អាណិតណាស់! ដោយការធ្វេសប្រហែសតែបន្តិច ធ្វើឲ្យបាត់បង់កូនជាទីស្រលាញ់

136

ហ្វីលីពីន៖ ក្មេងតូចអាយុ ២ ឆ្នាំម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បន្ទាប់ពីនាំយកស្លាបព្រាទៅដោតនឹងព្រីភ្លើង ហើយនេះជាសារ​ដាស់តឿនដល់ឪពុកម្តាយដែលចិញ្ចឹមកូនតូច កុំមើលឲ្យមើលរំលងរឿងរ៉ាវតូចតាច ថែមទាំងមិនគួរទុកក្មេងតូចឲ្យលេងនៅក្បែរព្រីភ្លើងដែរ ។

នៅថ្ងៃទី ២៣ ខែកុម្ភះឆ្នាំ ២០២១ គេហទំព័រ Manila Bulletin បានចែករំលែកហេតុការណ៍ដល់ឪពុកម្តាយផ្សេងៗ នៅពេលដែលក្មេងប្រុសតូចមានអាយុត្រឹមតែ ២ ឆ្នាំមកពីទីក្រុង Son City ប្រទេសហ្វីលីពីន បានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី បន្ទាប់ពីក្មេងប្រុសតូចកំពុងលេងរពិស និងនាំយកស្លាបព្រាដែកទៅដោតចូលក្នុងរន្ធព្រីភ្លើង ។

គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីក្មេងប្រុសទើបតែធ្វើពិធីខួបកំណើតគម្រប់អាយុ ២ ឆ្នាំ របស់ខ្លួននៅថ្ងៃទី ៧ ខែកុម្ភះដោយម្តាយបានសារភាពថា ខ្លួនបានទុកស្លាបព្រាចោលបន្ទាប់ពីប្រើវាដើម្បីដួសទឹកដោះគោឲ្យកូន តែទោះយ៉ាងណាក៏ដោយស្ត្រីជាម្តាយបានទទូចថា ស្លាបព្រាត្រូវបានដាក់នៅកន្លែងដែលកុមារមិនអាចយកដល់ទេ ។

ប៉ុន្តែនៅពេលដែលនាងភ្លេចខ្លួនមួយភ្លែតដើរទៅបើកទ្វារ ពេលនោះនាងបានឮសម្លេងធ្លាក់ខ្លាំងធ្វើឱ្យនាងព្រួយបារម្ភ តែនាងគិតថាប្រហែលជាមានអ្វីមួយនឹងធ្លាក់ទៅលើដី ប៉ុន្តែភ្លាមៗនោះប្តីរបស់នាងបានស្រែកខ្លាំងៗថា កូនបានដួលនៅលើឥដ្ឋ។

ជាការពិតណាស់ ក្រុមគ្រួសារនៅតែស្ថិតក្នុងគ្រាសោកសៅ ខណៈដែលពិធីបុណ្យសពត្រូវបានធ្វើឡើងសម្រាប់ទារក ដែលបានចាកចេញភ្លាមៗ ។ ម្តាយក្មេងរងគ្រោះក៏បានសរសេរពាក្យលាទៅកាន់កូនប្រុសរបស់នាង តាមរយៈហ្វេសប៊ុកថា អ្វីគ្រប់យ៉ាងមើលទៅធ្ងន់ហើយឈឺចាប់ណាស់នាពេលនេះ រហូតមិនដឹងត្រូវរកកម្លាំងចិត្ត និងភាពរឹងមាំមកពីណាទេ បន្ទាប់ពីរឿងរ៉ាវដ៏អាក្រក់នេះបានកើតឡើង “ខ្ញុំនឹកកូនខ្លាំងណាស់ ខ្ញុំស្រឡាញ់កូន កូននឹងក្លាយជាទេវតាតូចរបស់ខ្ញុំជានិច្ច” ។

យ៉ាងណាមិញ សពរបស់ក្មេងប្រុសតូចនេះ នឹងត្រូវបញ្ចុះនៅថ្ងៃទី ២៣ ខែកុម្ភៈខាងមុខនេះ ខណៈពេលអ្នកតំណាងក្រុមគ្រួសារបាន បង្ហាញ​ការដាស់តឿន ដល់ឪពុកម្តាយទាំងអស់ថា គ្រោះថ្នាក់បែបនេះអាចកើតឡើងប្រសិនបើមានដែក ឬម្រាមដៃត្រូវដោតចូលទៅក្នុងព្រីភ្លើង ដូច្នេះដើម្បីសុវត្ថិភាព ត្រូវថែរក្សាកុមារឱ្យនៅឆ្ងាយពីព្រីភ្លើង ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យមានសោកនាដកម្មកើតឡើងដូចជាពួកគេ ៕