Update! Miss Grand Myanmar ទទួលបាន “ដីកា” ចាប់ខ្លួនជាផ្លូវការហើយ ក្រោយលោក Nawat និយាយមិនទាន់ផុតពីមាត់ផង

10707

កញ្ញា Han Lay ដែលជា Miss Grand Myanmar បានទទួលដីកាចាប់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីនាងឡើងនិយាយពីស្ថានភាពនៃការតវ៉ា នៅលើឆាកនៃការប្រលង Miss Grand International ឆ្នាំ ២០២០ ។

នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ អ្នកយកព័ត៌មានរាយការណ៍ថា ទំព័រហ្វេសប៊ុក Myanmar Celebrity Tv Club បានរាយការណ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន កញ្ញា Han Lay បវរកញ្ញាមីយ៉ាន់ម៉ា ក្រោមមាត្រា 122/505 B 33 បន្ទាប់ពីនាងបាន​ឆ្លៀតឱកាសប្រើប្រាស់ការប្រកួត Miss Grand International ឆ្នាំ ២០២០ ប្រពឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ លាតត្រដាងស្ថានភាពនៃការតវ៉ានៅមីយ៉ាន់ម៉ា ជាមួយនឹងការស្លាប់មានការកើន យ៉ាងគួរឲ្យព្រួយបារម្ភ ។

ទន្ទឹមនឹងនោះនាងក៏បានសុំជំនួយពីអន្តរជាតិ ដើម្បីនាំមកនូវសន្តិភាពដល់មីយ៉ាន់ម៉ា ជាមួយចម្រៀងមួយបទដែលនាងបានច្រៀង “Heal The World” ទាំងទឹកភ្នែក បានស្រក់ចំកណ្តាលសម្លេងទះដៃពីទស្សនិកជន។ ជាការពិតណាស់ ព្រឹត្តការណ៍នារាត្រីនោះ វាបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់មហាជនគ្រប់ៗរូប ជាពិសេសប្រជាជនមីយ៉ាន់ម៉ា ផ្ទាល់តែម្តង ។

ក្រោយមកទៀត លោក Nawat Issara Kraisil ប្រធានផ្នែកប្រកួតប្រជែង Miss Grand International និងកញ្ញា Han Lay បវរកញ្ញាមីយ៉ាន់ម៉ា បានធ្វើសន្និសីទកាសែតថា ក្រុមការងារ Miss Grand International  នឹងផ្តល់ជំនួយ Han Lay ឱ្យស្នាក់នៅក្នុងប្រទេសថៃ យ៉ាងហោចណាស់ ៣ ខែទៀត ឬនឹងបន្តជួយនាងរហូតទាល់តែស្ថានភាពប្រទេសមីយ៉ាន់ម៉ា បានប្រសើរឡើងតែម្តង ដោយធ្វើការនៅលើទិដ្ឋាការដើម្បីមានសិទ្ធិស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា មុននេះមួយថ្ងៃ លោក Nawat បានធ្វើការប៉ាន់ស្មានថា ថ្ងៃទី ៧ មេសា អាចនឹងមានដីកាចាប់ខ្លួន កញ្ញា Han Lay ជាផ្លូវការ ដូច្នេះមកដល់ពេលនេះ វាពិតជាកើតឡើងដូចការស្មានទុករបស់លោកមែន ។ ហើយលោកបានប្រកាសយ៉ាងដាច់ណាត់ថា ខាងក្រុមការងារ នឹងការពារ កញ្ញា Han Lay ឲ្យដល់ទីបំផុត ។

ដោយឡែកក្រោយពីទទួលបានដីកាចាប់ខ្លួនជាផ្លូវការមក យើងសង្កេតឃើញថា ទាំងខាងលោក Nawat និងកញ្ញា Han Lay ផ្ទាល់មិនទាន់មាន ប្រតិកម្មណាមួយនៅឡើយទេ ។ ដូច្នេះមានតែរង់ចាំមើលតទៅទៀតថា តើលោក Nawat នឹងចាត់ការយ៉ាងណាចំពោះ ដីកាកោះហៅនេះ ៕