សីតុណ្ហភាពនៅតិចសាសធ្លាក់ចុះខ្លាំង ធ្វើឲ្យអណ្តើកសមុទ្ររាប់ពាន់ក្បាលរងផលប៉ះពាល់ មិនធ្លាប់ជួបប្រទះពីមុនមក (មានវីដេអូ)

215

រដ្ឋតិចសាសរងាខ្លាំង ធ្វើឲ្យអណ្តើកសមុទ្រជិត ៥.០០០ ក្បាលត្រជាក់ខ្លាំង មុនពេលត្រូវរលកបោកបក់មកទើរលើឆ្នេរសមុទ្រ សហរដ្ឋអាមេរិក នៅចំកណ្តាលរលកត្រជាក់ដែលកាត់ផ្តាច់ទាំងចរន្តអគ្គិសនី និងកង្វះទឹកប្រើប្រាស់ សាងផលពិបាកដល់ជីវិតមនុស្ស និងសត្វ។

 

កាលពីថ្មីៗនេះ អណ្តើកសមុទ្រជាង ៤.៧០០ ក្បាលត្រូវបានគេយកទៅមជ្ឈមណ្ឌលសន្និបាតនៅកោះ South Padre ចាប់តាំងពីថ្ងៃច័ន្ទ ទី ១៥ បន្ទាប់ពីសត្វទាំងនេះ មិនធ្លាប់ជួបប្រទះជាមួយនឹង ការធ្លាក់ចុះយ៉ាងខ្លាំងនៃសីតុណ្ហភាព និងត្រូវបានរលកបោកបក់មកទើរនៅលើឆ្នេរសមុទ្រ Wendy ។

 

ទន្ទឹមនឹងនោះ នាយកប្រតិបត្តិប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសត្វអណ្តើកសមុទ្របាននិយាយថា “នេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក” ជាទូទៅនៅក្នុងរដូវរងារកន្លងមកមានតែអណ្តើកសមុទ្រប្រហែលជា ១០០ ទៅ ៥០០ ក្បាលប៉ុណ្ណោះ ដែលជួបបញ្ហាដូច្នេះ ។

រីឯខាងលោក Ed Come នាយកប្រតិបត្តិ នៃ មជ្ឈមណ្ឌលសន្និបាតកោះ South Padre បាននិយាយថា ពួកគេនៅមិនទាន់អាចកំណត់រយៈពេលច្បាស់លាស់នៅឡើយទេថា តើសត្វអណ្តើកទាំងនេះ ត្រូវស្នាក់នៅមជ្ឈមណ្ឌលសន្និបាតរយៈពេលប៉ុនណា វាអាចចំណាយពេលច្រើនថ្ងៃរហូតដល់សីតុណ្ហភាពកើនឡើងវិញ មុនពេលនាំពួកវាត្រឡប់ចូលទៅក្នុងសមុទ្រវិញ “យើងកំពុងធ្វើការអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះជីវិតសត្វអណ្តើកទាំងនេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន” ។

ដូចដែលដឹងស្រាប់ហើយថាសត្វអណ្តើកសមុទ្រ ជាសត្វដែលមានឈាមត្រជាក់ ធ្វើឱ្យពួកវាងាយរងគ្រោះ ដោយសារតែវាអសមត្ថភាពក្នុងការគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ ដូច្នេះនៅពេលដែលសីតុណ្ហភាពទឹកទាប ពួកវានឹងនៅតែមានជីវិត ប៉ុន្តែវានឹងមិនអាចកម្រើកខ្លួនបានទេ ដែលនោះហៅថារោគសញ្ញា “cold stun” ឬស្រដៀងនឹងស្ថានភាពជាប់គាំង ហើយសញ្ញាបែបនេះច្រើនតែមានគ្រោះថ្នាក់ ដែលក្នុងចំណោមពួកវាខ្លះ អាចអណ្តែតលើផ្ទៃទឹកបាន ខ្លះទៀតមិនអាចងើបក្បាលដើម្បីដកដង្ហើមបានទេ ព្រោះថាជាទូទៅអណ្តើកដកដង្ហើមតាមសួត ហើយនៅទីបំផុតពួកវាខ្លះនឹងត្រូវលង់ទឹកងាប់ ។

យ៉ាងណាមិញ ចំពោះរូបភាពដែលបង្ហាញ ពីសត្វអណ្តើកដែលបានជួយសង្គ្រោះ ពួកវាគឺមានទំហំខុសៗគ្នា នឹងត្រូវបានតម្រៀបជាជួរនៅលើផ្ទាំងក្រណាត់ ក្នុងចំណោមពួកវាទាំងអស់ មានសត្វអណ្តើកមួយក្បាល ត្រូវបានគេរាយការណ៍ថា មានអាយុលើសពី ១៥០ ឆ្នាំ និងមានទម្ងន់ប្រហែល ៤០០ ផោនទៀតផង។

ទន្ទឹមនឹងនោះ លោក Wendy Knight បានប៉ាន់ស្មានថា ក្នុងរយៈពេលពីរថ្ងៃដំបូងនៃព្យុះ មានសត្វអណ្តើកចំនួន ២២០០ ក្បាលត្រូវបានជួយសង្គ្រោះបន្ទាប់ពីសាធារណជនបានឮព័ត៌មាន ពួកគេក៏បានចេញដំណើរទៅសមុទ្រដើម្បីជួយអណ្តើកទាំងនោះ មុនពេលដឹកពួកវាទៅមជ្ឈមណ្ឌលសន្និបាតតាមយានជំនិះផ្សេងៗផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព : aljazeera / npr