ស្ថានភាពកូវីដ-១៩ រុញច្រានឲ្យក្រុមហ៊ុន Heineken ត្រូវកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់ ក្រោយខាតបង់យ៉ាង​ធ្ងន់ធ្ងរ

256

ឥទ្ធិពលនៃជំងឺកូវីដ-១៩ បណ្តាលឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងខាតបង់ជាង ២ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២០ រហូតត្រូវកាត់បន្ថយបុគ្គលិកមួយចំនួនធំ និងត្រៀមខ្លួនងាកមកបង្កើតប្រាក់ចំណូលពីភេសជ្ជៈផ្សេងៗទៀត ដែលមានប្រជាប្រិយភាពក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ។

នៅថ្ងៃទី ១៣ ខែកុម្ភះឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ក្រុមហ៊ុន Heineken បានប្រកាសផែនការដើម្បីកាត់បន្ថយប្រាក់ចំណាយ ជាមួយនឹងការកាត់បន្ថយបុគ្គលិកចំនួន ៨០០០ នាក់ឬជិត ១០% នៃកម្លាំងពលកម្មពិភពលោក វាត្រូវបានគេជឿជាក់ថា អាចកាត់បន្ថយការចំណាយបានប្រមាណ ២ ពាន់លានអឺរ៉ូក្នុងរយៈពេល ២ ឆ្នាំ។

នៅឆ្នាំ ២០២០ ក្រុមហ៊ុនផលិតភេសជ្ជជាតិអាល់កុល បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ជាមួយនឹងការខាតបង់ទឹកប្រាក់ ២០៤ លានអឺរ៉ូឬប្រហែល ២៤៧ លានដុល្លារ ខុសផ្ទុយពីឆ្នាំ ២០១៩ ដែលក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញ ២,២ ពាន់លានអឺរ៉ូ ។ ប៉ុន្តែការលក់តាមអ៊ិនធឺរណែត បានកើនឡើង ៣ ដងប៉ុន្តែនៅតែមិនអាចទូទាត់សម្រាប់ការលក់ ពីភោជនីយដ្ឋាន និងហាងស្រាដែលជាប្រភពចំណូលចម្បងឡើយ ។

“Covid-19 បានបង្ខំឱ្យភោជនីយដ្ឋាននិងបារនៅក្នុងប្រទេសជាច្រើនបិទទ្វារ ក៏ដូចជាការហាមឃាត់ព្រឹត្តិការណ៍មួយចំនួន គ្រាន់តែនៅចក្រភពអង់គ្លេសក្រុមហ៊ុននេះមានបំណុលពី Bar Group រហូតដល់ ១៩១ លានអឺរ៉ូ (២៣១ លានដុល្លារ)” ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Heineken ក៏មានគោលបំណងបង្កើតប្រាក់ចំណូលពីភេសជ្ជៈផ្សេងៗផងដែរ មិនថាជា ស្រាបៀរដែលមិនមានជាតិអាល់កុល និង hard seltzer ឬស្រាដែលមានជាតិហ្គាស ដោយត្រៀមចេញលក់ផលិតផលថ្មី រួមទាំងការបើកទីផ្សារនៅក្នុងប្រទេសថ្មីៗ លើសពីនេះទៀតបន្ទាប់ពីឆ្នាំ ២០២០ ស្រាបៀរគ្មានជាតិអាល់កុល “Heineken 0.0” អាចបង្កើនការលក់បាន ទប់ទល់នឹងការធ្លាក់ចុះពីការលក់ស្រាបៀរ ៨,១% ៕