ស្ត្រីជនជាតិចិនក្តៅចិត្ត ច្រឡោតឆោឡោ ក្រោយឆ្លងទន្លេរួចទាំងការឈឺចាប់ម្នាក់ឯង ដោយសារប្តី និងម្តាយក្មេកអាត្មានិយមដល់ម្លឹងពេក

1015

ស្ត្រីជនជាតិចិនក្តៅចិត្ត ត្រូវបានម្តាយក្មេក និងប្តីរបស់នាងហាមឃាត់មិនឲ្យធ្វើ Spinal block (ចាក់ថ្នាំស្ពឹក មិនឲ្យឈឺចាប់អំឡុងពេលឆ្លងទន្លេ) ស្រាប់តែភ្លាមៗក្រោយពេលសម្រាលកូនរួច នាងក៏ដើរចេញមក ហើយដោះស្បែកជើងគប់ក្បាលប្តី រហូតមានពេទ្យ ២-៣ នាក់ចាប់សឹងមិនឈ្នះ ។

ពីពិភពបណ្តាញសង្គមចិន បានចែករំលែកឃ្លីបវីដេអូរបស់ស្ត្រីម្នាក់ ជាមួយនឹងការបញ្ចេញមតិយ៉ាងក្តៅគគុក ខណៈដែលនាងបានលើកម្រាមដៃចង្អុល ហើយស្រែកយ៉ាងខ្លាំងដាក់ប្តីរបស់នាង។ បន្ទាប់មកនាងក៏ព្យាយាមដោះស្បែកជើងទៅគប់ក្បាលប្តី ដែលសូម្បីគិលានុប្បដ្ឋាយិកា ៣ នាក់ក៏ចាប់នាងមិនឈ្នះដែរ។

ក្រោយពីហេតុការណ៍ស្ងប់បន្តិចទើបដឹងរឿងថា ស្ត្រីវ័យក្មេងម្នាក់នេះគឺជាម្តាយដែលទើបតែឆ្លងទន្លេ មុនពេលនាងឈឺពោះខ្លាំង ប៉ុន្តែម្តាយក្មេករបស់នាង មិនយល់ព្រមឲ្យពេទ្យធ្វើ Spinal block (ប្រើថ្នាំសន្លប់ត្រូវបានចាក់បញ្ចូល ដើម្បីបំបាត់ការឈឺចាប់ក្នុងពេលឆ្លងទន្លេ) ព្រោះខ្លាចថា វានឹងអាចបង្កផលអន្តរាយដល់ចៅ បណ្តាលឱ្យទារកកើតមកមានសុខភាពមិនល្អ និងប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ ដែលសូម្បីប្តីរបស់នារីខាងលើក៏ព្រមស្តាប់បង្គាប់ម្តាយ បណ្តោយឲ្យប្រពន្ធឆ្លងទន្លេទាំងការឈឺចាប់ ។

សំណាងល្អដែលទារកកើតមកមានសុខភាពល្អ។ បន្ទាប់ពីការវះកាត់ត្រូវបានបញ្ចប់ នារីរូបនោះក៏ស្ទុះចេញមករហូតភ្លេចពីការឈឺចាប់ខាងរាងកាយទាំងអស់ ដោយសារនាងឈឺចិត្តខ្លាំងជាង។ នារីខាងលើបានដើរចូលហើយចង្អុលមុខប្តី បន្ទាប់មកនាងក៏ដោះស្បែកជើងមកគប់ក្បាលប្តីរបស់នាងទាំងកំហឹង នៅចុងបញ្ចប់ ក៏មានគិលានុបដ្ឋាយិកា ៣ នាក់ត្រូវជួយគ្នាចាប់នារីរូបនោះ ហើយនាំនាងត្រឡប់ទៅគ្រែវិញ ។

អ្នកនិយមលេងអ៊ីនធឺណេត ដែលបានឃើញឃ្លីបនេះ បានបង្ហាញការអាណិតអាសូរចំពោះនារីខាងលើយ៉ាងខ្លាំង ព្រោះការសម្រាលកូនពិតជាឈឺចាប់ខ្លាំងណាស់ ហើយការធ្វើ Spinal block វាក៏មិនមែនជារឿងខុសអ្វីដែរ ផ្ទុយទៅវិញវាអាចបំបាត់ការឈឺចាប់សម្រាប់ស្ត្រីជាម្តាយបាន ។ ទន្ទឹមនឹងនោះពួកគេក៏បានស្តីបន្ទោសទាំងម្តាយក្មេក និងប្តី ដែលជាមនុស្សអាត្មានិយម ទុកឱ្យនារីរូបនោះរងទុក្ខវេទនាយ៉ាងខ្លាំង ៕

ប្រភព៖ new.qq.com