ស្ត្រីចម្លែក! បរបាញ់សត្វហ្សីរ៉ាហ្វយកបេះដូងមកថតជាមួយហើយ ថែមទាំងលើកហេតុផល សឹងមិនគួរឲ្យជឿទៀត

41

សារព័ត៌មាន Mirror បានរាយការណ៍ពី ភាពក្លាហានរបស់នារីម្នាក់ដែល ដែលហ៊ានបង្ហាញរូបថតជាមួយនឹងបេះដូងសត្វហ្សីរ៉ាហ្វ បន្ទាប់នាងពីបានបាញ់សត្វហ្សីរ៉ាហ្វក្របី (bull giraffe) នៅក្នុងឧទ្យានសត្វព្រៃមួយនៅទ្វីបអាហ្វ្រិក កាលចុងសប្តាហ៍ចុងក្រោយថ្ងៃបុណ្យនៃសេចក្តីក្តីស្រឡាញ់។

នាង Mere Liz Fundermere អាយុ ៣២ ឆ្នាំជាម្ចាស់កសិដ្ឋានដាំក្រូច នៅខេត្ត Limpopo នៅភាគខាងជើងនៃប្រទេសអាហ្រ្វិកខាងត្បូង ខណៈពេកប្តីរបស់នាងបានចំណាយប្រាក់អស់ជាង ៦៣.០០០ ផោនដើម្បីឱ្យប្រពន្ធរបស់ខ្លួនបានបរបាញ់សត្វហ្សីរ៉ាហ្វក្របី តាមក្តីស្រមៃ ៥ ឆ្នាំរបស់នាង បន្ទាប់ពីនាងបានចាប់ផ្តើមបរបាញ់នៅអាយុ ៥ ឆ្នាំ និងបានសម្លាប់សត្វដល់ទៅ ៥០០ ក្បាល រួមទាំងសត្វតោ ខ្លារខិន និងដំរីទៀតផង ។

នាង Fundermere បានបង្ហោះរូបថតរបស់ជាមួយនឹងបេះដូងរបស់សត្វហ្សីរ៉ាហ្វអាយុ ១៧ ឆ្នាំ ដែលនាងបានបាញ់ដោយកាំភ្លើង ជាមួយនឹងលើកឡើងថា “តើអ្នកធ្លាប់ឆ្ងល់ទេថា បេះដូងរបស់សត្វហ្សីរ៉ាហ្វមានទំហំប៉ុនណា? ខ្ញុំពិតជារីករាយជាមួយនឹងកាដូរនៃក្តីស្រឡាញ់របស់ខ្ញុំ” ជាការពិតណាស់ កាលដែលនាងនិយាយបែបនេះ គឺដើម្បីដៀមដាមដល់ក្រុមដែលកំពុងរិះគន់ ទាក់ទងនឹងការការពារសិទ្ធិសត្វ ដោយនាងអះអាងថា ការសម្លាប់សត្វហ្សីរ៉ាហ្វចាស់ អាចជួយសង្គ្រោះសត្វជិតផុតពូជនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែក្រុមអ្នកអភិរក្សបានបដិសេធការអះអាងនេះ ។

“ខ្ញុំមិនគោរពសត្វទាំងនេះទេ ខ្ញុំហៅពួកគេថាម៉ាហ្វីយ៉ា” Fundermere បានបង្ហើបឱ្យដឹង មុនពេលប្រាប់ពីក្តីស្រមៃទាំងអស់ក្លាយជាការពិតដោយក្តីរំភើបថា ដំបូងនាងនិងប្តីរបស់នាង បានរៀបចំផែនការធ្វើដំណើរកម្សាន្តនៅថ្ងៃនៃក្តីស្រឡាញ់ ទៅកាន់រមណីយដ្ឋាន Sun city រហូតដល់មិត្តភក្តិម្នាក់បានទូរស័ព្ទមកប្រាប់ដំណឹងល្អ អំពីសត្វហ្សីរ៉ាហ្វក្របីដែលនាងចង់បរបាញ់នៅក្នុងឧទ្យាននេះ ។

“ខ្ញុំបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីស្វែងរកសត្វហ្សីរ៉ាហ្វល្អឥតខ្ចោះដោយខ្លួនឯង ពពួកសត្វហ្សីរ៉ាហ្វក្របីកាន់តែចាស់ កាន់តែមានពណ៌ក្រម៉ៅ ខ្ញុំចូលចិត្តស្បែករបស់សត្វដែលជានិមិត្តរូបនៃទ្វីបអាហ្វ្រិក យើងបានផ្លាស់ប្តូរផែនការយ៉ាងឆាប់រហ័ស ហើយស្វាមីដ៏អស្ចារ្យរបស់ខ្ញុំគឺលោក Gerhardt ដឹងថា នេះជាមហិច្ឆតារបស់ខ្ញុំ ខ្ញុំប្រៀបដូចជាកូនក្មេង ដែលរាប់ពេលថយក្រោយអស់រយៈពេលជាង ២ សប្តាហ៍” ។

ទន្ទឹមននិងនោះ នាងបានអះអាងថា វីរភាពរបស់នាងបានបង្កើតការងារដល់អ្នកភូមិចំនួន ១១ នាក់ក្នុងមួយថ្ងៃ ហើយអ្នកភូមិជាច្រើនមានសាច់សត្វហ្សីរ៉ាហ្វក្របីហូប។ ហើយនាងក៏នឹងប្រើស្បែករបស់សត្វហ្សីរ៉ាហ្វក្របីចាស់ មកធ្វើជាកំរាលព្រំ នាងព្រមទាំងបានអះអាងថា ការស្លាប់របស់សត្វហ្សីរ៉ាហ្វចាស់នេះ នឹងជំនួសដោយសត្វហ្សីរ៉ាហ្វថ្មី ហើយឆ្លងហ្សែនថ្មីដែលរឹងមាំជាងមុនទៅទៀត។

“ប្រសិនបើការបរបាញ់ត្រូវបានហាមឃាត់ សត្វទាំងនេះនឹងគ្មានតម្លៃ ហើយនឹងផុតពូជ ការបរបាញ់បានជួយនាំសត្វមួយចំនួនធំពីការផុតពូជ មានតែអ្នកការពារសត្វទាំងនេះទេគឺជាអ្នកប្រមាញ់” Fundermere បាននិយាយផងដែរថា ការបរបាញ់បានសន្សំសំចៃការងាររាប់ពាន់ នៅក្នុងឧស្សាហកម្មទេសចរណ៍ ៕