តាមពិតទៅ ភេសជ្ជៈសូដា “ស្ករ ០%” មិនមែនជាជម្រើសល្អជាង ភេសជ្ជៈសូដាធម្មតាទេ

59

សម្រាប់បងប្អូនដែលចូលចិត្តផឹកភេសជ្ជៈសូដាគ្មានជាតិស្ករ ព្រោះគិតថាវានឹងមិនបំផ្លាញសុខភាពដូចភេសជ្ជៈធម្មតា ដោយសារគ្មានជាតិស្ករ ឬផឹកហើយក៏មិនធាត់ មិនថាមពល បើបងប្អូនប្រិយមិត្តគិតដូច្នេះ បងប្អូនប្រហែលជាត្រូវផ្លាស់ប្តូរគំនិតលើបញ្ហានេះម្តងទៀត។ តាមរយៈការស្រាវជ្រាវរបស់សាកលវិទ្យាល័យបូស្តុន នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា ភេសជ្ជៈទាំងនេះអាចបង្កើនហានិភ័យ នៃជំងឺភ្លេចភ្លាំង និងជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាងភេសជ្ជៈធម្មតា កត្តានេះវាអាចធ្ងន់ធ្ងរជាងបញ្ហាធាត់ទៅទៀត ។

ទន្ទឹមនឹងនោះ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក បានសិក្សាសំណាកមនុស្សចំនួន ៤.៣៧២ នាក់ដែលមានអាយុលើសពី ៤៥ ឆ្នាំឡើងទៅ រហូតរយៈពេលដល់ទៅ ១០ ឆ្នាំ ដោយបានសិក្សាពីអាហារនិងភេសជ្ជៈដែលពួកគេបានទទួលទាន ហើយអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលផឹកសូដារបបអាហារ (Soda Sugar free) មួយកំប៉ុងក្នុងមួយថ្ងៃ គឺងាយនឹងវិវត្តទៅជាជំងឺវង្វេងវង្វាន់ និងជំងឺដាច់សរសៃឈាមខួរក្បាល ច្រើនជាងអ្នកដែលមិនបានផឹកភេសជ្ជៈទាំងនេះរហូតដល់ទៅ ២,៩ ដង ។

នោះដោយសារធាតុផ្សំនៅក្នុងសូដារបបអាហារ ដែលហៅថា aspartame ជាជាតិផ្អែមជំនួសស្ករ អាចធ្វើឱ្យសរសៃឈាមតូចចង្អៀត និងជាដើមហេតុទាំងអស់នៃជំងឺវង្វេងវង្វាន់ ព្រមទាំងជំងឺដាច់សរសៃឈាមខួរក្បាលនោះឯង ។

តែទោះយ៉ាងណា លោក Mathis Pase ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យវេជ្ជសាស្ត្របូស្តុនបានមានប្រសាសន៍ថា ទោះបីជាមិនមានទំនាក់ទំនងច្បាស់លាស់រវាងភេសជ្ជៈមានជាតិស្ករធម្មតា ជាមួយនឹងជំងឺសរសៃឈាមនិងជំងឺវង្វេងវង្វាន់ក៏ដោយ ប៉ុន្តែនេះមិនមែនមានន័យថា ពួកវាមិនប៉ះពាល់សុខភាព ឬល្អជាងភេសជ្ជៈដែលគ្មានជាតិស្ករនោះទេ។

ខណៈពេលដែលលទ្ធផលនៃការសិក្សានៅដើមឆ្នាំនេះ នាសាកលវិទ្យាល័យ Imperial College London ប្រទេសអង់គ្លេស ក៏បានធ្វើសេចក្តីសន្និដ្ឋានលើភេសជ្ជៈគ្មានជាតិស្ករផងដែរ ជាមួយការប្រើប្រាស់ជាតិផ្អែមជំនួសស្ករ វាមិនមានឥទ្ធិពលលើទម្ងន់រាងកាយ ដូចដែលមនុស្សជាច្រើនយល់ទេ វាគ្រាន់តែជាជាតិផ្អែមដែលមិនផ្តល់ថាមពលតែប៉ុណ្ណោះ ៕