ស្ត្រីក្រចកវែងបំផុត នៅលើពិភពលោក បំបែកកំណត់ត្រាថ្មីមុនពេល “កាត់ក្រចក” ក្រោយរក្សាមកជិត 30 ឆ្នាំ

ស្ត្រីជនជាតិអាមេរិកត្រូវបានកត់ត្រាដោយ Guinness World Records ថា ជាស្ត្រីដែលមានក្រចកវែងជាងគេបំផុតនៅលើពិភពលោក តែពេលនេះនាងបានសំរេចចិត្តកាត់ក្រចករបស់នាងហើយ បន្ទាប់ពីនាងបានរក្សាវាទុកអស់រយៈពេលជាង ២៨ ឆ្នាំ ។

Ayanna Williams មកពី Houston  សហរដ្ឋអាមេរិក ដែលត្រូវបានកត់ត្រាដោយ Guinness World Records ជាស្ត្រីដែលមានក្រចកវែងជាងគេបំផុតនៅលើពិភពលោក។ បានសំរេចចិត្តកាត់ក្រចករបស់នាងចេញ បន្ទាប់ពីនាងបានរក្សាវាទុកអស់រយៈពេលជាង ២៨ ឆ្នាំ ដោយនាងបានសុំជំនួយពីវេជ្ជបណ្ឌិត Allison ពីរដ្ឋ Texas ដើម្បីកាត់វាចេញ តាមការប្រើប្រាស់ឧបករណ៍កាត់អគ្គិសនី ។

លុះនៅពេលវាស់ប្រវែងក្រចកជាលើកចុងក្រោយ មុនពេលកាត់ក្រចក គេបានរកឃើញថា នាងអាចបំបែកឯតទគ្គកម្មចាស់របស់ខ្លួនក្នុងប្រវែង ៧៣៣.៥៥ សង្ទីម៉ែត្រ ពីការវាស់ចុងក្រោយកាលពីឆ្នាំ ២០១៧ នៅពេលនោះ ក្រចករបស់នាងមានប្រវែងត្រឹមតែ ៥៧៦,៤ សង្ទីម៉ែត្រ ។ ក្រោយពីកាត់ក្រចកនាងបាននិយាយថា នាងប្រហែលជាអាចត្រលប់មកទុកក្រចកឲ្យវែងម្តងទៀតក៏ថាបាន ។

Ayanna បាននិយាយថា នាងបានកាត់ក្រចកចុងក្រោយនៅដើមទសវត្សទី ៩០ ថែមទាំងបានបញ្ជាក់ថា នាងមានការសោកស្តាយខ្លាំងណាស់ សម្រាប់ការការក្រចកលើកនេះ ។

ជាការពិតណាស់ កាលដែលមានក្រចកវែងដូច្នេះ វាពិតជាធ្វើឱ្យនាងប្រឈមមុខនឹងការលំបាកជាច្រើនក្នុងជីវិតប្រចាំ នាងមិនអាចធ្វើសកម្មភាពមួយចំនួនបានទេ ដូចជាលាងចាន ឬដាក់កម្រាលពូក ។ ហើយថ្ងៃខ្លះនាងត្រូវចំណាយពេលជាង ២០ ម៉ោង និងពណ៌លាបក្រចកចំនួន ២ ដប ដើម្បីលាបក្រចក ។ ទន្ទឹមនឹងនោះ ការដែលនាងមានក្រចកវែង វាក៏ធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនផងដែរ ។

ដោយឡែក ក្រចករបស់នាងដែលត្រូវបានកាត់ចេញ នឹងមិនត្រូវបានគេបោះចោលដូចរបស់ធម្មតាទេ ប៉ុន្តែក្រចករបស់នាងនឹងត្រូវបានរក្សាទុក និងបង្ហាញនៅឯ Ripley’s Believe It or Not ដែលជាសារមន្ទីរនៅ Orlando រដ្ឋផ្លរីដា ជំនួសវិញ ៕

ប្រភព : guinnessworldrecords