មិនធម្មតាទេ! នារីម្នាក់បើករថយន្ត Mercedes មួយគ្រឿងបើកបុកបង្កាន់ដៃដែករួចទើរលើរបងកម្ពស់ ៦ ម៉ែត្រ (មានវីដេអូ)

196

សិង្ហបុរី៖ កាលពីព្រឹកថ្ងៃពុធ ទី ២៨ ខែមេសាមនុស្សបីនាក់ជិះរថយន្តម៉ាក Mercedes ពណ៌ក្រហម​មិនរងរបួសទេ ខណៈរថយន្តរបស់ទើរលើរបងកម្ពស់ ៦ ម៉ែត្រលើផ្លូវ Clementi។ អ្នកបើកបរបានប្រាប់កាសែត The Straits Times ថា នាងបានធ្វើដំណើរចេញពីហាងផ្កា Corona Florist and Nursery នៅម៉ោងប្រហែល ១០:២០ ព្រឹក។

នាងបានបន្ថែមថា នាងបាត់បង់ការគ្រប់គ្រងលើរថយន្តរបស់នាង ហើយបានរេចង្កូតចេញពីផ្លូវ រួចទៅបុកបង្កាន់ដៃដែក។ នាងបានឈប់រថយន្តរួមជាមួយអ្នករួមដំណើរពីរនាក់ផ្សេងទៀត។ ចំណែកឯរថយន្តបានទើរនៅរបងផ្លូវធំកម្ពស់ប្រហែល​ ៦ ម៉ែត្រ។ បើតាមសារព័ត៌មាន Shin Min Daily News បានរាយការណ៍ថា សំណាងល្អក្រុមបុគ្គលិកដែលធ្វើការនៅសាលាមត្តេយ្យបានប្រញាប់ប្រញាល់ជួយដល់អ្នកទាំងបីដែលជាប់នៅក្នុងរថយន្ត។

ក្រុមបុគ្គលិកនៅសាលាមត្តេយ្យបួននាក់បានប្រញាប់ប្រញាល់ទៅយកស្បែកជើងកែងរបស់ពួកនាងមកកល់កង់រថយន្ត ដើម្បីការពារមិនឱ្យវាធ្លាក់ពីរបងដ៏ខ្ពស់នោះ។ ក្រោយមកពួកគេបានបើកទ្វារជួយពួកនាងឱ្យចេញមកក្រៅដោយប្រុងប្រយ័ត្ន។ អ្នកបើកបរបានប្រាប់សារព័ត៌មាន Chinese Daily ថានាងសង្ស័យថាហ្វ្រាំងរថយន្តរបស់នាងមានបញ្ហា។ នាងបានព្យាយាមយករថយន្តទៅរកសេវាកម្មជួសជុល។

បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ប៉ូលិសបានព័ទ្ធខ្សែចំណែកឯរថយន្តត្រូវបានទុកចោលនៅនៅទីនោះនៅម៉ោងប្រហែល ១ រសៀល។ ប៉ូលិសបាននិយាយថា មិនមានរបាយការណ៍ណាមួយស្តីពីចំនួនអ្នករងរបួសទេ ហើយការស៊ើបអង្កេតកំពុងបន្តទៅតាមនិតិវិធី៕ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រសារព័ត៌មាន AsiaOne