បឹងយក្ខឡោមមានសភាពល្អក់ចាប់តាំងពីម្សិលម៉ិញមកដល់ថ្ងៃនេះ ធ្វើឲ្យមានប្រជាជនមួយចំនួនមានការបារម្ភដោយខ្លាចកើតមានបន្ទុះភ្នំភ្លើងឡើងវិញ

ខេត្តរតនគិរី៖ ក្នុងរយៈ ២ថ្ងៃនេះមានព្រឹត្តការណ៍មួយធ្វើឲ្យប្រជាជន និងអ្នកដែលទៅលេងខេត្តរតនគិរីមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសអ្នកនៅតំបន់ក្បែរបឹងយក្សឡោមតែម្ដង។

សូមបញ្ជាក់ថា៖ បឹងយក្សឡោមគឺជាស្លាកស្នាមនៃបន្ទុះភ្នំភ្លើងកាលពីរាប់ពាន់ឆ្នាំមុន  ហើយផ្ទៃបឹងមានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងមានជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ។ ដូច្នេះហើយធ្វើផ្ទៃបឹងមានភាពធំល្វឹងល្វើយ ព្រមទាំងមានទឹកថ្លាឈ្វេង ហើយចំពោះរូបរាងរបស់វាស្ទើរជារង្វង់ តំបន់នេះក៏ប្រកបដោយសភាពស្ងប់ស្ងាត់ផងដែរ។

បឹងយក្សឡោមស្ថិតនៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត។

យើងសូមធ្វើការបង្វែរត្រឡប់មកសភាពបច្ចុប្បន្ននៃផ្ទៃបឹងនាពេល ២ថ្ងៃនេះវិញ

បឹងយក្សឡោមក្នុងរយៈពេល ២ថ្ងៃនេះប្រែសភាពល្អក់ខុសធម្មតា ហើយមានក្រាដូចច្រែះនៅចំណុចមួយចំនួននៃផ្ទៃបឹងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ បាតុភូតចម្លែកបែបនេះបង្ករឲ្យប្រជាជននៅក្នុងតំបន់ និងអ្នកទេសចរមានការព្រួយបារម្ភដោយខ្លាចមានបន្ទុះភ្នំភ្លើងកើតឡើងម្ដងទៀត។

ក្រោយពេលមានការបារម្ភពីបងប្អូនប្រជាជនក្នុងតំបន់ និងអ្នកទេសចរធ្វើឲ្យមន្ទីរខេត្តរតនគិរីបានចាត់មន្ត្រីជំនាញចុះពិនិត្យនាពេលថ្ងៃនេះ ឃើញថាបឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ។ ក្នុងនោះលោកលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា ភាពល្អក់របស់បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកបានផ្ដល់សខីភាពអតីតកាលថា “កាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានាពេលនេះដែរ  ហើយក៏វាត្រឡប់មានសភាពថ្លាវិញក្នុងរយៈពេល១០ទៅ១៥ថ្ងៃក្រោយ“។

ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្ថែមថា តាមសេចក្តីរាយការណ៍ពីអាជ្ញាធរក្នុងតំបន់មួយចំនួនបានផ្ដល់ព័ត៌មានថា បឹងលំកុដ និងបឹងយក្ខអោម ព្រមទាំងបឹងយក្ខរ៉ា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ក៏ចាប់ផ្តើមមានសភាពល្អក់ដូចគ្នា។

លោកផុន ខេមរិន បានមានប្រសាសន៍ថា លោកមិនទាន់ហ៊ានធ្វើការវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ តែតាមកត់សម្គាល់របស់លោក នៅពេលដែលប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយកើតឡើង បឹងយក្ខឡោមក៏នឹងអាចកើតមានសភាពល្អក់បែបនេះដែរ។ លោកគ្រាន់តែបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម បឹងលំកុដ បឹងយក្ខអោម និងបឹងយក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ វាគ្រាន់តែជាការរំខានអារម្មណ៍ដល់ការមុជទឹកលេងរបស់ភ្ញៀវទេសចរក្នុងពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។

ចំណែក លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីវិញ ក៏បានអះអាងស្រដៀងគ្នានេះដែរ លោកមានប្រសាសន៍ថាបាតុភូតធម្មជាតិបែបនេះ គឺបានកើតឡើងកាលពី១០ឆ្នាំមុនម្តងហើយ ពេលនោះត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ផ្ទៃរបស់វាក៏មានសភាពថ្លាទៅវិញជាបណ្តើរៗ។

ដោយឡែកបើយោងតាមមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា បឹងយក្សឡោម មានភាពល្អក់ដូច្នេះ មិនមែនជាលើកទី១ទេ ដោយកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពស្រដៀងគ្នានេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមមានសរសៃឈាមជាប់នឹង ភ្នំភ្លើងនៅប្រទេសណាមួយក្នុងតំបន់អាស៊ីយើងនេះដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕

បើយោងតាមគណនីមួយ គាត់ចង់ឲ្យអ្នក​រតនគីរីសូមជួយពិនិត្យផង ក្នុងករណី បេីមានហុយផ្សែង ទឹកឡេីងក្តៅ ឬទឹកចាប់ផ្តេីមល្អក់ និងស្រក់ចុះ សូមរាយការណ៏ដល់ថ្នាក់ដឹកនាំឲ្យបានដឹងភ្លាម ដេីម្បីពួកគាត់ចុះទៅពិនិត្យ ព្រោះយេីងដឹងហេីយថា បឹងយក្សឡោមគឺ មាត់ភ្នំភ្លេីង ពីមុនមក ដូចនេះអាចថាភ្នំភ្លើងអាចនឹងរស់ឡេីងវិញ តែបេីសិនជាទឹកអត់ក្តៅទេ ហេីយគ្រាន់ផ្សែងៗ អាចជាអ័ព្ទចុះធម្មតាប៉ុណ្ណោះនៅពេលមេឃត្រជាក់។ ជាមួយគ្នានេះដែរ មានអ្នកខមិនមួយចំនួនបានលើកឡើងថា កាលមុនកើតមានស៊ូណាម៊ិ ទឹកបឹងនេះក៏មានសភាពល្អក់ដូច្នេះដែរ។

ជាចុងបញ្ចប់ យើងនឹងតាមដានព័ត៌មាននេះបន្តទៀត ប្រសិនបើមានសភាពប្រែប្រួលមិនល្អយ៉ាងណាយើងនឹងផ្ដល់ជាព័ត៌មានបន្ថែម ហើយសករាជ ក៏សង្ឃឹមថានឹងមិនមានភាពប្រែប្រួលណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ឬសេដ្ឋកិច្ចរបស់បងប្អូនខ្មែរក្នុងតំបន់ផងដែរ៕ ប្រភពពី៖ មន្ទីរព័ត៌មានខេត្តរតនគិរី