តោះទៅស្គាល់ប្រវត្តិ Tsar Bomba ជាគ្រាប់នុយក្លេអ៊ែរ ដែលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ (មានវីដេអូ)

52

អាវុធប្រល័យលោកដែលអាចផ្លាស់ប្តូរពិភពលោកទាំងមូល

តើបងប្អូនប្រិយមិត្តធ្លាប់បានឮរឿងរ៉ាវរបស់ គ្រាប់បែកនុយក្លេអ៊ែរដ៏សាហាវបំផុតដែលមនុស្សធ្លាប់បានផលិត និងសាកល្បងប្រើពីមុនមកទេ? វាមានឈ្មោះថា “Tsar Bomba” ។

វាជាអាវុធនុយក្លេអ៊ែរគ្រាប់បែកអ៊ីដ្រូសែន ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលសង្រ្គាមត្រជាក់ដោយសហភាពសូវៀត ហើយវាមានឈ្មោះពិតផ្លូវការថា Soviet RDS-220 ។

គ្រាប់បែកនុយក្លេអ៊ែរនេះ ត្រូវបានរចនាឡើងដោយក្រុមរូបវិទូ ដឹកនាំដោយលោក Yuli Khariton ក្រោមគម្រោងគ្រាប់បែកបរមាណូសូវៀត ដែលបានចាប់ផ្តើមជាលើកដំបូងពីការបញ្ជារបស់លោក Joseph Stalin (អតីតនាយករដ្ឋមន្ត្រីនៃសហភាពសូវៀត) ។

មុខងាររបស់ Tsar Bomba

Tsar Bomba មានយន្តការនៃសកម្មភាពផ្អែកលើអាតូមអ៊ីដ្រូសែន ជាចំណុចប្រតិកម្មនុយក្លេអ៊ែរ ដើម្បីបង្កើតថាមពលលាយបញ្ជូលគ្នាដែលក្តៅបំផុត អាចនិយាយបានថា គឺជាប្រតិកម្មដូចគ្នាដែលកើតឡើងនៅក្នុងស្នូលព្រះអាទិត្យអញ្ចឹងដែរ។

ដើមឡើយវាត្រូវបានគេរចនាឱ្យមានកំលាំងខ្លាំង ដូចជាទៅនឹង TNT (សមាសធាតុគីមី) ដល់ទៅ ១០០ មេហ្គាតោន តែក្រោយមកវាត្រូវបានកាត់បន្ថយមកនៅត្រឹមប្រហែល ៥០ មេហ្គាតោនវិញ ដើម្បីធ្វើឱ្យគ្រាប់បែកអាចដឹកដោយយន្ដហោះបាន ប៉ុន្តែទោះយ៉ាងណាគ្រាប់បែកនេះនៅតែមានទម្ងន់ ២៧ តោន។

គំរូ Tsar Bomba

កាលបរិច្ឆេទកើតហេតុ

តែវាក៏ជាសំណាងល្អមួយដែរសម្រាប់ពិភពលោកនេះ ដែល Tsar Bomba មិនត្រូវបានគេយកទៅវាយប្រហារនរណាម្នាក់ទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីសាកល្បង នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៦១ និងធ្វើការដឹកជញ្ជូនដោយយន្តហោះ ហើយត្រូវបានគេកំណត់គោលដៅនៅ “Novaya Zemlya” ជាកោះមួយនៅភាគខាងជើងឧបទ្វីប Scandinavia ។

ស្ថិតក្នុងប្រតិបត្តការសាកល្បង Tsar Bomba ត្រូវបានបំពាក់ឆត្រយោងមុនពេលទម្លាក់ចេញពីយន្តហោះ ការធ្វើដូច្នេះដើម្បីពន្យារពេលឲ្យអ្នកបើកយន្តហោះអាចរត់គេចពីកម្លាំងផ្ទុះ មុនពេលគ្រាប់បែកនឹងបំផ្ទុះនៅកម្ពស់ ៤ គីឡូម៉ែត្រម្តងទៀត។

ប៉ុន្តែវិធីបែបនេះត្រូវគេនិយាយថា ការរស់រានមានជីវិតរបស់អ្នកបំផ្ទុះគ្រាប់បែកគឺមានតែ ៥០% ប៉ុណ្ណោះ ដូច្នេះសំណាងដែលពួកគេបានរួចជីវិត។

លទ្ធផលពិសោធន៍

ដោយកំលាំងផ្ទុះខ្លាំងជាង Little Boy (គ្រាប់នុយក្លេអ៊ែរទម្លាក់នៅ Hiroshima) និង Fat Man (គ្រាប់នុយក្លេអ៊ែរទម្លាក់នៅ Nagasaki) ដល់ទៅ ១.៤០០ ដង ។ ជាការពិតណាស់ការបំផ្ទុះគ្រាប់បែក Tsar Bomba បណ្តាលឱ្យមានភ្លើងរង្វង់ធំទំហំជាង ៨ គីឡូម៉ែត្រ និងបន្សល់ផ្សែងមានរាងដូចផ្សិតកម្ពស់ ៦៤ គីឡូម៉ែត្រ ។

សំខាន់ជាងនេះទៅទៀត ការផ្ទុះនៅពេលនោះក៏បានបញ្ជូនកម្លាំងបង្ហាប់យ៉ាងខ្លាំងចូលទៅក្នុងបរិយាកាសជាប់គាំងអស់រយៈពេល 1 ម៉ោងផងដែរ ។

បន្ទាប់ពីការ​សាកល្បងបានបញ្ចប់ ផ្ទៃដីសរុប ៥៥ គីឡូម៉ែត្រ ពីចំណុចកណ្តាលការបំផ្ទុះគ្រាប់បែក ស្ទើរតែមិនមានអ្វីនៅសេសសល់ទេ ខណៈដែលសំណល់វិទ្យុសកម្មនៅតែមាននៅក្នុងតំបន់នោះ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាមានកំរិតទាប ។

គួរបញ្ជាក់ផងដែរថា កាលនោះពិភពលោកទាំងមូលបានដឹងជាផ្លូវការ អំពីភាពភ័យរន្ធត់នៃគ្រាប់បែកអ៊ីដ្រូសែននេះ ធ្វើឲ្យប្រជាជនភ័យខ្លាចសង្គ្រាមត្រជាក់ ផ្ទុះឡើងម្តងហើយម្តងទៀត ។

នោះក៏ព្រោះតែនៅគ្រានោះ មនុស្សគ្រប់គ្នាបានដឹងថា ប្រសិនបើគ្រាប់បែក Tsar Bomba ពិតជាត្រូវបានប្រើក្នុងសង្គ្រាមមែន ពិភពលោករបស់យើងប្រាកដជាមិនមានអនាគតដែលនៅសេសសល់ឡើយ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ atomicheritage, britannica, ctbto