បច្ចុប្បន្នជំងឺកូវីដ-១៩ ជាជំងឺចង្រៃរបស់ពិភពលោក តែកាលពីអតីតកាល “Black Death” ជាជំងឺរាតត្បាតសាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រ

ប្រសិនបើយើងនិយាយពីជំងឺរាតត្បាតធ្ងន់ធ្ងរ ជឿជាក់ថាចម្លើយដែលផុសចេញមកគឺច្បាស់ជាខុសគ្នា ទៅតាមសម័យកាលនីមួយៗ ចំណែកជំងឺរាតត្បាតចង្រៃនាពេលបច្ចុប្បន្នរបស់ពិភពលោកទាំងមូលគឺជៀសមិនផុតពីជំងឺ Covid-19 នោះទេ។ ប៉ុន្តែប្រសិនបើនិយាយអំពីការរីករាលដាលដែល “ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ” ច្បាស់ជាជៀសមិនផុតពីយុគសម័យ “Black Death” ឬ យុគសម័យ “មរណភាពខ្មៅ” ទេ ។

Black Death ឬ “មរណភាពខ្មៅ” គឺជាជំងឺរាតត្បាតមួយ ដែលបានវិវត្តនៅអឺរ៉ុបក្នុងយុគសម័យមជ្ឈឹម។ វាគឺជាជំងឺដែលបង្កដោយបាក់តេរីមួយមានឈ្មោះហៅថា “Yersinia pestis” ដែលរីករាលដាលចេញមកពីមនុស្សព្រៃ និងសត្វកកេរ ព្រមទាំងកើតឡើងដដែលៗ នៅភាគខាងលិចយ៉ាងហោចណាស់បីដងធំៗ រួចមកហើយ ។

យ៉ាងណាមិញ បាក់តេរីមួយនេះពេលខ្លះវាត្រូវបានគេជឿថា មានដើមកំណើតចេញពីតំបន់ខ្ពង់រាបអាស៊ីកណ្តាល មុនពេលវារាលដាលទៅដល់ទ្វីបអឺរ៉ុបតាមរយៈការធ្វើពាណិជ្ជកម្ម។ ហើយវាត្រូវបានគេស្គាល់ជាលើកដំបូង នៅសតវត្សរ៍ទី ៦ ដល់ទី ៨ នៅទីក្នុងក្រុង Constantinople ក្រោយមកជំងឺនេះត្រូវបានគេហៅថា “មរណៈខ្មៅនៃ Justinian” ។

បាក់តេរី Yersinia pestis

ទោះជាយ៉ាងណា ទម្រាំជំងឺបាក់តេរី Yersinia pestis ត្រូវបានគេស្គាល់ និងជឿជាក់បំផុត គឺក្នុងអំឡុងពេលការរាតត្បាតធំជាលើកទី ២ ចាប់ពីឆ្នាំ ១៣៤៦-១៣៥៣ គ្រានោះហើយដែលជងឺនេះ ត្រូវបានគេហៅថា Black Death នោះឯង ។

បើទោះបីជាការផ្ទុះឡើងនេះគឺជាការផ្ទុះឡើងលើកទីពីរក៏ដោយ ប៉ុន្តែវាបានក្លាយជារោគរាតត្បាត ដែលសម្លាប់មនុស្សច្រើនជាងលើកទី ១ ទៅទៀត ហើយវាគឺជាព្រឹត្តិការណ៍មួយ ដែលអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តទទួលស្គាល់ថា វាជារោគរាតត្បាតដ៏សាហាវបំផុតដែលមនុស្សធ្លាប់បានជួបប្រទះ។

ព្រឹត្តិការណ៍រាតត្បាតនៅពេលនោះ វាត្រូវបានគេកំណត់ថា មានអត្រាការចម្លងរោគខ្ពស់បំផុត ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬពីមូលហេតុដទៃទៀតដូចជា សត្វកណ្តុរខាំ ។ ហើយអ្នកជំងឺនិងមានបង្ហាញរោគសញ្ញាជាច្រើនរួមមាន គ្រុនក្តៅ ក្អួត អាប់ស ឬមានខ្ទុះលាយជាមួយឈាម។ ប៉ុន្តែបើទោះជាអ្នកជំងឺសឹងទាំងអស់មានអាការៈដូចគ្នាក៏ពិតមែន តែវាស្ទើរតែគ្មាននរណាម្នាក់ដែលមានឱកាសអាចរួចផុតពីសេចក្តីស្លាប់នោះទេ ។

ជាក់ស្តែង Black Death នាពេលនោះ វាអាចបញ្ចប់ជីវិតរបស់អ្នកជំងឺ យ៉ាងរងទុក្ខវេទនាបំផុត នៅប៉ុន្មានថ្ងៃក្រោយពីឆ្លង ។ លើសពីនេះទៅទៀត វាក៏ពុំមាននរណាម្នាក់បានរកឃើញវិធីព្យាបាល ដែលមានប្រសិទ្ធភាពភ្លាមៗនោះដែរ ហេតុនេះហើយ វាបានធ្វើឱ្យមនុស្សជាច្រើនត្រូវរស់នៅដោយភាពភ័យខ្លាច ស្របពេលដែលប្រទេសត្រូវបាត់បង់កម្លាំងពលកម្មយ៉ាងច្រើនលើសលុបទៀតផង។ បូករួមទាំងពេលខ្លះ ជំងឺនេះក៏បង្កឱ្យមានទំនាស់ខ្វែងគំនិតគ្នា ដោយតែមនុស្សមួយចំនួនយល់ច្រឡំថា ជំងឺនេះបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់ព្រះទៅវិញ ។

នៅចុងបញ្ចប់ Black Death វាបានសម្លាប់ជីវិតមនុស្សចាប់ពី ៣០-១០០ លាននាក់ក្នុងការរាតត្បាតជាលើកទី ២ (អាស្រ័យលើប្រភពទិន្នន័យ) ជាមួយនឹងអត្រាមរណភាពរបស់ជំងឺរហូតដល់ទៅ ៨០% អាចនិយាយបានថា ជំងឺនេះវាបានប្រល័យជីវិតប្រជាជនអឺរ៉ុបដល់ទៅ ១ ភាគ ៣ នៃចំនួនប្រជាជនសរុប ។

បើទោះបីព្យុះនៃជំងឺចង្រៃនេះ ត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែវាហាក់ដូចជាមិនបានបញ្ចប់ទាំងស្រុងភ្លាមៗនោះទេ ព្រោះដោយសារតែការរីករាលដាលនៃជំងឺនេះ បានកើតឡើងម្តងហើយម្តងទៀតនៅក្នុងប្រវត្តិសាស្ត្រ រហូតដល់សតវត្សរ៍ទី ១៨ ជាមួយការរីករាលដាលដ៏ធំសម្បើមនៃជំងឺ “មរណភាពខ្មៅ” នៅក្នុងលំនាំដដែល។

ក្រោយមកវាក៏ចាប់ផ្តើមសាបរលាបបន្តិចម្តងៗ ស្របពេលដែលនៅភាគខាងកើត វាហាក់ដូចជាការរីករាលដាលធំទូលាយជាបន្តបន្ទាប់ រហូតដល់សតវត្សទី ១៩ ក៏ដោយ តែចុងក្រោយវាក៏បាត់ទៅទាំងស្រុង ក្រោយមានស្រាវជ្រាវរកឃើញ វិធីព្យាបាលប្រកបដោយប្រសិទ្ធភាពត្រូវបានអនុវត្តឡើង ៕

ប្រភព៖ livescience, historytoday, history, britannica