះយ៉ាងណា Nobunaga មិនជឿថា ពណ៌នៃស្បែករបស់ Yasuke គឺជាពណ៌ស្បែកមកពីធម្មជាតិទេ លោកបានបញ្ជាឱ្យអ្នកបម្រើដោះសម្លៀកបំពាក់ Yasuke ទាំងអស់ចេញ បន្ទាប់មកឲ្យពួកគេប្រើទឹក និងក្រណាត់ដុសលើខ្លួនគាត់ ដើម្បីបញ្ជាក់ថា ស្បែកខ្មៅនេះមិនមែនបានមកពីការលាបពណ៌ទេ។

ដោយមានចិត្តស្រឡាញ់ ចូលចិត្តយ៉ាងខ្លាំងចំពោះទាសកររូបនេះ Nobunaga បានប្រកាសឱ្យបុរសស្បែកខ្មៅ ក្លាយជាមនុស្សរបស់គាត់ ហើយបានផ្តល់រង្វាន់ជាដាវកាតាណា ដ៏វែងមួយដើមទៀត។  ហើយបានដាក់ឈ្មោះឱ្យគាត់ថា “Yasuke” (ដើមឡើយ គាត់មិនមែនឈ្មោះបែបនេះទេ) ជាភាសាជប៉ុន ហើយវាបានក្លាយជាឈ្មោះរបស់គាត់តាំងពីពេលនោះមក។

លោក Yasuke បានក្លាយជាមនុស្ស​ជំនិតរបស់ Nobunaga ភ្លាមៗនោះគាត់ត្រូវបានគេដោះលែងឲ្យមានសេរីភាព មិនចាំបាច់ធ្វើការជាទាសករទៀតទេ ប៉ុន្តែតាមពិតគាត់នៅតែជាអ្នកបម្រើដដែល គ្រាន់តែពេលនេះគាត់អាចអង្គុយ និងញ៉ាំអាហារនៅលើតុបានដូចមនុស្សដទៃទៀត និងទទួលបានប្រាក់ឈ្នួលពីការងារជាដើម ។

ពេលខ្លះគាត់ថែមទាំងបានអង្គុយបរិភោគអាហារ ជាមួយ Nobunaga ទៀតផង។ ជាការពិតណាស់ វាជាអ្វីដែលមិនដែលកើតឡើង នៅពេលដែលគាត់នៅជាមួយពួកបូជាចារ្យ។

តែទោះយ៉ាងណា ការលះបង់ខ្លួនបម្រើ Nobunaga សម្រាប់ក្តីសុបិន្តដែលកាន់កាប់ និងបង្រួបបង្រួមប្រទេសជប៉ុន មិនមានរយៈពេលយូរទេ ។ ហើយកាតព្វកិច្ចរបស់គាត់ត្រូវបានបញ្ចប់ ដោយសារមេបញ្ជាការដ៏ឆ្នើមម្នាក់ឈ្មោះ Akechi Mitsuhide បានសម្រេចចិត្តលួចក្បត់ម្ចាស់របស់ខ្លួន។

Akechi បានដឹកនាំកងកំលាំង ដែល Nobunaga ប្រគល់ឲ្យ ទៅឡោមព័ទ្ធប្រាសាទ Oda ។ ម្លោះហើយនៅពេលមានជម្លោះនោះ វាមាននៅសេសសល់ឆ្មាំតែពីរបីនាក់ប៉ុណ្ណោះ ដែលនៅចាំការពារ Nobunaga ។ ទីបំផុតគាត់ក៏សម្រេចចុះចាញ់ និងសុខចិត្តចាក់ពោះខ្លួនឯង តាមប្រពៃណីសាមូរ៉ៃ សម្រាប់ការចាកចេញប្រកបដោយកិត្តិយស ។

ចំណែក Yasuke បានរត់គេចខ្លួនទាន់ពេលវេលា គាត់បានចូលរួមជាមួយកូនប្រុសរបស់ Nobunaga គឺ Oda Nobutada ហើយបានចូលរួមក្នុងការប្រយុទ្ធជួយកូនប្រុស របស់បុព្វបុរសដើម្បីការពារប្រាសាទ ពីកំលាំងរបស់មេបញ្ជាការ Akechi។

ប៉ុន្តែនៅទីបំផុត Nobutada ត្រូវបានចាប់ខ្លួន និងជ្រើសរើសវិធីចាក់ពោះដូចឪពុករបស់គាត់ដែរ ដើម្បីរក្សាកិត្តិយសគ្រួសារ។  ជាការពិតណាស់ Yasuke ក៏បានជ្រើសរើសធ្វើដូច្នេះដែរ។

រូបភាព Netflix

ប៉ុន្តែការចាក់ពោះតាមប្រពៃណី “សាម៉ូរ៉ៃ” មេបញ្ជាការ Akechi មិនបានយល់ស្របថា Yasuke ជាអ្នកកាន់សាមូរ៉ៃពិតប្រាកដទេ ដូច្នេះគាត់ បានបញ្ជូន Yasuke ទៅព្រះវិហារបូជាចារ្យកាតូលិកនៅក្យូតូវិញ។

ទីនោះហើយ គឺជាកន្លែងដែលវត្តមាន Yasuke បានបាត់យ៉ាងអាថ៌កំបាំង ហើយរឿងរ៉ាវសាមូរ៉ៃអាហ្រ្វិក ដែលបានកើតឡើងបន្ទាប់ពីនោះ ក៏មិនត្រូវបានគេដឹងទៀតឡើយ ។

ហើយនេះគឺជារឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រ ប្រសិនបើប្រិយមិត្តចង់ឃើញស្នាដៃដែលជាភាពយន្ត ក៏អាចស្វែងរកមើលបាននៅលើវេទិកា Netflix ព្រោះវា ក៏ត្រូវបានគេនាំយកទៅផលិត ជាខ្សែភាពយន្តដែរ ៕

ប្រភព : knowledgenuts, wikipedia