
កម្ពុជា៖ តាមរបាយការណ៍ពីគេហទំព័រ drivesteslacanada និង Tesmanian ដែលជាគេហទំព័រព័ត៌មានរថយន្តរបស់ Tesla បានឲ្យដឹងថា ក្រុមហ៊ុន Tesla អាចនឹងជិតបើកមជ្ឈមណ្ឌលសេវាកម្មមួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ឆាប់ៗខាងមុខនេះ ក្រោយមានរូបភាពនៃការការសាងសង់ការិយាល័យលក់ (Showroom) ត្រូវបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសកម្ពុជា ។
រូបភាពការិយាល័យលក់ដែលមានភ្ជាប់ជាមួយឡូហ្គោ Tesla ត្រូវបានចែកចាយនៅលើប្រព័ន្ធអ៊ិនធឺរណេត រួមជាមួយផ្លាកសញ្ញាសេវាកម្មជួសជុល (Service) ដែលទើបនឹងតម្លើងថ្មីៗ ។ នោះនឹងមានន័យថា Showroom ខាងលើនេះក៏នឹងក្លាយជាមជ្ឈមណ្ឌលជួសជុលរថយន្ត Tesla ផងដែរ ។
យ៉ាងណាមិញ ចំពោះរូបភាពទាំងអស់នេះត្រូវបានផ្សព្វផ្សាយ តាមរយៈឈ្មោះគណនីហ្វេសប៊ុកឈ្មោះ Ng Kawai ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ តែនៅមិនទាន់ច្បាស់ថា តើបុរសដែលជាម្ចាស់គណនីខាងលើនេះ គាត់គឺជាបុគ្គលិកក្រុមហ៊ុន Tesla ឬជាអ្នកកាន់កាប់ក្រុមហ៊ុនចែកចាយផ្លូវការនៅប្រទេសកម្ពុជា ឬយ៉ាងណាទេ?
ទន្ទឹមនឹងនោះ បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា បច្ចុប្បន្ននេះនៅលើគេហទំព័រ ផ្នែកជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Tesla នៅមិនទាន់ឃើញមាន ការប្រកាសជ្រើសរើសបុគ្គលិកសម្រាប់តំណែងណាមួយ នាប្រទេសកម្ពុជានៅឡើយទេ ដូច្នេះវាអាចទៅរួចដែលថា ក្រុមហ៊ុន Tesla នឹងមិនបើក Showroom ដោយផ្ទាល់ខ្លួនឯងទេ ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជនភាគីទីបី ប្រហាក់ប្រហែលទៅហ្នឹង Showroom នាប្រទេសរ៉ូម៉ានី ហៅថា Teslounge ដែរ ។
តែទោះជាយ៉ាងណា សម្រាប់ព័ត៌មានមួយនេះ អាចចាត់បានថាជា មោទនភាពភាពមួយសម្រាប់ជាតិកម្ពុជាដែរ ព្រោះដោយសារតែប្រទេសយើង គឺជាប្រទេសមួយនៅតំបន់អាស៊ី ដែលមានការិយាល័យលក់ និងជួសជុលរបស់ក្រុមហ៊ុនយក្សលំដាប់ពិភពលោក ដូចជា Tesla ទាំងដែលប្រទេសជិតខាងមួយចំនួនមិនទាន់មាននៅឡើយ ។ សង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខ យើងនិងអាចឃើញរថយន្តដើរដោយថាមពលអគ្គីសនីមួយនេះ នឹងងមានវត្តមានព្រោងព្រាត នៅក្នុងប្រទេសកម្ពុជា ៕
ប្រទេស៖ drivesteslacanada និង Tesmanian