ភ្នំភ្លើងអេតណាបានផ្ទុះឡើងជាលើទី ១០ បណ្តាលឱ្យផេះ និងកម្ទេចថ្មប៉ើងដូចសំឡី

247

ទីក្រុងរ៉ូម៖ កាលពីពេលថ្មីៗនេះភ្នំអេតណា បានផ្ទុះបំភាយផេះ និងកំទេចថ្មសារជាថ្មីម្តងទៀត។ បើតាមអ្នកស្រុកដែលរស់នៅទីនោះបានឱ្យដឹងថា ភ្នំភ្លើងអេតណា បានចាប់ផ្តើមផ្ទុះឡើងតាំងពីពាក់កណ្តាលខែកុម្ភៈមកម្លេះ។

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅម៉ោង ២ ព្រឹកកាលពីថ្ងៃអាទិត្យ ហើយវាគឺជាការផ្ទុះលើកទី ១០ នៃភ្នំអេតណាចាប់តាំងពីថ្ងៃទី ១៦ ខែកុម្ភៈ។ នៅពេលយប់មេឃមានពន្លឺពណ៌ទឹកក្រូចលាយក្រហមដែលធ្វើឱ្យពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកស្រុកដែលរស់នៅក្នុងភូមិ Sicilian និងភូមិដែលនៅក្បែរនោះបានសម្អាតផេះ និងកម្ទេចថ្មពីផ្ទះ ផ្លូវដើរ និងរានហាលរបស់ពួកគេ។

បើតាមរូបភាពពីបណ្តាញសង្គមគេបានឃើញរថយន្តជាច្រើនគ្រឿងបានគ្របដោយក្រណាត់ ឬក្រដាសកាតុង ស្របពេលដែលមានពលរដ្ឋខ្លះបានធ្វើប្រអប់ដើម្បីការពារកម្ទេចថ្មដែលធ្លាក់លើពួកគេ។

យ៉ាងណាមិញផេះនិងកម្ទេចថ្មបានធ្លាក់មកលើភូមិនានានៅតាមជម្រាលភ្នំភ្លើងអេតណាពេញមួយយប់។ មិនត្រឹមតែប៉ុណ្ណោះទេការរញ្ជួយបានធ្វើឱ្យខូចខាតផ្ទះសម្បែងនិងអគារផ្ទះល្វែង រីឯកម្អែលភ្នំភ្លើងក៏ហូរចុះតាមចំហៀងភ្នំដែលគ្មានមនុស្សរស់នៅផងដែរ។ ពលរដ្ឋដែលរស់នៅទីនោះត្រូវបានជម្លៀសចេញចាប់តាំងពីមុនខែកុម្ភៈមកម្លេះ ក្រោយពីអាជ្ញាធរបានចេញសេចក្តីប្រកាសពីករណីផ្ទុះភ្នំភ្លើងនេះ។

តាមរយៈក្រុមមន្រ្ក្តីក្នុងតំបន់បាននិយាយថា កាលពីថ្ងៃអាទិត្យផ្សែងដែលហុយចេញពីភ្នំភ្លើងនេះមានកម្រាស់ប្រហែល ៩១៤៤ ម៉ែត្រ។ ចាប់តាំងពីមានការផ្ទុះបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែកុម្ភៈគ្មាននរណារងរបួសឬការខូចខាតគួរឱ្យកត់សម្គាល់នោះទេ។ ជាការពិតណាស់ភ្នំភ្លើងអេតណាជាភ្នំភ្លើងសកម្មមួយបានផ្ទុះឡើងម្តងម្កាលនិងបង្ហូរកម្អែលនិងសម្លេងផ្ទុះខ្លាំង។

ក្រោយពីភ្នំភ្លើងអេតណាបានស្ងប់ស្ងាត់ទៅវិញនៅពេលព្រឹក ពលរដ្ឋដែលរស់នៅក្បែរនោះសប្បាយចិត្តយ៉ាងខ្លាំង។ ជាអកុសលការញ័ររញ្ជួយបានចាប់ផ្តើមម្តងទៀតនៅពេលថ្ងៃដែលបានបង្កការភ័យខ្លាចដល់ពលរដ្ឋ៕ ប្រភព៖ Big News Network