ស្រីស្អាត អភ័ព្វស្នេហ៍! គ្រាន់តែនាងចូលចិត្តធ្វើអ្វីចម្លែកប៉ុណ្ណឹងសោះ បុរសៗស្រាប់តែរុញនាងចូលទៅក្នុង តំបន់ “Friend Zone” ដែរ

កញ្ញា Jessica Powell តារាបង្ហាញម៉ូដ និងជាអ្នកសិល្បៈអាយុ ២០ ឆ្នាំ មកពីទីក្រុង Birmingham ប្រទេសអង់គ្លេសបាននិយាយថា បុរសភាគច្រើននឹងនិយាយថា នាងជា “ខ្មោច” ឬរុញនាងចូលទៅក្នុង “តំបន់មិត្តភក្តិ” (Friend Zone) នៅពេលពួកគេដឹងពី ចំណង់ចំណូលចិត្តរបស់នាង ដែលចូលចិត្តពន្លាត់ស្បែក និងសាច់សត្វដែលងាប់ហើយ ដើម្បីយកឆ្អឹងរបស់ពួកវាមកសន្សំទុក។ ជាការពិតនាងបានជ្រើសរើសមិនផ្លាស់ប្តូរខ្លួនឯង ឬបោះបង់ចោលចំណង់ចំណូលចិត្តរបស់នាងទេ ព្រោះនាងជឿថាថ្ងៃណាមួយ នឹងមាននរណាម្នាក់ដែលសាកសម និងស្រឡាញ់នាង គឺជានាង ។

“ខ្ញុំមិនសូវជាមានសំណាង ក្នុងរឿងស្នេហាទេ” Jessica បាននិយាយថា ដំបូងទំនាក់ទំនងគ្រប់យ៉ាងដំណើរការទៅយ៉ាងល្អ តែវានឹងបញ្ចប់ទៅវិញយ៉ាងឆាប់រហ័ស “នៅពេលនិយាយជាមួយបុរស ពួកគេនឹងមើលមកខ្ញុំដូចជាតារាបង្ហាញម៉ូត ហើយគិតថាខ្ញុំជាស្រីស្អាត ទន់ភ្លន់ម្នាក់” រហូតដល់ពេលនាងប្រាប់ពួកគេ អំពីចំណង់ចំណូលចិត្ត ក្នុងការប្រមូលលលាដ៍ក្បាលសត្វ រួមទាំងវិធីដើម្បីធ្វើឱ្យទទួលបានលលាដ៍ក្បាល នោះគឺការស្ងោរក្បាលសត្វទាំងនោះរហូតដល់វារលួយអស់ បន្ទាប់មកនាងប្រលេះសាច់ និងស្បែកសត្វទាំងនោះចេញពីឆ្អឹង ។

ម្ល៉ោះហើយ រាល់ការសន្ទនាដែលបានកើតឡើង ជារឿយៗវានឹងរលាយបាត់ទៅវិញភ្លាមៗ ឬវាត្រូវបានកំណត់ឋានៈត្រឹមជាមិត្តភក្តិទៅវិញ ។

Jessica នាងបាននិយាយថា នាងជាជនជាតិ Goth និង Metalhead នាងចូលចិត្តសន្សំវត្ថុដែលងាប់ និងវត្ថុផ្លូវងងឹត ។ ជាក់ស្តែងនាងមិនចង់រក្សារឿងនេះជាការសម្ងាត់នោះទេ ព្រោះនាងចូលចិត្តបើកចំហ ចំពោះអ្វីគ្រប់យ៉ាងដែលនាងធ្វើ នាងមិនចង់ផ្លាស់ប្តូរខ្លួនឯងទេ នាងគ្រាន់តែចង់ស្វែងរកនរណាម្នាក់ដែលចូលចិត្ត និងយល់ពីនាង ក៏ដូចអាចទទួលយកបាននូវចរិតលក្ខណៈខ្លះៗរបស់នាង។

គួរបញ្ជាក់ផងដែរថា មុនពេលដែលនាងងាកមកចាប់ផ្តើមប្រមូលផ្តុំលលាដ៍ក្បាលសត្វពិតទាំងនេះ នាងបានចាប់ផ្តើមដោយការសន្សំលលាដ៍ក្បាលសត្វសេះក្លែងក្លាយសិន ។ ក្នុងនោះមានវត្ថុមួយចំនួន នាងបានបញ្ជាទិញពីហ្វេសប៊ុក ហើយខ្លះទៀតនាងទទួលបានពីគ្រោងឆ្អឹងសត្វដែលងាប់ នៅតាមចិញ្ចើមថ្នល់។

តែទោះជាយ៉ាងណា បើទោះបីជានាងបានទទួលគ្រោងឆ្អឹងសត្វពាហនៈ ដែលងាប់នៅតាមផ្លូវក៏ពិតមែន ប៉ុន្តែវាមិនមែនបានមកដោយទទេៗនោះទេ ជារៀងរាល់ពេលនាងសុទ្ធត្រូវចំណាយប្រាក់ដើម្បីទិញវា។

រីឯខាងក្រុមគ្រួសាររបស់នាង ជាក់ណាស់ ពួកគេមិនសូវជាចូលចិត្តប៉ុន្មានទេ ប៉ុន្តែពួកគេមិនបានបញ្ឈប់នាងឡើយ។

ជាក់ស្តែង ចំពោះសត្វដែលងាប់នៅក្នុងការប្រមូលផ្តុំរបស់នាង វាមានចាប់ពីឆ្អឹង សត្វកញ្ជ្រោង, កណ្តុរ Castor, សត្វ Raccoon, សត្វ សំពោច ហើយនិងសត្វសេះ ថែមទាំងមានស្លាប និងក្រញាំជើងរបស់សត្វចាប ដែលនាងទុកនៅក្នុងបន្ទប់គេងទៀតផង ៕

ប្រភព៖ Daily Mail