ជំងឺសរសៃវ៉ែនរីកធំ ហានិភ័យដែលមិនគួរមើលរំលង

158

ជឿជាក់ថាជំងឺសរសៃវ៉ែនរីកធំ (varicose veins) គឺជាបញ្ហាដ៏ស្មុគស្មាញមួយរបស់មនុស្សជាច្រើន បន្ថែមពីលើភាពស្រស់ស្អាត ជំងឺសរសៃវ៉ែនរីកធំនេះ ក៏បង្ហាញពីវត្តមាននៃសរសៃឈាមនៅក្នុងខ្លួនផងដែរ មានន័យថារាងកាយរបស់អ្នកកំពុងមានហានិភ័យនៃជំងឺបេះដូង ជំងឺសរសៃឈាមត្បៀត ដែលវាអាចបង្កបញ្ហាដល់សុខភាព និងអាយុជីវិត ។

ជំងឺសរសៃវ៉ែនរីកធំ គឺបណ្តាលមកពីសរសៃឈាមនៅក្រោមស្បែកមានសភាពមិនប្រក្រតី និងខ្វះសមត្ថភាពរុញឈាមត្រឡប់ទៅបេះដូងវិញបាន បណ្តាលឱ្យសរសៃឈាមវ៉ែនស្ថិតក្នុងសភាពរីកមាឌធំ ។ ទន្ទឹមនឹងនោះវាក៏មានហេតុផលផ្សេងៗទៀតដែរ ដូចជាកត្តាលើសទម្ងន់ ខុសប្រក្រតីអំឡុងពេលមានផ្ទៃពោះ ជាជំងឺតំណពូជ ឬការប្រើប្រាស់ថ្នាំពន្យារកំណើតរយៈពេលយូរ ក៏ដូចជាបុគ្គលដែលត្រូវឈរ ឬអង្គុយធ្វើការយូរ ជាពិសេសស្ត្រីគឺមានហានិភ័យច្រើនជាងបុរស។

យ៉ាងណាមិញ សរសៃឈាមវ៉ែនរីកធំ មិនត្រឹមតែកើតឡើងនៅលើជើងប៉ុណ្ណោះទេ វាក៏អាចកើតឡើងនៅក្នុងសរីរាង្គផ្សេងផងដែរ មានដូចជា កើតឡើងនៅក្នុងបំពង់អាហារ ឬកើតឡើងនៅក្នុងថ្លើម បង្កឱ្យមានសម្ពាធឈាមកើនឡើងនៅក្នុងថ្លើម និងបំពង់អាហារ មិនតែប៉ុណ្ណោះប្រសិនបើសរសៃវ៉ែន នៅក្នុងបំពង់អាហារដាច់ វាអាចបណ្តាលឱ្យអ្នកជំងឺក្អួតមានឈាម និងប៉ះពាល់ដល់អាយុជីវិតបាន ។ ក្រៅពីក៏នៅមានសសៃវ៉ែនរីកធំបង្កជាជំងឺឬសដូងបាត ឬសរសៃឈាមវ៉ែនរីកធំក្នុងស្បូន ជាដើម ។

សរសៃវ៉ែនរីកធំ ត្រូវបានបែងចែកជា 3 ដំណាក់កាល

១. សរសៃឈាមវ៉ែនរីកធំ មើលទៅមានសសៃតូចល្អិត មានពណ៌ក្រហម ឬពណ៌ស្វាយ នៅដំណាក់កាលនេះ អ្នកជំងឺប្រហែលជាមិនបង្ហាញរោគសញ្ញាច្រើនទេ ប៉ុន្តែអាចមានការឈឺជើង ឬឈឺសាច់ដុំ។

២. សរសៃឈាមវ៉ែនរីកធំ មានទំហំមធ្យម និងចាប់ផ្តើមប៉ោងឡើង អ្នកជំងឺនឹងមានការឈឺចាប់ឬហើមនៅកំភួនជើង ឬប្រអប់ជើង ហើយចាប់ផ្តើមមានអារម្មណ៍ក្តៅនៅនឹងជើង ។

៣. សរសៃឈាមវ៉ែនរីកធំ នៅដំណាក់កាលនេះគឺមានសរសៃឈាមអណ្តែតឡើងគួរឱ្យកត់សម្គាល់ វាមានពណ៌បៃតង លាយជាមួយពណ៌ស្វាយ ហើយអ្នកជំងឺនឹងមានការឈឺចុកចាប់ និងរលាកនៅលើស្បែក ហើយប្រសិនបើទុកចោលដោយគ្មានការព្យាបាល សរសៃឈាមអាចដាច់ក្លាយជាដំបៅ និងមានផលវិបាកឈានទៅដល់ការបាត់បង់ជើង ឬអាយុជីវិត ។

វីធីការពារជំងឺសរសៃឈាមវ៉ែនរីកធំ

១. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជំរុញលំហូរឈាម
២. គ្រប់គ្រងទម្ងន់ កុំលើសពីសន្ទស្សន៍ម៉ាស់រាងកាយ (BMI)
៣. សម្រាប់អ្នកមានផ្ទៃពោះ  រោគសញ្ញានៃជំងឺនេះ នឹងបាត់ទៅវិញជាបណ្តើរៗ បន្ទាប់ពីការសម្រាលបានរយៈពេល ៣ ទៅ ១២ ខែ។
៤. ជៀសវាងការអង្គុយ ឬឈររយៈពេលយូរព្យាយាមផ្លាស់ប្តូរឥរិយាបថរបស់អ្នក ឱ្យបានញឹកញាប់ ត្រូវផ្លាស់ប្តូរសកម្មភាពអវយវៈរបស់អ្នក ដើម្បីជួយឱ្យឈាមហូរបានល្អ ។
៥- ចៀសវាងការអង្គុយគងអន្ទាក់ខ្លា
៦. ចៀសវាងការពាក់ស្បែកជើងកែងជើងខ្ពស់រយៈពេលយូរ គួរប្រើជាស្បែកជើងកែងទាប ឬស្បែកជើងសុខភាព នឹងអាចជួយកាត់បន្ថយរោគសញ្ញាសរសៃវ៉ែនរីកធំបាន ។

វិធីសាស្រ្តនៃការព្យាបាលជំងឺសរសៃឈាមវ៉ែនរីកធំ នឹងអាស្រ័យលើរោគសញ្ញានិងភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដោយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនឹងពិចារណាឱ្យបានត្រឹមត្រូវរួមមាន ៖

១. ការព្យាបាលដោយការទ្រទ្រង់ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល គួរប្រើស្រោមជើងសម្រាប់អ្នកជំងឺជាពិសេស ជាមួយនឹងកម្រិតរិតបន្តឹងខុសគ្នាៗ ។

២. ការចាក់សារធាតុគីមីចូលក្នុងសរសៃឈាមវ៉ែន ចំពោះអ្នកជំងឺដែលមានសរសៃឈាមវ៉ែនតូចៗ ដោយប្រើរយៈពេល ១៥-៣០ នាទី និងមិនចាំបាច់តមទឹកនិងអាហារទេ ហើយក៏មិនចាំបាច់សម្រាកព្យាបាលមន្ទីរពេទ្យដែរ ។

៣. ការប្រើប្រាស់ឡាស៊ែរកម្តៅ ឬប្រេកង់វិទ្យុកម្រិតខ្ពស់ ដោយប្រើគោលការណ៍នៃការបញ្ចូលសសៃខ្សែតូចៗ ចូលទៅក្នុងសរសៃវ៉ែន និងប្រើថាមពលពីពន្លឺឡាស៊ែរ ឬរលកវិទ្យុប្រេកង់ខ្ពស់ ធ្វើឱ្យសរសៃវ៉ែនរួមតូចមកវិញ។

៤. ការព្យាបាលដោយការវះកាត់ គ្រូពេទ្យត្រូវវាយតម្លៃរាងកាយមុនពេលវះកាត់ និងត្រូវតមទឹកនិងអាហាររយៈពេល ៦-៨ ម៉ោងមុនពេលវះកាត់ ចំណែកការវះកាត់ត្រូវចំណាយពេល ១-២ ម៉ោង ។ ក្រោយពេលវះកាត់ អ្នកជំងឺត្រូវរុំជើងជាមួយ បង់ Elastic Bandage និងបន្តពាក់ស្រោមជើងពិសេស រយៈពេល ១-២ សប្តាហ៍ទៀត ៕

ប្រភព៖ allwellhealthcare