ពិតឬទេ? ពិធីសាសនា របស់ជប៉ុន ល្បីថាប្រព្រឹត្តឡើងដើម្បីនាំផ្លូវ “ទារក” ដែលបានស្លាប់មុនពេលពួកគេចាប់កំណើត ឆ្ពោះទៅកាន់សុគតិភព

តើបងប្អូនប្រិយមិត្តធ្លាប់ឮរឿងរ៉ាវ នៃពិធីដែលគេហៅថា “Mizukokuyo” (水子供養) ពីមុនមកទេ? នេះជាពិធីសាសនារបស់ជប៉ុន ជាការរៀបចំរបស់ឪពុកម្តាយ ដែលបានបាត់បង់ទារកមុនពេលសម្រាល។

ពិធីនេះបានប្រព្រឹត្តឡើង យោងទៅតាមជំនឿសាសនាបុរាណជប៉ុន ដែលបាននិយាយតៗគ្នាថា ទារកដែលបានស្លាប់មុនពេលពួកគេកើត នឹងមិនអាចធ្វើដំណើរទៅកើតជាថ្មី ឬទៅកាន់សុគតិភពបានទេ ។

ព្រោះពួកគេគ្មានឱកាសបានសាងអំពើល្អ ម៉្យាងទៀតពួកគេនឹងត្រូវជាប់គាំងនៅកន្លែងដែលមានឈ្មោះ “Sainokawara” ជាដុំថ្មនៅតាមដងទន្លេដើម្បីទូទាត់សងសម្រាប់ការឈឺចាប់ ដែលពួកគេបានបង្កឲ្យឪពុកម្តាយ ។

នៅកន្លែងប្រារព្ធពិធីនោះ វាត្រូវបានគេជឿថាមាន “ជីហ្សូ” ជាអ្នកថែរក្សាទឹកដីក្នុងជំនឿបុរាណ និងថែរក្សាទារក ពីបីសាចនិងអំពើអាក្រក់ផ្សេងៗ ខណៈពេលដែលមានឱកាសគេនឹងជួយទារកទាំងនោះ អាចធ្វើដំណើរឆ្ពោះទៅកាន់សុគតិភព តាមរយៈការលាក់បាំងទារកនៅក្នុងស្បៃក្របមុខ (វិធីជួយកុមារអាចមានខុសៗគ្នា អាស្រ័យលើរឿងព្រេង) ។

ហេតុនេះនៅពេលព្រឹក ឪពុកម្តាយដែលទើបនឹងបាត់បង់កូនថ្មីៗ ដោយការរលូតមិនថាមានចេតនា ឬអត់ ពួកគេនឹងត្រូវមកគោរពបូជា “ជីហ្សូ” ដោយការស្លៀកពាក់ឲ្យរូបចម្លាក់ជីហ្សូ ជាមួយក្រណាត់ក្របក្បាលពណ៌ក្រហម ឬអាវរងាពណ៌ក្រហម ។

ក្រោយមកពួកគេនឹងសែននំ ឬប្រដាប់ប្រដាក្មេងលេង និងមានការរៀបចំថ្មនាំផ្លូវដើម្បីឲ្យធានាបានថា កូនៗរបស់ពួកគេអាចធ្វើដំណើរទៅកាន់សុគតិភពបាន ។

ជាការពិតណាស់ ពិធី Mizukokuyo គឺជាពិធីប្រពៃណីដ៏ចំណាស់មួយរបស់ជប៉ុន ដែលមានអាយុកាលមួយពាន់ឆ្នាំមកហើយ ប៉ុន្តែពិធីនេះមានឃើញប្រព្រឹត្តឡើងញឹកញាប់ក្រោយឆ្នាំ ១៩៣៩ ដល់ ១៩៤៥ ទៅវិញ។

ព្រោះក្នុងអំឡុងពេល ៦ ឆ្នាំក្រោយមក ប្រទេសជប៉ុននៅមិនទាន់មានប្រព័ន្ធមើលថែកុមារដ៏ល្អនៅឡើយទេ ដូច្នេះចំនួនសមាជិកនៅក្នុងគ្រួសារច្រើនតែត្រូវបានកំណត់ តាមរយៈវិធីសាស្រ្តផ្សេងៗគ្នារាប់បញ្ចូលទាំង “ការរំលូតកូន” ផងដែរ។

ជាការពិតណាស់ ការសម្រេចចិត្តដូចនេះ វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់មួយ ហើយវាក៏នាំមកនូវកំហុសធ្ងន់ធ្ងរមួយដែរ។ ដូច្នេះពិធីសាសនា Mizukokuyo ត្រូវបានគេប្រារព្ធឡើងកាន់តែញឹកញាប់ជាងមុន មុនពេលវាចាប់ផ្តើមរីករាលដាលគួរឱ្យភ្ញាក់ផ្អើល ទៅដល់ភាគខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ពិតណាស់ វាជារឿងមួយដែលពិបាកបរិយាយណាស់ សម្រាប់អ្នកដែលរំលូតកូនហើយមកធ្វើពិធីបែបនេះត្រូវចាត់ថាជាអំពើ “ត្រឹមត្រូវ” ព្រោះអំពើទាំងនេះវាត្រូវទាមទារ ការសម្រេចចិត្តម្តងហើយម្តងទៀតឲ្យបានជាក់លាក់។

តែទោះ​ជាយ៉ាងនេះក្ដី យើងក៏មិនអាចបដិសេធបានទេថា ពិធីសាសនាដូចជា Mizukokuyo បានជួយកាត់បន្ថយការឈឺចាប់ខាងក្នុងផ្លូវចិត្ត ក្រោយការបាត់បង់កូនៗ របស់ឪពុកម្តាយ ៕

ប្រភព៖ amusingplanet