
ជាការពិតណាស់ នៅពេលស្ត្រីមានផ្ទៃពោះ ជឿជាក់ថា ស្ទើរតែ ៩៩% នឹងដឹងខ្លួនឯងច្បាស់ មិនថាយូរឬឆាប់ទេ ព្រោះដោយសារតែវានឹងមានភាពមិនប្រក្រតីជាច្រើន បានកើតឡើងជាមួយរាងកាយ អ្វីដែលច្បាស់បំផុតនោះគឺក្បាលពោះនឹងលូតលាស់ទៅតាមទំហំរបស់ទារកក្នុងពោះ។
ប៉ុន្តែតើប្រិយមិត្តជឿទេថា មានស្រ្តីម្នាក់បានលើកឡើងថា នាងមិនបានដឹងថាខ្លួនមានផ្ទៃពោះទេ រហូតទាល់តែថ្ងៃដែលទារកចាប់កំណើតនៅក្នុងបន្ទប់ទឹកតែម្តង ដំបូងឡើយនាងថែមទាំងគិតថា វាជាលាមកយក្សទៀតផង ។
នេះជារឿងរ៉ាវរបស់ Melissa Surgecoff ជាស្ត្រីជនជាតិអាមេរិកាំង រស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃទី ៨ ខែមីនាថា នាងមានអាការៈឈឺពោះ និងរមួលក្រពើយ៉ាងធ្ងន់ធ្ងរខណៈពេលនៅឯផ្ទះ ។
Donnie Campbell គូដណ្តឹងរបស់នាង ក្រោយពីឃើញ Melissa មានអាការៈធ្ងន់ធ្ងរខ្លាំងពេក ដូច្នេះលោកក៏សម្រេចចិត្តទូរស័ព្ទទៅលេខ ៩១១ ដើម្បីហៅប៉ូលីស ព្រោះរូបគេគិតថា Melissa ប្រហែលជា មានគ្រួសនៅក្នុងតំរងនោម។
បន្ទាប់ពីនោះ នាងបានអង្គុយនៅក្នុងបន្ទប់ទឹកដើម្បីសម្រួលដង្ហើម ប៉ុន្តែនាងមានការឈឺចាប់ខ្លាំងរហូតដល់ថ្នាក់ស្រែកចេញមកក្រៅ។ ស្រាប់តែនាងមានអារម្មណ៍ថា ដូចជាមានដុំអ្វីមួយធ្លាក់ចេញពីក្នុងពោះរបស់នាង នេះបើយោងតាមសម្តីដែល Melissa និយាយប្រាប់ NBC Boston ថា ដំបូងរូបនាងគិតថាវាជាដុំលាមកយក្សទៀតផង ។
“ខ្ញុំគិតថា ប្រហែលជាមានសរីរាង្គណាមួយ ត្រូវបានធ្លាក់ចុះមកហើយ ពីព្រោះនៅពេលនោះ ខ្ញុំមិនដឹងទេ” ។
“ពេលនោះខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះខ្ញុំមិនគិតថា ខ្ញុំនឹងឃើញទារកនៅក្នុងបន្ទប់ទឹកទេ” ។
យ៉ាងណាមិញ បើទោះបីជាមិនបានឆ្លងកាត់ដំណើរការ ផ្ញើពោះមុនពេលសម្រាលកូនក៏ដោយ ប៉ុន្តែជាសំណាងល្អដែលទារកនោះកើតមកមានសុខភាពល្អ។ ហើយរូបគេស្នាក់នៅមន្ទីរពេទ្យតែមួយយប់ដើម្បីពិនិត្យរោគសញ្ញាប៉ុណ្ណោះ មុនពេលទារកអាចត្រឡប់ទៅផ្ទះជាមួយឪពុកម្តាយវិញ ។
អ្នកទាំង ២ បានបង្ហើបថា ពួកគេមានគម្រោងរៀបការនៅចុងឆ្នាំនេះ ប៉ុន្តែពួកគេត្រូវពន្យារពេលដោយសារមូលហេតុខ្លះ តែទោះជាយ៉ាងណាពួកគេសប្បាយរីករាយណាស់ នៅពេលដែលមានសមាជិកគ្រួសារថ្មី បើទោះបីជាពួកគេមិនបានរំពឹងទុកក៏ដោយ ៕
ប្រភព : nbcboston, today, ladbible