នារីកម្ម៉ងទិញនំសូកូឡា និងកាហ្វេពីហាងល្បីឈ្មោះមួយនៅថៃ ជួបធ្មេញទាំងមូលនៅក្នុងនំ ខាងហាងបែរជាសងជំងឺចិត្តមិនសមហេតុផល

ថៃ៖ កាហ្វេ និងនំដុត ជាអាហារដែលពេញនិយម សម្រាប់មនុស្សជាច្រើន សុទ្ធសឹងតែមិនអាចរំលងបាន ។

ទន្ទឹមនឹងនោះ ក៏មានរឿងមួយទាក់ទងនឹងរឿងនំ ដែលត្រូវបាននាំយកមកផ្សព្វផ្សាយដោយស្រ្តីឈ្មោះ Suwathna Chawla តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា នាងបានបញ្ជាការទិញនំ និងកាហ្វេ តាមរយៈសេវាដឹកជញ្ជូនពីហាងកាហ្វេដ៏ល្បីមួយមកញ៉ាំ ។

ដំបូងឡើយគ្រប់យ៉ាង គឺនៅធម្មតាស្ទើរទាំងអស់ លើកលែងតែផ្នែកមួយនៃនំសូកូឡា ព្រោះថា លើកនេះវាមិនប្រក្រតីដូចរាល់ដងទេ ។

នាងបានរកឃើញអ្វីមួយដែលមើលទៅដូចជា “ធ្មេញ” នៅក្នុងអាហារសម្រន់ ភ្លាមៗនោះនាងក៏ឈប់បរិភោគ ហើយក៏ធ្វើការថតរូប។

បន្ទាប់ពីនោះ នាងក៏បានបង្ហោះរូបថតទាំងនោះនៅលើគណនី IG រៀបរាប់ពីបញ្ហាដែលខ្លួនបានជួប ក្រោយមកខាងក្រុមហ៊ុនខាងលើបានទាក់ទងដើម្បីបង្ហាញពីការទទួលខុសត្រូវ ។

តែទោះយ៉ាងណា អ្វីដែលក្រុមហ៊ុនផ្តល់ជូនគឺការសងប្រាក់វិញចំនួនជាង ២,៥ ដុល្លារ បូករួមទាំងការថែមភេសជ្ជៈឥតគិតថ្លៃមួយកែវទៀត ជាការលួងចិត្ត ហេតុនេះនារីខាងលើបានយល់ឃើញថា វាជាទំនួលខុសត្រូវមិនសមរម្យមួយ ។

“ខាង Starbucks Thailand បានទាក់ទងត្រឡប់មកវិញ ហើយបាននិយាយថា នឹងសងប្រាក់ចំនួន ៨៥ បាត (ប្រហែល ២,៥ ដុល្លារ) បូករួមទាំងការថែម ភេសជ្ជៈឥតគិតថ្លៃមួយកែវ ។ សាកគិតមើល បើសិនជាខ្ញុំបរិភោគវាចូលពោះ វានិងមានអ្វីកើតឡើង? តើនេះជាអ្វីដែលសាកសមនឹងទទួលខុសត្រូវហើយមែនទេ?” ។

សព្វថ្ងៃនេះការបង្ហោះខាងលើ ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស វាត្រូវបានគេចូលចិត្តជាង ៥០០០ ដង និងការចែករំលែកជិត ១០០០០ ដង។

ជាក់ស្តែងនៅក្នុងពិភពបណ្តាញសង្គម សុទ្ធតែយល់ស្របព្រមគ្នាថា វាជារឿងមួយដែលមិនអាចទទួលយកបានទេ ដែលមានបំណែកដូចនេះដោយមកតាមអាហារ វាមិនមែនគ្រាន់តែជាប្រភាគតូច ដូចជាសក់ រឺរោមទេ តែវាជាធ្មេញទាំងមូល។

សំខាន់ជាងនេះទៅទៀត មនុស្សជាច្រើនគិតថា ការទទួលខុសត្រូវរបស់ក្រុមហ៊ុនហាក់ដូចជាមិនសមទេ ម្នាក់ៗសុទ្ធតែយល់ស្របដូចជាម្ចាស់ Post ទាំងអស់ ។

បន្ទាប់ពីនេះ មានតែរង់ចាំតាមដានមើល តើក្រុមហ៊ុនខាងលើនឹងចេញមុខបកស្រាយយ៉ាងដូចម្តេច?  ឬមានវិធានការដើម្បីធ្វើតាមឬអត់?

ប្រភព៖ Facebook, IG