ដោយសារ ឥទ្ធិពលកូវីដ! ស្រីស្អាតម្នាក់ស្ទើរដាច់បាយ តែដោយសម្រចចិត្តត្រូវស្រាប់តែដាច់គ្មានពេលសម្រាក

384

ថៃ៖ នារីវ័យក្មេងលក់ចាហួយខ្មៅទឹកដោះគោស្រស់ ស្ទើរតែដាច់បាយដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ប្តូរគំនិតទៅស្លៀកសម្លៀកបំពាក់បែបតុក្កតាលក់ជំនួសវិញ ធ្វើឲ្យអតិថិជនកើតការចាប់អារម្មណ៍ ធ្លាប់លក់បានមួយថ្ងៃតែ ២០ កែវ ឥឡូវលោតទៅដល់ជាង ២០០ កែវក្នុងមួយថ្ងៃ។

នៅថ្ងៃទី ២២ ខែកុម្ភះឆ្នាំ ២០២១ សារព័ត៌មានបុស្តិលេខ ៣ ថៃ បានចែករំលែករឿងរ៉ាវ ដែលជាគំនិតនៃការលក់ចាហួយខ្មៅទឹកដោះគោស្រស់ ដោយកញ្ញា Supanimit Limpaibun ឬហៅក្រៅថា នុន អាយុ ២៥ ឆ្នាំ ជាម្ចាស់ហាងទឹកដោះគោ Ah  Mouy Chak Guay ទឹកដោះគោស្រស់។ មានទីតាំងនៅក្រុង Prachuap Khiri Khan ដោយបានស្លៀករ៉ូប cosplay សិចស៊ី ដើម្បីទាក់ទាញអតិថិជន លក់រហូតដល់ថ្នាក់រកពេលសម្រាកគ្មាន ។

កញ្ញា នុន បានបង្ហើបថា នាងធ្លាប់លក់ចាហួយខ្មៅទឹកដោះគោស្រស់ អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃមានបរិមាណលក់ជាមធ្យម ២០ កែវ វាមិនច្រើនទេតែល្មមអាចចិញ្ចឹមជីវិតបាន។ លុះរហូតមកដល់ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នាងក៏បានសម្រេចចិត្តឈប់លក់អស់រយៈពេលជាច្រើនខែ រហូតដល់ឃើញថា ក្នុងមួយរយៈក្រោយនេះអ្នកភូមិចាប់ផ្តើមចាយវាយច្រើនជាងមុន កញ្ញានុន ក៏បានសាកល្បងបញ្ជាទិញសម្លៀកបំពាក់ថ្មីៗ ដើម្បីស្លៀកពាក់បែបតុក្កតា ដូចជា រ៉ូបរាត្រី រ៉ូបនារីទន្សាយ ឈុត​សម្លៀកបំពាក់ស្បៃ ឈុតស្ត្រីមេផ្ទះ ឈុតនារីគិលានុបដ្ឋាយិកា ឈុតនារីប៉ូលីស ជាដើម ពេលខ្លះមានប្រដាប់ប្រដាពាក់លើក្បាល ដូចជាត្រចៀកទន្សាយ ត្រចៀកឆ្មា ។ល។

នាងបានសារភាពថា នៅពេលស្លៀកសំលៀកបំពាក់ cosplay ដំបូងនាងមានអារម្មណ៍ខ្មាស់អៀន ដោយសារតែអតិថិជនមិនស្គាល់ រាល់មនុស្សដែលបានឆ្លងកាត់សុទ្ធតែងាកមើល មានអ្នកខ្លះបើកឡានហួស ក៏បកត្រឡប់មកក្រោយវិញ និងបញ្ចប់ដោយការជួយទិញចាហួយខ្មៅទៅញ៉ាំ ជាមួយតម្លៃលក់ ៣០ បាត (ប្រហែល ១ ដុល្លារ) ក្នុងមួយកែវ ។ ក្រោយមកនាងលក់ដាច់ជាបណ្តើរៗ ដោយគ្រាន់តែ ២ សប្តាហ៍សោះ អតិថិជនចាប់ផ្តើមស្គាល់កាន់តែច្រើនឡើងៗ ។ ទន្ទឹមនឹងនោះក៏មានទាំងអតិថិជនប្រុស និងអតិថិជនស្រីដែលបានមកទិញ និងស្នើសុំរូបភាពដើម្បីយកទៅបង្ហោះលើបណ្តាញសង្គម រហូតទាល់តែល្បីតែម្តង។ កញ្ញានុន បានបង្ហើបថា កាលពីមុននាងអាចលក់បានតែ ២០ កែវក្នុងមួយថ្ងៃ តែឥឡូវនេះនាងលក់បានរហូត ២០០ ទៅ ២៥០ កែវក្នុងមួយថ្ងៃ ។ អាចនិយាយបានថា ការសម្រេចចិត្តរបស់នាង គឺត្រឹមត្រូវ វាជាឱកាសដែលនៅក្បែរខ្លួន ហើយនាងបានចាប់យកឱកាសនោះយកមកប្រើ ដោយមិនស្ទាក់ស្ទើរឡើយ ។

ដូច្នេះសម្រាប់បងប្អូនប្រិយមិត្ត ដែលកំពុងស្វែងរកឱកាស កសាងភាពលេចធ្លោនៅក្នុង ពិភពអនឡាញ បងប្អូនអាចគិតគូរកែច្នៃគំនិតមួយនេះយកទៅប្រើបាន ថាមិនត្រូវបងប្អូនអាចនឹងជោគជ័យដូចជាកញ្ញានុន រូបនេះដែរ ៕