ពិសេសណាស់! ប្រទេសអេហ៊្សីប ប្រារព្ធពិធីដង្ហែព្រះសពម៉ាមីចំនួន ២២ នាក់ ដើម្បីប្តូរទៅសារមន្ទីរថ្មី

184

ទីក្រុងគែរ៖ មនុស្សម្នាជាច្រើនបានឃើញក្បួនដង្ហែសាកសពម៉ាមីកាលពីសម័យបុរាណរបស់ជនជាតិអេហ្ស៊ីបចំនួន ២២ រូប។ ក្បួនដង្ហែនេះត្រូវបានរៀបចំយ៉ាងពិសេសនិងបានដឹកឆ្លងកាត់រដ្ឋធានី Cairo (គែរ) ទៅកាន់សារមន្ទីរថ្មី។ កាលពីថ្ងៃសៅរ៍នៅក្នុងក្បួនដង្ហែរដ៏ល្បីល្បាញនេះបានដឹកព្រះសពព្រះរាជាចំនួន ១៨ អង្គនិងព្រះចៅអធិរាជ ៤ អង្គ។ សារមន្ទីរថ្មីរបស់ប្រទេសអេហ្ស៊ីបត្រូវបានប្តូរទៅកាន់ទីសាធារណៈ Tahrir ជំនួសវិញ។

សារមន្ទីរថ្មីគឺនៅចំកណ្តាលក្រុងគែរនៅសារមន្ទីរ National Museum of Egyptian Civilization មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រនៅភាគអាគ្នេយ៍។ អាជ្ញាធរក្រុងកំពុងបិទផ្លូវនៅតាមបណ្តោយទន្លេនីលក្នុងពិធីដ៏ឧឡារិក ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ដោយការប្រមូលព្រះសពម៉ាមីបុរាណជាច្រើនរបស់អេហ្ស៊ីប។ ទោះបីជាវិស័យទេសចរណ៍ត្រូវបានជាប់គាំងដោយសារតែការរឹតត្បិតជម្ងឺកូវីត-១៩ ក្តីក៏រាជរដ្ឋាភិបាលប្រទេសនេះនៅតែយកចិត្តទុកដាក់ដដែល។

អ្នកបុរាណវិទ្យាអេហ្ស៊ីប Zahi Hawass បាននិយាយថា ព្រះសពម៉ាំមីនីមួយៗត្រូវរៀបចំយ៉ាងពិសេស ដែលដាក់អាស៊ូតដើម្បីជួយការពារសកសព។ គេបានយកសាកសពម៉ាមីទាំង ២២ ទៅដាក់លើរទេះនិងបានរចនាឡើងដើម្បីដាក់សាកសពម៉ាមីយ៉ាងមានសុវត្ថិភាព។ យើងបានជ្រើសរើសសារមន្ទីរ Civilization Museum ពីព្រោះយើងចង់បង្ហាញរូបរាង្គព្រះសពម៉ាំមីតាមលក្ខណៈស៊ីវិល័យ ការគោរពខ្ពស់ ការអប់រំខ្ពស់ និងមិនមែនសម្រាប់ជាការកម្សាន្តដូចនៅក្នុងសារមន្ទីរអេហ្ស៊ីបចាស់ទេ។

អ្នកបុរាណវិទូបានរកឃើញសាកសពម៉ាំមីចំនួនពីរនៅឯបរិវេណប្រាសាទតំបន់ Deir el-Bahari នៅទីក្រុង Luxor និងនៅក្បែរជ្រលងភ្នំ Valley of the Kings កាលពីឆ្នាំ ១៨៧១។ ព្រះសពម៉ាមីខាងលើមានវ័យចំណាស់ជាងគេរបស់ស្តេច Seqenenre Tao ដែលជាស្តេចចុងក្រោយនៃរាជវង្សទី ១៧។ កាលនោះទ្រង់បានសោយរាជ្យនៅសតវត្សរ៍ទី ១៦ មុនគ្រិស្តសករាជ។ ក្រោយពីការរកឃើញគេគិតថាទ្រង់បានយាងចូលទីវង្គត់ដោយអំពើដ៏ឃោរឃៅ។

ក្បួនដង្ហែនេះក៏នឹងរួមបញ្ចូលទាំងព្រះសពម៉ាំមីរបស់សម្តេច Ramses II សម្តេច Seti I និងសម្តេច Ahmose-Nefertari ផងដែរ។ ទីក្រុង Fustat នាពេលបច្ចុប្បន្នគឺជាអាតីតរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីបកាលពីរាជវង្ស Umayyad បន្ទាប់ពីការដណ្តើមបានរបស់ពួកអារ៉ាប់។ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យអាមេរិក-អេហ្ស៊ីបក្នុងទីក្រុងគែរបាននិយាយថា វាជាការគោរពតាមរយៈការធ្វើបែបនេះដោយមើលឃើញសភាពល្អនិងកាលៈទេសៈអំណោយផលរបស់ព្រះសពម៉ាំមី៕ ប្រភព៖ Al Jazeera