ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី រកឃើញអាយុកាលពិតរបស់គំនូរសត្វកង់គូរូដ៏ចំណាស់ឆ្លាក់លើផ្ទាំងថ្ម

27

អូស្ត្រាលី៖ ក្រុមអ្នកវិទ្យាសាស្ត្របានវិភាគដោយកាំរស្មីដើម្បីកំណត់អាយុកាលរូបសត្វកង់គូរូនៅលើផ្ទាំងថ្មដោយបង្ហាញថា វាត្រូវបានគេគូរកាលពីជាង ១៧.០០០ ឆ្នាំមុន។ វាគឺជារូបគំនូរមួយស្ថិតក្នុងចំណោមរូបគំនូរលើផ្ទាំងថ្មជាច្រើនផ្សេងទៀត ដែលត្រូវបានកត់ត្រាដំបូងដោយក្រុមអ្នកស្រាវជ្រាវកាលពីទសវត្សឆ្នាំ ១៩៩០។ នៅតំបន់ Kimberley ជាកន្លែងមួយសម្បូរទៅដោយសិល្បៈថ្មរបស់ជនជាតិដើមភាគតិច ដែលរស់នៅច្រើនជាងគេបំផុតលើពិភពលោក។ អ្នកវិទ្យាសាស្ត្រនៅតាមសាកលវិទ្យាល័យនានា និងទីភ្នាក់ងារស្រាវជ្រាវជាច្រើនបានធ្វើការជាមួយអ្នកដឹកនាំជនជាតិដើមក្នុងតំបន់ដើម្បីវិភាគលើផ្ទាំងគំនូរតាមការរកឃើញរបស់ពួកគេ និងត្រូវបានចេញផ្សាយក្នុងទស្សនាវដ្តី Nature Human Behaviour។

សិល្បៈគំនូរលើផ្ទាំងថ្មគឺជាកំណត់ត្រាដំបូងបំផុតហើយបានបង្ហាញអំពីការប្រាស្រ័យទាក់ទងគ្នារបស់មនុស្សនិងសត្វតាមរយៈរូបគំនូរចាស់ៗបំផុតទាំងនោះ។ គេក៏បានរកឃើញពួកវានៅ Sulawesi ប្រទេសឥណ្ឌូនេស៊ីផងដែរ។ វាគឺជាការពិសោធន៍មួយចំពោះកាលបរិច្ឆេទរបស់គំនូរដែលមានអាយុកាលលើសពី ៦០០០ ឆ្នាំ។ ដោយសម្ភារៈពិសោធន៍ពណ៌មានការពិបាកក្នុងការធ្វើវិទ្យុសកម្មជាមួយកាបូន ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលីបានប្រើសំបុកស្រាំងមកសិក្សាជំនួសវិញ។ ពួកគេក៏បានរកឃើញសំបុកស្រាំងចំនួន ២៧ ដែលជាវត្ថុដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវ។ តាមរយៈសំបុកស្រាំងក្រុមអ្នកវិទ្យាសាស្ត្រអាចចុះកាលបរិច្ឆេទតាមវិទ្យុសកម្មលើផ្ទាំងគំនូរដែលនៅពីក្រោមផ្ទាំងថ្ម និងនៅលើផ្ទាំងថ្មចំនួន ១៦ ផ្សេងទៀតបាន។

សំបុកស្រាំងទាំងនោះអាចប្រាប់អ្នកវិទ្យាសាស្ត្រនៅអាយុកាលតិចឬច្រើនរបស់ផ្ទាំងគំនូរនៅលើថ្មបាន ព្រោះសត្វស្រាំងនៅពេលនោះពួកវាបានយកភក់និងបំណែកកាបោនមកធ្វើជាសំបុក។ បើតាមការសិក្សាបានឱ្យដឹងថា ខណៈដែលមានភ្លើងឆេះព្រៃជាញឹកញាប់នៅក្នុងតំបន់នោះ ហើយបានដុតបំផ្លាញរុក្ខជាតិពពួកស្មៅ ដូច្នេះសំបុកស្រាំងភាគច្រើនមានកាបោន ថ្ម និងភក់។ តាមរយៈសម្បុកស្រាំងទាំងនោះអ្នកនិពន្ធនិងអ្នកវិទ្យាសាស្ត្របានបង្ហាញថា ភាគច្រើននៃគំនូរមានអាយុកាលចន្លោះពី ១៣,០០០ ឆ្នាំទៅ ១៧,០០០ មុន។ មិនត្រឹមតែប៉ុណ្ណោះទេក្រុមអ្នកវិទ្យាសាស្រ្តក៏បានសិក្សាលើអាយុកាលរបស់រូបគំនូរជាច្រើនទៀតដូចជារូបដំបង ជីងចក់ ពស់ ត្រី បក្សី ​ខ្ទួយ​ ក្អែប មនុស្ស​ បាតដៃមនុស្សថែមទៀតផង។

បើតាមរូបគំនូរសត្វកង់គូរូវិញត្រូវបានកំណត់កាលបរិច្ឆេទចន្លោះពី ១៧.១០០ ឆ្នាំនិង ១៧.៥០០ ឆ្នាំមុន។ វាត្រូវបានគេគូរនៅលើពិដានដ៏រអិលតាមជម្រកថ្ម ដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នា។ អ្នកស្រាវជ្រាវបានសរសេរថា យើងក៏មានកាលបរិច្ឆេទជាច្រើនទៀតកាលពីសម័យនោះ ដែលតម្រូវឱ្យយើងបង្កើតជាគំនូរពេញលេញដើម្បីអាចរក្សាពួកវាឱ្យបានមកដល់ពេលបច្ចុប្បន្ន។ ការសិក្សានេះគឺជាផ្នែកមួយនៃគម្រោងណាត់ជួបអ្នកសិល្បៈមកពីតំបន់ Kimberley ដែលប្រើបច្ចេកវិទ្យាផ្សេងៗគ្នា ដើម្បីសិក្សាពីការវិវត្តនៃសិល្បៈថ្មក៏ដូចជាទេសភាពធម្មជាតិនានា។ ហេតុផលទាំងនេះបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រខិតខំប្រមូលភស្តុតាងដើម្បីកំណត់អាយុកាលសិល្បៈបុរាណនានានៅប្រទេសអូស្ត្រាលី៕ CNN