NASA បង្ហាញរូបភាពតំបូងនៃភពព្រះអង្គារ ពីយានអវកាស ដែលចុះចតបានដោយជោគជ័យកាលពីប៉ុន្មានថ្ងៃមុន

578

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍តាមដានព័ត៌មានអវកាស ជឿជាក់ថាបងប្អូនច្បាស់ជាធ្លាប់បានឃើញព័ត៌មាន នៅថ្ងៃទី ១៨ ខែកុម្ភះ (ថ្ងៃទី ១៩ កុម្ភៈ នៅកម្ពុជា) ។

នោះគឺយានអវកាស Perseverance របស់ណាសា ដែលបានចុះចតដោយជោគជ័យនៅលើផ្ទៃនៃភពព្រះអង្គារដោយសុវត្ថិភាព នៅជិតរណ្តៅអាចម៍ផ្កាយ Jezero ។

ជាការពិតនៅពេល​ដំណើរការចុះចតបានល្អដូច្នេះ យានអវកាស Perseverance បានចាប់ផ្តើមធ្វើការ ជាផ្លូវការនៅភពព្រះអង្គារ ដែលកាលពីថ្មីៗនេះយានអវកាសបានចាប់ផ្តើមបញ្ជូនរូបភាព ពីភពព្រះអង្គារមកផែនដីជាបណ្តើរៗហើយ ។

រូបភាពពីរដំបូងត្រូវបានថតដោយកាមេរ៉ាវិស្វកម្ម ដែលមានគុណភាពបង្ហាញទាប វាជារូបភាពបរិវេណផ្នែកខាងមុខ (រូបខាងលើ) និងបរិវេណខាងក្រោយ (រូបខាងក្រោម) នៃយានអវកាស។

បើទោះបីជាមានធូលីខ្លះនៅលើកញ្ចក់កាមេរ៉ា ក៏ដោយ ក៏យើងនៅតែអាចមើលឃើញផ្ទៃនៃភពព្រះអង្គារបានយ៉ាងច្បាស់។

សំខាន់ជាងនេះទៅទៀត បន្ទាប់ពីការត្រួតពិនិត្យបឋមនៃយានយន្តបានដោយជោគជ័យ រូបថតដែលទទួលបានពីយានយន្តត្រូវបានផ្លាស់ប្តូរពីរូបថតពីម៉ាស៊ីនថតវិស្វកម្មដែលមានគុណភាពបង្ហាញទាប ទៅជារូបភាពពីកាមេរ៉ាចម្បងដែលមានពណ៌ និងកាន់តែច្បាស់ទៀតផង ។

យ៉ាងណាមិញ រូបថតមួយចំនួនដែលបានរៀបរាប់ខាងលើត្រូវបានបញ្ជូនមកផែនដី ហើយកំពុងត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមធ្វីតធ័រសំខាន់របស់យានអវកាស Perseverance ។

ប៉ុន្តែរូបថតទាំងនេះមិនមែនជារឿងតែមួយ ដែលយានអវកាស Perseverance នឹងធ្វើទេ ព្រោះនៅលើយាននោះ វាក៏អាចធ្វើការថតវីដេអូ និងសម្លេងនៅក្នុងអំឡុងពេល ស៊ើបអង្កេតទៀតផង។

ហើយប្រសិនបើគ្រប់យ៉ាងដំណើរការបានយ៉ាងល្អ ណាសាមានក្តីសង្ឃឹមយ៉ាងខ្លាំង ដែលពួកគេនឹងទទួលបានវីដេអូរយៈពេលពីរបីនាទីទៀតផង ។

លើសពីនេះទៅទៀត ប្រសិនបើអ្វីៗដំណើរការបានល្អដូចនេះរហូតដោយមិនមានឧបសគ្គអ្វីកើតឡើង យានអវកាស Perseverance ដំណើរការស៊ើបអង្កេតជាផ្លូវការ ក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ ៕

ប្រភព៖ iflscience