អាណិតណាស់! ពលករខ្មែរ ២ នាក់ ទៅធ្វើការនៅថៃ ត្រូវបានរន្ទះបាញ់អាការៈធ្ងន់ធ្ងរ ស្របពេលដែលមន្ទីរពេទ្យ ពេញទៅដោយអ្នកជំងឺកូវីដ-១៩

ថៃ៖ កើតហេតុព្យុះរដូវក្តៅមួយនៅ ស្រុកសៀងសាង ខេត្តនគររាជសីមា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ បង្កជារន្ទះបាញ់កម្មករដាំដំឡូងមី នៅចម្ការដំឡូងមី ក្នុងនោះមានមនុស្សពីរនាក់បានរងរបួស ម្នាក់មានឈ្មោះ ប៊ី រតនា អាយុ ១៩ ឆ្នាំ ភេទស្រី ម្នាក់ទៀតមានឈ្មោះ ប៉ី ហៀង អាយុ ៤៦ ឆ្នាំ ភេទស្រី ជាកម្មករខ្មែរទៅធ្វើការនៅប្រទេសថៃ។

អ្នកភូមិម្នាក់ដែលជាអ្នកដឹកជនរងគ្រោះពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលនោះគាត់កំពុងអង្គុយនៅឯផ្ទះប្រហែលជាម៉ោង ៣ រសៀល គាត់ក៏បានឮសម្លេងផ្គរលាន់យ៉ាងខ្លាំង ព្រោះក្នុងកំឡុងពេលនោះមានផ្គររន្ទះខ្លាំង តែគាត់មិនគិតថា នឹងមានអ្វីកើតឡើងទេ។  លុះរហូតមានពលករជនជាតិខ្មែរម្នាក់ បានបើកឡានចូលមកប្រាប់គាត់ថា មានមនុស្សត្រូវរន្ទះបាញ់ សូមយកគាត់ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ឮដូច្នេះគាត់ក៏ប្រញាប់បើកឡានទៅចំការដំឡូងមី ហើយដឹកជនរងគ្រោះចេញមកបញ្ជូនបន្តទៅឲ្យរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។

ចុងក្រោយ នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ អាការៈជនរងគ្រោះបានផុតពីគ្រោះថ្នាក់ហើយ ដែលពួកគេទាំង ២ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ ។ ប៉ុនែ្តអ្នកយកព័ត៌មានមិនអាចចូលទៅជួប សុំសម្ភាសបានទេ ព្រោះស្ថានភាពនៅក្នុងមន្ទីរពេទ្យនាពេលនេះ កំពុងតែវីវក់ជាមួយអ្នកជំងឺកូវីដ-១៩ ម្ល៉ោះហើយខាងមន្ទីរពេទ្យមិនអនុញ្ញាតឲ្យអ្នកក្រៅ ឬសូម្បីសាច់ញាតិចូលសួរសុខទុក្ខអ្នកជំងឺទេ ៕