ហ្វីលីពីនបង្ហាញថានាវាចិននៅជុំវិញកោះ Spratly ជាការរំលោភដែនអធិបតេយ្យភាព ប៉ុន្តែប្រទេសចិនបានបញ្ជាក់ថា វាជាទូកនេសាទជ្រកកោនពីអាកាសធាតុអាក្រក់ (មានវីដេអូ)

ហ្វីលីពីន៖ រូបភាពល្បាតតាមដែនអាកាសរបស់កងទ័ពហ្វីលីពីន នាពេលថ្មីៗនេះនៅបានបង្ហាញពីកប៉ាល់ប្រទេសចិននៅតំបន់ថ្មប៉ប្រះទឹកជាច្រើនគ្រឿង ដែលតំបន់នេះស្ថិតនៅប្រជុំកោះស្ព្រាតលី ជាតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង។

នៅក្នុងវីដេអូនេះមានកប៉ាល់ជាច្រើនរបស់ប្រទេសចិន បើតាមសេចក្ដីរាយការណ៍របស់ហ្វីលីពីបានប្រាប់ថា នាវាចិនទាំងនោះមានជាង ២០០ គ្រឿងកំពុងរាយប៉ាយ។ ដោយប្រទេសហ្វីលីពីនបាននិយាយចំពោះករណីនេះថា ជាការឈ្លានដែនអធិបតេយ្យភាពរបស់ប្រទេសខ្លួន។

សូមបញ្ជាក់ថា នាវាជាងពីររយគ្រឿងត្រូវបានគេប្រទះឃើញដំបូងនៅថ្ងៃទី ៧ ខែមីនានៅឯ Whitsun Reef ដែលមានចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រ (១៧៥ ម៉ាយល៍) ភាគខាងលិចនៃកោះ Palawan នៅសមុទ្រចិនខាងត្បូង។

ប្រទេសចិនបានអះអាងថានាវាទាំងនោះគឺជាទូកនេសាទ ដែលកំពុងធ្វើការជ្រកកោនគេចពីអាកាសធាតុអាក្រក់។ ប៉ុន្តែទីក្រុងម៉ានីលនិយាយថាពួកគេមកពីកងនាវាចរសមុទ្ររបស់ទីក្រុងប៉េកាំង ដែលត្រូវបានគេចោទប្រកាន់ជាញឹកញាប់ថាបានធ្វើប្រតិបត្តិការយោធាសម្ងាត់នៅក្នុងតំបន់នោះ។

នាវាប្រមាណជា ២១០ គ្រឿងកំពុង«រុះរើ»ថ្មប៉ប្រះទឹក និងកោះដទៃទៀតនៅក្នុងតំបន់នោះដោយប្រទេសហ្វីលីពីនសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានខុសច្បាប់របស់កងជីវពលសមុទ្រចិន។

អ្នកនាំពាក្យយោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា យន្ដហោះរបស់ខ្លួនបានទទួលរងការជ្រៀតជ្រែកវិទ្យុក្នុងអំឡុងពេលធ្វើបេសកកម្មឃ្លាំមើល។ ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងជាថ្មីនៅក្នុងតំបន់៕ ប្រភពពី៖ afp