១០ វត្ថុបុរាណ និងរបកគំហើញប្រវត្តិសាស្ត្រ ដ៏អស្ចារ្យ ដែលអាចធ្វើឲ្យអ្នកមើលលាន់មាត់ថា WOW

នៅក្នុងវិស័យបុរាណវិទ្យា ជារឿយៗយើងតែតែងឧស្សាហ៍ឃើញព័ត៌មាន ទាក់ទងនិងការរកឃើញរតនៈសម្បត្តិ ដ៏គួរឱ្យចាប់អារម្មណ៍ពីអតីតកាល មិន​ថា​ជាវត្ថុបុរាណ ទីតាំងបុរាណវិទ្យា ឬសូម្បីតែគ្រោងឆ្អឹងបុគ្គលសំខាន់ៗ ជាដើម ។

ប៉ុន្តែទោះយ៉ាងនេះ មិនមែនរាល់របកគំហើញទាំងអស់ សុទ្ធតែទទួលបានការចាប់អារម្មណ៍ស្មើៗគ្នានោះទេ ព្រោះសូម្បីតែនៅក្នុងរង្វង់ក្រុមបុរាណវិទ្យា ក៏ទទួលស្គាល់ថា មានវត្ថុបុរាណតែមួយចំនួនប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ ។

ខាងក្រោមនេះគឺជាវត្ថុបុរាណទាំង ១០ ដែលជាគំរូដ៏វិសេសបំផុត នៃវត្ថុបុរាណដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ។ ប្រសិនបើអ្នកក្រឡេកតែមួយភ្លែត វាហាក់ដូចជាវត្ថុធម្មតា តែប្រសិនបើមើលវាឲ្យកាន់តែច្បាស់ វាអាចធ្វើឲ្យប្រិយមិត្តលាន់មាត់ថា WOW ទាំងមិនដឹងខ្លួន។

១. មកចាប់ផ្តើមជាមួយ ចិញ្ចៀនបុរាញពីសតវត្សរ៍ ទី ១៦ ដែលជាការរចនាទៅតាមគំរូតារាវិទូ។

នេះគឺជាចិញ្ចៀន ដែលត្រូវបានគេជឿជាក់ថាមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ ហើយវាធ្លាប់ត្រូវបានពាក់ ដោយអ្នកស្រាវជ្រាវម្នាក់ ក្នុងនាមជាឧបករណ៍គំរូវិទ្យាសាស្ត្រជាក់ស្តែង ទៀតផង ។

២. កំរាលក្បឿងផ្ទះវីឡា  នៅក្នុងរចនាប័ទ្មរ៉ូម៉ាំងបុរាណ ពីសតវត្សរ៍ទី ៣ ។

ត្រូវបានរកឃើញ នៅក្នុងចម្ការទំពាំងបាយជូរមួយ នាភាគខាងជើងប្រទេសអ៊ីតាលី ក្នុងឆ្នាំ ២០២០ វាគឺកំរាលក្បឿង Mosaic រ៉ូម៉ាំងបុរាណ ដែលស្ថានភាពស្រស់ស្អាតខ្លាំង រហូតដល់ថ្នាក់មិនអាចស្មានដល់ថា វាមានអាយុជាង ១៧០០ ឆ្នាំទៅហើយ ។

៣. មួកការពារ Corinthian ជាមួយនិងលលាដ៍ក្បាលរបស់អ្នកការពារ ។

នេះគឺជាមួកការពារបុរាណមួយ ដែលត្រូវបានរកឃើញនៅឆ្នាំ ១៨៣៤ ជាកម្មសិទ្ធិរបស់អ្នកការពារជនជាតិក្រិកម្នាក់ ដែលបានស្លាប់នៅឆ្នាំ ៤៩០ មុនគ្រិស្តសករាជ ។

៤. រទេះសេះមានអាយុកាល ២០០០ ឆ្នាំ ដែលមានគ្រោងឆ្អឹងសេះ សភាពល្អឥតខ្ចោះ។

នេះគឺជារទេះសេះបុរាណ ពីប្រទេសប៊ុលហ្គារី ត្រូវបានរកឃើញក្នុងឆ្នាំ ២០០៨ ។ តួររបស់រទេះសេះធ្វើពីឈើ និងលង្ហិន ដែលវាត្រូវបានគេរំពឹងថា អាចត្រូវបានបញ្ចុះដើម្បីបូជាដល់ព្រះជាម្ចាស់ ។

៥. ដាវ Galgano ដែលគេជឿថា ជាដាវនៅក្នុងថ្មពិតៗ ចាប់តាំងពីសតវត្សរ៍ទី ១២ ។

នេះគឺជាដាវរបស់លោក Saint Galgano Guidotti ដែលជាអតីតអ្នកតស៊ូ ដ៏ល្បីល្បាញម្នាក់។ វាត្រូវបានគេកប់នៅក្នុងថ្មយ៉ាងរឹងមាំ បន្ទាប់ពីគាត់សុបិនឃើញមហាទេវតា ប្រាប់គាត់ឱ្យឈប់ប្រើវា ហើយចេញទៅបដិបត្តិធម៍ជំនួសវិញ ។

៦. កាក់មាសរ៉ូម៉ាំងបុរាណ បានរកឃើញនៅក្នុងបន្ទប់ក្រោមដី នៃរោងល្ខោន ប្រទេសអ៊ីតាលី។

នេះគឺជាកាក់មាសបុរាណចំនួនច្រើន រួមមានកាក់ពីដើមសតវត្សរ៍ទី ៤ ដល់ ឆ្នាំ ៤៧៤ ហើយត្រូវបានគេប៉ាន់ស្មានថា មានតម្លៃជាង ១២ លានដុល្លារ។

៧. ភូមិមជ្ឈិមសម័យនៅ Tuscany ដែលអាចមើលឃើញតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ មុនពេលវាត្រូវត្រលប់ទៅនៅក្នុងទឹកវិញ ។

នេះជាភូមិសហគមន៍ជាងដែក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១២៧០ ហើយវាបានបាត់ពីផែនទី ក្នុងឆ្នាំ ១៩៤៦ ដោយសារការសាងសង់ទំនប់។ តែទោះយ៉ាងណាទីក្រុងនេះ នឹងចេញមកបង្ហាញខ្លួនម្តងម្កាល តាមតែពេលដែលកម្ពស់ទឹក ត្រូវបានបង្ហូរចេញពីទន្លេដើម្បីដំណើរជួសជុល ។

ហើយការថែរក្សាជួសជុលចុងក្រោយ ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០២១ ដែលធ្វើឱ្យទីក្រុងអតីតកាលនេះ ត្រូវបានបង្ហាញខ្លួនម្តងទៀត  បន្ទាប់ពីការបង្ហូរលើកមុននៅក្នុងឆ្នាំ ១៩៩៤ ។

៨. គ្រាប់ឡុកឡាក់ ២០ ទំព័រ មានអាយុកាល ២០០០ ឆ្នាំ មកពីប្រទេសអេហ្សីបបបុរាណ។

នេះជាគ្រាប់ឡុកឡាក់ផលិតចេញស្ពាន់ធ័រ បច្ចុប្បន្នវាស្ថិតនៅសារមន្ទីរ Metropolitan Museum of Art នាទីក្រុងញូវយ៉ក ហើយវាជាភស្ដុតាងល្អបំផុត ដែលបង្ហាញថាជនជាតិអេហ្សីប អាចនឹងលេងវាកាលពីសម័យដើម ។

៩. ស្បែកជើងមាស និងគម្របម្រាមជើង ត្រូវបានរកឃើញនៅក្នុងទីបញ្ចុះសព មានអាយុកាលតាំងពី ៣៥០០ ឆ្នាំមុន។

នេះជាស្បែកជើងរបស់មហេសី ព្រះចៅ Pharaoh Thutmos III (សោយរាជ្យកំឡុងឆ្នាំ ១៤៧៩ មុនគ្រិស្តសករាជ ) ហើយវាត្រូវបានគេពិពណ៌នាថាជា “សន្លឹកមាសស្តើង ដែលពេលខ្លះ វាត្រូវបានគេប្រើដើម្បីបិទបាំងជើងអ្នកស្លាប់ បន្ទាប់ពីត្រូវបានគេបកស្បែក” ។

១០. មកបញ្ចប់ជាមួយរូបចម្លាក់ មកពីតំបន់បុរាណវិទ្យាក្រោមទឹក នៅប្រទេសអ៊ីតាលី។

នេះជារូបចម្លាក់មួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងរ៉ូម៉ាំងបុរាណ Baiae ដែលជាទីក្រុងរមណីយដ្ឋានប្រណីត ដែលត្រូវបានលិចចូលទៅក្នុងសមុទ្រ ដោយសារតែហេតុការណ៍ផ្ទុះភ្នំភ្លើង ។

ហើយក្រៅពីរូបចម្លាក់ខាងលើ ទីក្រុងនេះក៏មានវត្ថុបុរាណក្រោមទឹកជាច្រើនទៀតផងដែរ ៕

ប្រភព៖ ranker