ព្រលឹងចុងសក់! អាកាសយានិកបង្ខំចិត្ត ចុះចតជាបន្ទាន់ ក្រោយយន្តហោះប៊ូអ៊ីញ របស់ក្រុមហ៊ុន United Airlines មានបញ្ហាម៉ាស៊ីន

136

អាមេរិក៖ យន្ដហោះប៊ូអ៊ីញ ៧៧៧-២០០ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Denver ដោយសារតែមានបញ្ហាផ្ទុះម៉ាស៊ីន មិនយូរប៉ុន្មានបន្ទាប់ពីឡើងទៅលើមេឃ មុនពេលអាកាសយានិកបើកយន្តហោះមកចុះចតវិញដោយសុវត្ថិភាព ដែលក្នុងនោះមានអ្នករួមដំណើរចំនួន ២៤១ នាក់។

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិន (CNN) បានរាយការណ៍ថា យន្ដហោះដឹកអ្នកដំណើរប៊ូអ៊ីញ ៧៧៧-២០០ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ជើងហោះហើរ UA328 បានធ្វើដំណើរពីក្រុង Denver ទៅ Honolulu នៅម៉ោង ១៣:៣០ ម៉ោងនៅក្នុងតំបន់ ស្របពេលដែលអាកាសយានិកបានរាយការណ៍ពីស្ថានភាពអាសន្ន និងត្រៀមខ្លួនរួចរាល់ដើម្បីបកត្រឡប់មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Denver វិញ ក្រោយពីគ្រឿងម៉ាស៊ីនលេខ ២ នៅស្លាបខាងស្តាំត្រូវបានផ្ទុះខូចខាត។

FAA បានបញ្ជាក់ថា យន្ដហោះប៊ូអ៊ីង ៧៧៧-២០០ បានចុះចតដោយសុវត្ថិភាពបន្ទាប់ពីម៉ាស៊ីនមិនដំណើរការ មិនយូរប៉ុន្មានបន្ទាប់ពីឡើងទៅលើមេឃ ហើយតាមរយៈរបាយការណ៍បានបញ្ជាក់ថា កម្ទេចកម្ទីនៃគម្របម៉ាស៊ីនបានធ្លាក់ចូលទៅក្នុងលំនៅស្ថានសាធារណៈខាងក្រោម ក្នុងនោះមានលំនៅស្ថានខ្លះរងការខូចខាតគួរសម ដោយសារបំណែកធំបំផុត នោះគឺគម្របផ្នែកខាងមុខដែលជារង្វងដែកដ៏ធំមួយ ធ្លាក់ចុះមកបុកសួនច្បារមុខផ្ទះ នៅតាមផ្លូវដែលយន្ដហោះបានឆ្លងកាត់។

យ៉ាងណាមិញ យន្ដហោះបានចំណាយពេល ២០ នាទី ដើម្បីវិលត្រឡប់មកវិញបន្ទាប់ពីមានបញ្ហាម៉ាស៊ីន នេះបើតាមប៉ូលីសប្រចាំតំបន់ Broomfield បានរាយការណ៍តាមរយៈ Twitter ថា អាជ្ញាធរទទួលរបាយការណ៍នៃបំណែកដែលបានធ្លាក់មកលើផ្ទះអ្នកភូមិនៅម៉ោង ១៣.០៨ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសទេ។

សម្រាប់ជើងហោះហើរ UA328 នេះ គឺមានអ្នកដំណើរលើយន្ដហោះចំនួន ២៤១ នាក់និងសមាជិកនាវិក ១០ នាក់ ហើយទាំងអស់គ្នាត្រូវបានដឹកទៅកាន់អាគារស្ថានីយដើម្បីឡើងជិះយន្តហោះថ្មី។ ខណៈពេលដែលប៉ូលីសបានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងកន្លែងដែលកម្ទេចកម្ទីរបស់យន្ដហោះបានធ្លាក់មកលើផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីរង់ចាំ NTSB មកស៊ើបអង្កេតពីគ្រោះថ្នាក់នេះបន្តទៀត ។

ទន្ទឹមនឹង លោក Kieran Kane អ្នកភូមិនៅតំបន់ Broomfield និងជាឪពុកម្នាក់កំពុងលេងជាមួយកូននៅសាលាបឋមសិក្សាក្នុងស្រុកបាននិយាយប្រាប់ CNN ថា “ពេលខ្ញុំលេងជាមួយកូន ពួកយើងបានឮសម្លេងផ្ទុះយ៉ាងខ្លាំងនៅលើមេឃ លុះក្រឡេកមើលទៅ ពួកយើងបានឃើញការផ្ទុះដ៏ធំមួយ ហើយបានឃើញផ្សែងខ្មៅចេញពីយន្ដហោះ បន្ទាប់មកបំណែកផ្សេងៗ វាបានធ្លាក់ចុះដូចទឹកភ្លៀង វាបានធ្លាក់ចុះមកយឺតៗ វាមិនមែនជាបំណែកធំៗទេ វាដូចជាសន្លឹកដែកស្តើងៗ រសាត់ចុះមក” ។

“ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញយន្តហោះបន្តហោះហើរដោយគ្មានការរំខាន ឬផ្អៀងទេ វានៅតែបន្តហោះត្រង់ ហាក់ដូចជាមិនមានអ្វីកើតឡើងអញ្ចឹង” នេះជាការ​លើកឡើងរបស់អ្នកភូមិ ។

គួរបញ្ជាក់ផងដែរថា យន្ដហោះប៊ូអ៊ីង ៧៧៧-២០០ គឺជាយន្ដហោះមានទំហំធំទូលាយ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៣១៣ នាក់ និងអាចហោះហើរបាន ៩.៧០០ គីឡូម៉ែត្រ ថែមទាំងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយក្រុមហ៊ុនអាកាសចរណ៍នាំមុខគេនៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុន United Airlines ផងដែរ វាត្រូវបានគេជ្រើសរើសយកមកប្រើចាប់តាំងពីឆ្នាំ ១៩៩៥ តាមរយៈការជ្រើសរើសម៉ាស៊ីនពីក្រុមហ៊ុន Pratt & Whitney ប្រភេទ PW4000-122 ម៉ាស៊ីននេះត្រូវបានទទួលស្គាល់ដោយ FAA ស្តង់ដារ ETOP-180 ឬអាចហោះហើរលើម៉ាស៊ីនតែមួយបានរយៈពេល ១៨០ នាទី ៕

 

ប្រភព៖ CNN