ទីបំផុត Miss World Laos 2021 ប្រកាសលាឈប់ពីតំណែង ក្រោយគ្រងមកុដបាន ៣ ថ្ងៃ ដោយសារមហាជនមិនអាចទទួលយកបាន រឿងលាក់អាយុពិត

នៅទីបំផុត កញ្ញា Supawadee Phongsavanh ដែលជា Miss World Laos 2021 បានប្រកាសលាឈប់ពីតំណែងតាមរយៈហ្វេសប៊ុក បន្ទាប់ពីកាន់កាប់មកុដបានតែ ៣ ថ្ងៃ ក្រោយមិនអាចទប់ទល់នឹងចរន្តរិះកន់បាន។ ដោយសារមូលហេតុចម្បងមួយ គឺកើតចេញពីព័ត៌មានថា នាងលាក់បាំងអាយុពិតក្នុងអំឡុងពេលប្រកួត Miss World Laos ឆ្នាំ ២០២១ ។

ក្នុងអំឡុងពេលប្រកួត នាងបានផ្តល់ព័ត៌មានលម្អិតថា ខ្លួនមានអាយុ ២៦ ឆ្នាំ តែក្រោយពីនាងទទួលបានមកុដ ក៏មានមនុស្សម្នាក់ចេញមកលាតត្រដាងភស្តុតាង នៃអត្តសញ្ញាណប័ណ្ណរបស់នាងថា នាងកើតនៅឆ្នាំ ១៩៩១ ។ ដូច្នេះវាមានន័យថា បច្ចុប្បន្ននាងមានអាយុពិត ៣១ ឆ្នាំហើយ ។

ក្រោយមក បើទោះជាលោក Saikaew Sidao ប្រធានគម្រោងការប្រកួតខាងលើ បានប្រើបណ្តាញសង្គម គ្របដណ្តប់លើចរន្តរិះគន់ ហើយក្រុមអ្នករៀបចំការប្រកួត បានស្នើសុំឱ្យនាងនាំយកភស្តុតាងមកពន្យល់ពីអង្គហេតុពិត ក្នុងរយៈពេល ១៤ ថ្ងៃយ៉ាងណាក៏ដោយ ក៏មហាជននៅតែកើតការមិនពេញយ៉ាងខ្លាំងដដែល ។ ដោយពួកគេបានចោទជាសំណួរថា “គ្រាន់តែរកភស្តុតាងបង្ហាញអំពីអាយុពិត ហេតុអ្វីត្រូវចំណាយពេលដល់ទៅ ១៤ ថ្ងៃ?” ហើយមតិខ្លះទៀតបានលើកឡើងជាមតិធ្ងន់ៗថា “ប្រសិនបើអាយុប៉ុនហ្នឹង នៅតែអាចប្រកួតបវរកញ្ញាបាន ឆ្នាំក្រោយខ្ញុំនឹងបញ្ជូនម្តាយទៅប្រកួតដែរហើយ” ជាដើម ។

ដោយមិនអាចទ្រាំទ្រនឹងលំហូរនៃការរិះគន់ធ្ងន់បាន សាមីខ្លួនក៏បានចេញសេចក្តីប្រកាសដូចតទៅនេះ៖

សូមថ្លែងអំណរគុណដល់មិត្តនៅក្នុងការប្រកួតទាំងអស់ ដែលបានផ្តល់នូវមិត្តភាពដ៏ល្អ ជាពិសេសសូមអរគុណ ដល់សម្លេងបោះឆ្នោតឲ្យនាងខ្ញុំទទួលបានពានមិត្តភាព ប៉ុន្តែសម្រាប់នាងខ្ញុំវាគ្រាន់តែជារង្វាន់ទេ តែពាក្យថាមិត្តភាពនឹងស្ថិតស្ថេរជារៀងរហូត ។

ម្សិលមិញជាថ្ងៃតំបូង និងជាថ្ងៃចុងក្រោយ ដែលខ្ញុំបានខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុង​ការ​គ្រប់គ្រងតំណែងដែលខាងក្រុមការងាររៀបចំការប្រកួតបានផ្តល់ឲ្យខ្ញុំ ដូច្នេះនាងខ្ញុំសូមប្រគល់ភារៈកិច្ច និងការទទួលខុសត្រូវនេះបន្តទៅកាន់បុគ្គល ដែលសាកសមនឹងទទួលបានបន្ត ។

ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះការសាទរ និងការលើកទឹកចិត្តទាំងអស់ ចាប់តាំងពីថ្ងៃតំបូងរហូតមកដល់ពេលនេះ ។

គួរបញ្ជាក់ផងដែរថា កញ្ញា Supawadee បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ពីប្រទេសសិង្ហបុរី ក៏ដូចជាធ្លាប់ទទួលបានតំណែងជា “បវរកញ្ញាឯងសង្ក្រាន្ត” ប្រចាំខេត្ត Savannakhet ហើយនាងក៏ធ្លាប់ថតរូបម៉ូតដាក់ប្រតិទិនជាច្រើនច្បាប់ផងដែរ ៕

ប្រភព៖ Nation Thailand