ពេលខ្លះភាព​ល្បីល្បាញមួយប៉ប្រិចភ្នែក អាចបំផ្លាញវាសនារបស់ក្មេងបាន ដូចជាករណីក្មេងប្រុសមុខមាត់ដូចលោក Jack Ma ដូច្នេះដែរ

2514

ការពិតនៃរឿងនេះគឺថា មានមនុស្សម្នាក់បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ពីសំណាក់មនុស្សនៅទូទាំងពិភពលោកក្នុងរយៈពេលត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ជាចំណុចរបត់ពីមនុស្សដែលគ្មាននរណាស្គាល់ ក៏ក្លាយទៅជាបុគ្គលល្បីល្បាញភ្លាមៗ ធ្វើឲ្យមនុស្សគ្រប់គ្នាចង់ចូលរួមពាក់ព័ន្ធក្នុងជីវិតគេ ដើម្បីទាញយកផលប្រយោជន៍ពីបុគ្គលម្នាក់នោះ ។

កន្លងមក បងប្អូនមិត្តអ្នកអានមួយចំនួនប្រហែលជា ធ្លាប់បានឃើញមុខក្មេងតូចម្នាក់នេះដែរក៏ថាបាន ក្មេងប្រុសនេះមានឈ្មោះថា Fan Xiao Qin ដែលកេរ្តិ៍ឈ្មោះរបស់គេបានក្លាយជានិន្នាការល្បីកក្រើក នៅក្នុងប្រទេសចិនអស់ពេលមួយរយៈ ដោយសារមុខរបស់ប្អូនស្រដៀងនឹងអ្នកជំនួញដ៏ល្បីល្បាញម្នាក់គឺលោក Jack Ma រហូតមកដល់ពេលនេះ ប្អូនប្រុសនៅតែត្រូវបានគេផ្តល់រហស្សនាមថា Jack Ma តូច ។

សូមនិយាយត្រឡប់ទៅខែវិច្ឆិកាឆ្នាំ ២០១៥

សូមបញ្ជាក់ថា Fan Xiao Qin ជាក្មេងប្រុសមកពីភូមិជនបទមួយនៃខេត្តជាំងស៊ី ក្មេងប្រុសរូបនេះមានអាយុ ៨ ឆ្នាំ ហើយគេបានក្លាយជាតារាលេចធ្លោនៅលើពិភពអនឡាញ ដោយសាររូបរាងរបស់គេដូចជាលោក Jack Ma ។

ពេលដែលរូបថតរបស់ប្អូន បានលេចចេញនៅតាមប្រព័ន្ធអ៊ិនធរណេត ដោយការបង្ហោះរបស់បងប្អូនជីដូនមួយរបស់ Xiao Qin ក្រោយមកប្អូនប្រុស ត្រូវបានគេផ្តល់រហស្សនាមថា Jack Ma តូច ។ ក្នុងនោះក៏ដោយសារប្អូនប្រុសមានមុខមាត់ដូចលោក Jack Ma ពេក ហើយក៏មានពួកឆក់ឱកាស បានបង្កើតព័ត៌មានក្លែងក្លាយ ដោយអះអាងថា រូបភាពរបស់ Xiao Qin ជារូបពីកុមារភាពរបស់លោក Jack Ma ។

ក្រៅពីប្អូនក្លាយជាឧបករណ៍នៃព័ត៌មានក្លែងក្លាយហើយ ស៊ាវឈីន ក៏បានក្លាយជាតួអង្គកំប្លែងផងដែរ ដែលមានមនុស្សជាច្រើនចង់មកថតរូបជាមួយប្អូន ហើយក្រុមហ៊ុនធំៗជាច្រើនចង់យកស៊ាវឈីន ទៅផ្សព្វផ្សាយដើម្បីលើកកម្ពស់អាជីវកម្មរបស់ពួកគេ ក្នុងនោះក៏មានបុគ្គលល្បីឈ្មោះជាច្រើនចង់មកចូលរួមចំណែកជាមួយប្អូនប្រុស ព្រោះចង់បានភាពល្បីល្បាញ ។

បន្ទាប់ពីនោះមក Jack Ma តូច បានមានឱកាសធ្វើដំណើរជុំវិញប្រទេស ដើម្បីចូលរួមលើការសម្ពោធផលិតផលផ្សេងៗ ឬការបង្ហាញម៉ូតជាច្រើនទៀត បូករួមទាំងបានជួបមនុស្សល្បីៗជាច្រើនទៀតផង ។

ចំណែកឯលោក Jack Ma ពិតប្រាកដ ក៏បានទទួលស្គាល់ដែរថា Xiao Qin កំពុងមានឈ្មោះបោះសម្លេង ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយចិនថែមទាំងបានអះអាងថា លោកជែកម៉ា នឹងផ្តល់អាហារូបករណ៍សិក្សារហូតដល់ចប់សាកលវិទ្យាល័យទៀតផង ប៉ុន្តែនៅទីបំផុតព័ត៌មាននេះត្រូវបានគេបដិសេធថាមិនពិត។

គួរបញ្ជាក់ផងដែរថា នៅពេលវាឈានដល់កម្រិតកំពូល  Xiao Qing ត្រូវបានទទួលការរៀបចំពីក្រុមហ៊ុនមួយដើម្បីធ្វើការលើការសម្តែងដូចជា មានអ្នកមើលថែក្នុងកំឡុងពេលធ្វើដំណើរ ហើយនៅពិធីផ្សេងៗ Xiao Qing តែងតែទទួលបានដើរតួរទាក់ទងនឹង​ក្រុមហ៊ុន Alibaba រហូត។

ជីវិតនាពេលបច្ចុប្បន្ន បន្ទាប់ពីភាពល្បីល្បាញ ត្រូវបានស្ងប់ស្ងាត់

ប៉ុន្តែសម្រាប់ការមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងរហ័សបានក្លាយជាបញ្ហាសម្រាប់ Xiao Qin  ដោយសារតែមួយឆ្នាំបានកន្លងផុតទៅ បន្ទាប់ពីល្បីល្បាញ ការសិក្សារបស់ Xiao Qin បានចាប់ផ្តើមធ្លាក់ចុះ រីឯស្ថានភាពគ្រួសាររបស់ប្អូននៅតែក្រីក្រ ហើយក៏មានបញ្ហាសុខភាពផងដែរ ដោយម្តាយរបស់ប្អូនកើតជំងឺប្រចាំកាយ រីឯឪពុកក៏ក្លាយជាពិការ ទើបមិនមាននរណាម្នាក់អាចគ្រប់គ្រងកេរ្តិ៍ឈ្មោះរបស់ប្អូនប្រុសបាន ។

រហូតមកដល់ពេលនេះ ប្អូនប្រុស Fan Xiao Qin បានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ម្តងទៀតនៅលើ ប្រព័ន្ធអ៊ិនធរណេត នៅពេលឈុតវីដេអូផ្សាយផ្ទាល់ចុងក្រោយ ដែលបង្ហាញពីស្ថានភាព Xiao Qin បានត្រលប់មករស់នៅផ្ទះ នៅជនបទជាមួយក្រុមគ្រួសារវិញ ដោយប្អូនមិនបាននៅក្រោមការមើលថែរបស់ ក្រុមហ៊ុនដែលធ្លាប់តែមើលថែកន្លងមកនោះទៀតទេ ។

រីឯគណនីសង្គមដែលធ្លាប់មាន ក៏អសកម្ម ហើយស្ថានភាពបច្ចុប្បន្ន ដូចដែលបានឃើញ គឺទាំងរាងកាយ និងសតិអារម្មណ៍របស់ប្អូន គឺមិនបាន អភិវឌ្ឍទៅតាមអាយុ ១៤ ឆ្នាំរបស់ប្អូនទេ ព្រោះប្អូនប្រុសនៅតែមានអត្តចរិតដូចជាក្មេងអាយុ ៦-៧ ឆ្នាំដដែល ថែមទាំងមិនអាច​ឆ្លើយតប គណិតវិទ្យាមូលដ្ឋានបានទៀតផង ។

មិនតែប៉ុណ្ណោះ នៅក្នុងឃ្លីបចុងក្រោយដែលបានលេចចេញមក នៅពេលដែល Xiao Qing បានឃើញកាមេរ៉ា ប្អូនបានដើរចូលមកក្នុងសភាពខោមិនខោ អាវមិនអាវ ហើយនិយាយថា “លុយ! តើអ្នកមានយកលុយមកជាមួយអ្នកទេ?” ។

រីឯក្រុមហ៊ុនដែលកាលពីមុនបានអះអាងថា បានជួយគ្រួសារ Xiao qin ដោយផ្តល់ប្រាក់ចំនួន ២០០០ យ័នក្នុងមួយខែ (ប្រហែល ៣០០ ដុល្លារ) ឥឡូវនេះ ពួកគេបានឈប់ផ្ញើប្រាក់អស់រយៈពេល ៧ ខែមកហើយ។

ហើយព័ត៌មានអំពីជីវិតរបស់ Xiao Qin នៅពេលនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតពុះកញ្ជ្រោលយ៉ាងខ្លាំង ពួកគេភាគច្រើនបានស្តីបន្ទោសក្រុមហ៊ុន និងមនុស្សលោភលន់ ដែលបានទាញយកផលប្រយោជន៍ពីក្មេងតូចម្នាក់ ហើយទីបំផុតបានត្រឹមចាកចេញដោយគ្មានអាល័យ។

នៅពេលឃើញស្ថានភាពរស់នៅបច្ចុប្បន្នរបស់ Xiao Qin វាកាន់តែធ្វើឱ្យមហាជនមានអារម្មណ៍ខឹងសម្បារ ដោយក្មេងប្រុសម្នាក់នេះមិនមានឱកាសទៅសាលារៀនជាមួយមិត្តភក្តិរបស់គេ ដែលជាពេលវេលាដ៏សាកសមសម្រាប់កុមារទទួលបានការអប់រំ ប៉ុន្តែបែរជាត្រូវបានគ្របដណ្តប់ដោយភាពល្បីល្បាញត្រឹមតែមួយឆាវ លុះនៅទីបញ្ចប់ស្ថានភាពរបស់គេប្រែជាកាន់តែអាក្រក់ជាងមុនពេលក្លាយជា Jack Ma តូចទៅទៀត ។

“ពួកគេបានបោះបង់ប្អូនចោល នៅពេលដែលប្អូនលែងមានតម្លៃ ឬមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ” “ពួកគេបានបំផ្លាញជីវិតក្មេងប្រុសម្នាក់ តែខ្ញុំសង្ឃឹមថា ប្អូននឹងតស៊ូបន្តទៀតដោយទទួលបានជីវិតដ៏រីករាយនាពេលអនាគត” ទាំងនេះគឺជាមតិយោបល់ដែលលើកឡើង ចេញពីការ​អាណិតអាសូរ ក្មេងប្រុសដ៏កម្សត់ម្នាក់នេះ ។

ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះនៅតែសង្ស័យថា  Xiao Qin អាចនឹងមានបញ្ហាខ្សោយការយល់ដឹងដែលកត្តានេះ នៅមិនទាន់មាននរណាម្នាក់អាចផ្តល់ចម្លើយបានទេ។

ហើយអ្នកខ្លះទៀត បានស្តីបន្ទោសឪពុកម្តាយរបស់ Xiao Qin ដែលបណ្តោយឱ្យកូនរបស់ពួកគេចាកចេញពីគ្រួសារ និងផ្តល់ឱកាសឲ្យអ្នកដទៃទាញយកផលប្រយោជន៍ពីកូនរបស់ខ្លួន ទាំងដែលកូននៅតូចមិនទាន់ចេះបែងចែកខុស នឹងត្រូវដោយខ្លួនឯងនៅឡើយ ។

លើសពីនេះទៅទៀត អ្នកខ្លះក៏បានរិះគន់មនុស្សដែលតាមទៅថត Xiao Qin និងសួរថា តើអ្វីទៅជាគោលបំណងនៃការធ្វើបែបនេះរបស់ប្អូន? ហើយបានស្នើសុំឱ្យអ្នកធ្វើបែបនេះ ទុកជីវិតឯកជនឱ្យក្មេងផង ។

ជាចុងក្រោយអ្នកនិយមលេងអ៊ីនធឺណេតសង្ឃឹមថា Xiao Qing នឹងទទួលបានការអប់រំសមរម្យ ហើយរស់នៅដូចជាក្មេងទូទៅដែលសាកសមនឹងទទួលបាន ។

ចុងក្រោយបំផុត ក្រុមការងារគេហទំព័រសករាជ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់នៅក្នុងលោក ជួយថែរក្សា Xiao Qin និងក្មេង​ដទៃទៀតដែលបាត់បង់ឱកាសដូចនេះ សូមឲ្យប្អូនមានអនាគតល្អ និងមានសេចក្តីសុខដូចជាក្មេងៗទូទៅផងដែរ ៕

ប្រភព: sohu, weibo, whatsonweibo