WOW! រកឃើញផូស៊ីលឆ្អឹងសត្វនៅកោះប៉ោរបស់កម្ពុជា អាយុកាលចន្លោះពី ៦៥លាន-១៩០លានឆ្នាំ

276

យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានប្រាប់ឲ្យដឹងថា អ្នកជំនាញនៃក្រសួងបរិស្ថានកំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ។

ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។

តាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។

ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ៕