៥ អាថ៌កំបាំងនៃសមុទ្រដ៏ធំធេង ដែលសូម្បីអ្នកវិទ្យាសាស្ត្រ ក៏មិនអាចដោះសោអាថ៌កំបាំងបាន

ដោយសារតែទំហំសមុទ្របានក្របដណ្តប់ ៧០% នៅទូទាំងពិភពលោក ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលទឹកដ៏ធំទូលាយនេះ អាចបិទបាំងរឿងរ៉ាវជាច្រើន ដែលមនុស្សមិនអាចដឹង ឬអាចមានអាថ៌កំបាំងដែលយើងមិនទាន់អាចដោះស្រាយបាន ។

ចំពោះរឿងរ៉ាវ ដែលត្រូវបានលាក់នៅក្នុងសមុទ្រទាំងនេះ ក្នុងករណីភាគច្រើន វាគឺជាអ្វីដែលមើលទៅដូចជាធម្មតា ក្នុងនោះរួមមានប្រភេទសត្វចម្លែក ឬបាតុភូតធម្មជាតិនៅក្រោមសមុទ្រដែលមនុស្សមិនដែលជួបប្រទះ ប៉ុន្តែពេលខ្លះសមុទ្រអាចលាក់នូវអ្វី ដែលគួរឱ្យចាប់អារម្មណ៍លើសពីការរំពឹងទុក ដូចជាអាថ៌កំបាំងទាំង ៥ ខាងក្រោមនេះ ។

១. កប៉ាល់ខ្មោច Mary Celeste

នេះគឺជារឿងព្រេងនិទាន ដែលបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែធ្នូឆ្នាំ ១៨៧២ គឺនៅពេលដែលនាវិក “Dei Gratia” បានជួបប្រទះនឹងនាវាដ៏ចម្លែកមួយ នៅឯឆ្នេរសមុទ្រនៃកោះ Azores  ដូច្នេះពួកគេបានសម្រេចចិត្តផ្តល់ជំនួយតែម្តង ។

ប៉ុន្តែជំនួសឱ្យការជួបជាមួយនាវិកធម្មតា នាវិក “Dei Gratia” បែរជាបានរកឃើញថា កប៉ាល់ដែលពួកគេរកឃើញនោះ គឺគ្មានមនុស្សនៅសូម្បីតែ ។

ដូច្នេះរឿងដែលបានកើតឡើងនេះហើយ ទើបធ្វើឲ្យវាក្លាយជាចំណុចចាប់ផ្តើម នៃកប៉ាល់ខ្មោច Mary Celeste ដ៏ល្បីល្បាញ។ ជាការពិតណាស់ទោះបីមានទ្រឹស្តីជាច្រើន ដែលព្យាយាមដោះសោអាថ៌កំបាំង របស់កប៉ាល់ក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់រកឃើញនាវិកណាម្នាក់ ដែលធ្លាប់នៅលើនោះទេ។ នៅចុងបញ្ចប់រឿងរ៉ាវនៃកប៉ាល់នេះ នៅតែជាអាថ៌កំបាំងរហូតដល់សព្វថ្ងៃ។

២. វិមាន Yonaguni

នេះគឺជាតំបន់ចម្លែកមួយ នៅបាត់សមុទ្រ Yonaguni ប្រទេសជប៉ុន ដែលប្រមូលផ្តុំទៅដោយ រចនាសម្ព័ននៃផ្ទាំងថ្មយក្ស ដែលមានអាយុកាលចំណាស់ និងរៀបរៀងតាមទំរង់ដូចជាភូមិ ដែលធ្លាប់មានប្រជាជនរស់នៅបេះបិទ ។

វិមាន Yonaguni ត្រូវបានអ្នកវិទ្យាសាស្ត្រកំណត់ជាទ្រឹស្តីបែកជាពីរប៉ែក មួយប៉ែកនិយាយថាវាជាវត្ថុធម្មជាតិ មួយប៉ែកទៀតថាស្នាដៃរបស់មនុស្ស។

នៅផ្នែកខាងប៉ែកអ្នកដែលនិយាយថា វាត្រូវបានបង្កើតឡើងដោយមនុស្ស គឺតាមរយៈការអះអាងថា ផ្ទាំងថ្មយក្សទាំងនេះត្រូវបានរៀបចំទៅតាមលំដាប់លំដោយ លើសពីអ្វីដែលអាចកើតឡើងដោយឯកឯង ។ ខណៈពេលដែលភាគីម្ខាងទៀតបានអះអាងថា វិមាន Yonaguni ប្រសិនបើវាត្រូវបានសាងសង់ដោយដៃមនុស្សពិតមែន វានឹងមានន័យថា មនុស្សទាំងនោះនឹងមានអរិយធម៌ជឿនលឿនមួយ ដែលអាចប្រៀបធៀបបានទៅនឹងទីក្រុង Atlantic បាន (ដែលវាសឹងតែមិនអាចទៅរួចនោះទេ) ។

៣. តំបន់ត្រីកោណ Bermuda

នេះគឺជាតំបន់ត្រីកោណ នាភាគខាងលិចនៃមហាសមុទ្រអាត្លង់ទិកខាងជើង។ វាត្រូវបានគេស្គាល់ថា ជាតំបន់មួយដែលមាននាវា និងយន្តហោះជាច្រើនត្រូវបានបាត់ខ្លួន។

ចាប់តាំងពីពេលកន្លងមក សង្កេតឃើញថា មានមនុស្សជាច្រើនបានព្យាយាមស្វែងរកទ្រឹស្តីដើម្បីពន្យល់ ពីរឿងរ៉ាវនៅពីក្រោយអាថ៌កំបាំងតំបន់ត្រីកោណអារក្សមួយនេះ ។

ទ្រឹស្តីទាំងនោះ វាមានចាប់តាំងពីទ្រឹស្តីទាក់ទងនឹងព័ត៌មានមិនពិត ក្នុងនោះមានរបាយការណ៍ទិន្នន័យភាគច្រើន ត្រូវបានគេបំផ្លើសលើសពីការពិត ។ តែបើតាមទ្រឹស្តីវិទ្យាសាស្ត្រ បានឲ្យដឹងថា តំបន់ត្រីកោណបញ្ចេញឧស្ម័នមេតានដែលវាអាចមានសមត្ថភាពបំផ្លាញនាវា និងយន្តហោះ ក្នុងនោះក៏មានទ្រឹស្តីខ្លះ បានលើកឡើងពីជំនឿដែលថា មនុស្សក្រៅភពបានស្រូបយកនាវា នៅតំបន់ត្រីកោណ ។

ប៉ុន្តែនៅចុងបញ្ចប់ នៅមិនទាន់មានទ្រឹស្តីមួយណាត្រឹមត្រូវនោះទេ ហើយរឿងរ៉ាវនៃតំបន់ត្រីកោណនេះ នឹងបន្តជាអាថ៌កំបាំងជារៀងរហូត ។

៤. បីសាចមឹកយក្ស The Kraken

វាគឺជាបីសាចមឹកដ៏ធំមួយ នៃសមុទ្រដែលតាមលងបន្លាចនាវិក អស់រយៈពេលរាប់រយឆ្នាំ។ វាត្រូវបានកំណត់លក្ខណៈ ដោយមានទំហំធំល្មមអាចអូសទូកចូលទៅក្នុងសមុទ្រ ជាមួយនឹងដៃរបស់វា។

The Kraken វាត្រូវបានគេលើកឡើងជាលើកដំបូង នៅប្រទេសស្កេនឌីណាវ៉ា នាសតវត្សរ៍ទី ១២ មុនពេលដែលរឿងរ៉ាវរបស់វា បានរីករាលដាលពាសពេញទ្វីបអឺរ៉ុប តាមរយៈរឿងនិទានរបស់អ្នកដើរសមុទ្រ។ ហើយវាត្រូវបានគេពិពណ៌នាយ៉ាងលំអិត នៅក្នុងឆ្នាំ ១៥៥៥ ដោយអ្នកគំនូរព្រាងជនជាតិស៊ុយអែត។

ដោយឡែក ចំពោះដើមកំណើតរបស់វា បើយោងទៅតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា វាអាចបណ្តាលមកពីបុព្វបុរសដែលបានឃើញ Architeuthis dux ឬ Mesonychoteuthis hamiltoni (មឹកយក្ស) ហើយពួកគេមានការយល់ច្រឡំថា មឹកយក្សទាំងនោះគឺជាបីសាច។

៥. កំណប់ក្រោមសមុទ្រ “Merchant Royal”

នេះជារឿងរបស់កប៉ាល់ដឹកទំនិញឈ្មោះ Merchant Royal ដឹកមាសទម្ងន់ ៤៥.០០០ គីឡូ និងមាសសុទ្ធ ៤០០ ដើម ដែលបានលិចនៅឆ្នាំ ១៦៤១ ដោយសារអាកាសធាតុមិនល្អ នៅតាមផ្លូវចេញពីម៉ិកស៊ិកត្រឡប់ទៅអង់គ្លេសវិញ។

ដោយសារតែទ្រព្យសម្បតិ្តនៅលើកប៉ាល់នេះ ធ្វើឱ្យវាក្លាយជាខ្មោចកប៉ាល់មួយដែលមានតម្លៃបំផុតនៅលើពិភពលោកក៏ថាបាន ។ ដោយសារ​ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យមានមនុស្សជាច្រើនបានព្យាយាមរិះរកគ្រប់វិធី ដើម្បីស្តារបំណែកនៃខ្មោចកប៉ាល់នេះមកវិញ ។

ប៉ុន្តែមកទល់បច្ចុប្បន្ននេះ នៅមិនទាន់មានអ្នកធ្វើនាវាចរណាមួយ អាចកំណត់កន្លែងដែលនាវា Merchant Royal លិចនោះបានទេ។

យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ ក្តីសង្ឃឹមដ៏ធំបំផុតនៃការស្វែងរកកប៉ាល់នេះ បានក្លាយជាភារៈកិច្ចរបស់ ក្រុមអ្នកប្រមាញ់កំណប់ពីមជ្ឈមណ្ឌលបុរាណវិទ្យាសមុទ្រ Cornwall ក្រោយពីពួកគេបានចេញមកអះអាងថា បានរកឃើញយុថ្កាមួយ ដែលត្រូវបានគេសន្មតថាជាកម្មសិទ្ធិរបស់ខ្មោចកប៉ាល់ Merchant Royal ។ ហើយពួកគេក៏កំពុងព្យាយាមកំណត់ទីតាំងពិតប្រាកដនៃតួកប៉ាល់ទាំងមូល ដោយ បេសកកម្មចុងក្រោយរបស់ពួកគេ គឺបាន ប្រព្រឹត្តឡើងនៅដើមឆ្នាំ ២០១៩ នេះឯង ៕

ប្រភព៖ mentalfloss