Gamer បង្ហោះវិធី សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកុំឲ្យឯកោ ត្រូវគេរិះគន់ក៏ចេញមកបកស្រាយវិញថា ខ្លួនបានធ្វើរឿងមានប្រយោជន៍ទាំងនេះ

ថៃ៖ ក្រោយពីមានអ្នកលេងហ្គេម (Gamer) ដែលជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ បានបង្ហោះឃ្លីបវីដេអូបើកកុំព្យូទ័រលេងហ្គេមយ៉ាងជក់ចិត្តនៅក្នុងបណ្តាញសង្គម TikTok មក ក៏ស្រាប់តែមាន អ្នកនិយមលេងអ៊ីនធឺណិតចេញមករិះគន់យ៉ាងចាស់ដៃ តែក្រោយមក Gamer រូបនោះក៏ចេញមកបកស្រាយវិញយ៉ាងច្បាស់ៗទាក់ទងនិងបញ្ហានេះ ។

ក្នុងករណីអ្នកប្រើប្រាស់ TikTok ម្នាក់បានបង្ហោះឃ្លីបវីដេអូ ពីការឃុំខ្លួននៅមន្ទីរពេទ្យ នាខេត្តឈៀងម៉ៃ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ។ វីដេអូបានបង្ហាញពីសកម្មភាពអ្នកលេងហ្គេម កំពុងលេងហ្គេមយ៉ាងមានសេចក្តីសុខ ជាមួយសារចំណងជើងថា  “របៀបឃុំខ្លួនយ៉ាងណា មិនឲ្យឯកកោ” ស្រាប់តែឃ្លីបនេះ ក៏មានអ្នកចូលមើលច្រើនជាង ៣,៦ លានដង ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលព្យាបាល គ្រូពេទ្យបានអនុញ្ញាតិឲ្យអ្នកជំងឺអាចនាំយក ឧបករណ៍ទំនាក់ទំនង ឬកុំព្យូទ័រចូលបាន ។

ក្រោយពីឃ្លីបខាងលើត្រូវបានផ្សព្វផ្សាយ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ឃើញថា មានមហាជនជាច្រើនក៏បានបញ្ចេញមតិផ្សេងៗពីគ្នា ក្នុងនោះមានមតិមួយបានលើកឡើងថា “ចូលព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីពេទ្យពិតជាស្រួលណាស់ មិនចាំបាច់ខំរកស៊ីឲ្យហត់នឿយដូចអ្នកខាងក្រៅទេ”

ក្នុងនោះក៏មានមតិមួយទៀតបានលើកឡើងដែរថា “ហេតុអ្វីបានមិននាំគ្នាធ្វើខ្លួនឲ្យមានប្រយោជន៍ខ្លះទៅ? តើថ្លៃទឹក ថ្លៃភ្លើងនរណាជាអ្នកបង់? ធ្វើខ្លួនដូចជាទៅលំហែកាយ”

បន្ទាប់ពីទទួលបានពាក្យដៀមដាមបែបនេះ ខាង Gamer ខាងលើក៏ចេញមកបង្ហោះឃ្លីបវីដេអូផ្គុំគ្រែ ភ្ជាប់ជាមួយការបកស្រាយថា “តាមពិតពួកគេលេងហ្គេមតែពេលទំនេរមួយភ្លែតៗទេ ព្រោះថា អំឡុងពេលសម្រាកព្យាបាលពួកគេមិនបានគេងសម្រាកឥតប្រយោជន៍ទេ អ្នកជំងឺទាំងអស់តែងតែជួយគ្នាផ្គុំគ្រែសម្រាប់អ្នកជំងឺ ពីក្រដាសឡាំង ដើម្បីត្រៀមទុកឲ្យអ្នកជំងឺផ្សេងៗដែលនឹងចូលមកក្រោយទៀត ដូច្នេះពួកគេមិនបានយកពេលវេលាទាំងស្រុងទៅលេងហ្គេមទេ” ៕

ប្រភព៖ Khaosod, TikTok