ប្រធានវិស្វកររបស់ NASA ភ្ញាក់ផ្អើលខ្លាំង ក្រោយមានអ្នកពូកែសង្កេត រកឃើញកូដសម្ងាត់ នៃឆ័ត្រយោងយានអវកាស Perseverance (មានវីដេអូ)

186

ក្លាយជាព័ត៌មានក៏គួរឲ្យចាប់អារម្មណ៍មួយទៀត ខណៈពេលដែលមានអ្នកនិយមលេងអិនធឺណិតពូកែសង្កេត រកឃើញកូដសំងាត់នៅពីលើឆ័ត្រយោងនៃយានអវកាស Perseverance ដែលចុះចតនៅលើភពអង្គារកាលពីថ្មីៗនេះ ហើយពួកគេអាចស្រាយកូដនេះបានទៀតផង។

ទីភ្នាក់ងារព័ត៌មាន IGN បានរាយការណ៍នៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២១ ថា បន្ទាប់ពីយាន Perseverance បានចុះដោយជោគជ័យនៅលើភពព្រះអង្គារ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ ឬណាសា បានចេញឃ្លីបវីដេអូពីពេលវេលាដែលយានអវកាសចុះចតនៅភពព្រះអង្គារ ជាមួយការកត់ត្រាទាំងពណ៌ និងសម្លេងនៅលើភពព្រះអង្គារជាលើកដំបូង ។

ប៉ុន្តែខណៈដែលអ្នកទស្សនាភាគច្រើនសង្កេតមើលការចុះចតរបស់យានអវកាស ក៏មានអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានកត់សម្គាល់ឃើញការរចនាពណ៌ (Pattern) នៅលើឆ័ត្រយោង ដែលលេចចេញនៅម៉ោង  ០:១៥ នាទី នៃឃ្លីបវីដេអូទៅវិញ ។ អ្នកនិយមលេងអ៊ីនធឺណេតរូបនោះបានរកឃើញថា ការរចនានោះគឺជាកូដសម្ងាត់ មុនពេលពួកគេអាចស្រាយកូដសម្ងាត់នោះបានដោយជោគជ័យ ។

នោះគឺអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ ដែលមានគណីឈ្មោះ @FrenchTech_paf បានបង្ហោះសារថា៖ គាត់និងឪពុករបស់គាត់បានរកឃើញពាក្យចំនួនបី ដែលលាក់នៅក្នុងឆ័ត្រយោងថា “Dare mighty things” ដែលមានន័យថា “ហ៊ានប្រឈមនឹងរឿងអស្ចារ្យ” ដែលនេះគឺជា បាវចនារបស់ក្រុមបេសកកម្ម Perseverance នៅមន្ទីរពិសោធន៍ណាសា និងត្រូវបានប្រើជាការិយាល័យកណ្តាលសម្រាប់បេសកកម្មខាងលើ ។

ចំណែកវិធីស្រាយកូដ ខាង @FrenchTech_paf លាតត្រដាងថា របារពណ៌ក្រហមនៅលើឆ័ត្រយោង ដែលមើលទៅដូចជាបែកជាបួន ប្រហែលជាលេខកូដគោលពីរ ដោយរបារក្រហមតំណាងឲ្យលេខ ១ ចំណែករបារពណ៌សតំណាងឲ្យលេខ ០ មុនពេលបញ្ចូលគ្នាជាក្រុមលេខចំនួន ១០ ក្នុងរង្វង់តែមួយ ដើម្បីបង្កើតជាលេខគោល ១០ ជំនួសដោយអក្ខរក្រមអង់គ្លេសដេញមកតាមលំដាប់លំដោយ ។

ក្រោយមក លោក Adam Steltzner ដែលជាប្រធានវិស្វករនៃបេសកកម្មខាងលើ បានចេញមកបញ្ជាក់ចម្លើយដោយខ្លួនឯង បូករួមជាមួយរូបភាពពន្យល់អំពីវិធីស្រាយកូដងាយៗ ថែមទាំងបង្ហាញការកោតសរសើរ ដល់អ្នកនិយមលេងអ៊ីនធឺណេតខាងលើ ដែលបានធ្វើការដោះលេខកូដសម្ងាត់ក្នុងរយៈពេលតែ ៦ ម៉ោងប៉ុណ្ណោះ “ឱ អ្នកលេងអ៊ីនធឺណិតអើយ តើមានអ្វីដែលអ្នកមិនអាចធ្វើបានទេ?”

វីដេអូការចុះចត របស់យាន Perseverance៖