ជម្លោះវប្បធម៌ចិន-កូរ៉េ! ចេននី BLACKPINK កំពុងទទួលរងការរិះគន់ពីសំណាក់ប្រជាជនចិន ថាជាអំពើ “អភិក្រមវប្បធម៌”

91

អាចនិយាយបានថា នេះជារឿងរ៉ាវមួយដែលកំពុងតែមានការចាប់អារម្មណ៍ នៅលើពិភពសង្គមចិននាពេលបច្ចុប្បន្ននេះ ជាមួយនឹង​រឿងរ៉ាវអភិក្រមវប្បធម៌ ឬ Cultural Appropriation ដែលបានកើតឡើងចំពោះតារាចម្រៀងវ័យក្មេងចេននី នៃក្រុមតារាចម្រៀងនារីកូរ៉េដ៏ល្បីល្បាញ BLACKPINK ។

រឿងរ៉ាវគឺកើតឡើងនៅថ្ងៃទី ១ ខែកុម្ភះឆ្នាំ ២០២១ ខណៈពេលដែលចេននី បានបង្ហោះរូបភាពដែលនាងស្លៀករ៉ូបក្រហម រួមជាមួយម៉ូតសក់ក្រងកោងជារង្វង់ដ៏គួរឱ្យស្រឡាញ់ ជាឈុតដែលនាងស្លៀកទៅចូលរួមការប្រគំតន្ត្រីអនឡាញ THE SHOW នៅក្នុងបទចម្រៀងមានចំណងជើងថា Solo។

បន្ទាប់ពីរូបភាពរបស់ចេននីត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ក៏ចាប់ផ្តើមមានប្រជាជនបានចាប់ផ្តើមតុបតែងខ្លួនតាមនាង ជាពិសេសម៉ូតសក់ក្រងជារង្វង់ បានក្លាយជាស្ទីលម៉ូដសក់ដ៏ពេញនិយមស្ទើរគ្រប់ទីកន្លែង។

ប៉ុន្តែក្រោយមកឈ្មោះរបស់ចេនី បានក្លាយជាប្រធានបទលេខមួយ ដែលត្រូវបានគេលើកឡើងនៅលើបណ្តាញសង្គមចិន Weibo សម្រាប់ហេតុផលដែលនាងស្លៀកពាក់ និងស្ទីលម៉ូដសក់របស់ចេននី ថាជាអភិក្រមវប្បធម៌ចិន ។

បណ្តាប្រជាជនចិនយល់ឃើញថា ចេននីកំពុងធ្វើត្រាប់តាមឈុតសម្លៀកបំពាក់ និងស្ទីលម៉ូដសក់របស់ “កុមារក្រហម” ឬ “ណាចា” ដែលជាតួអង្គក្នុងរឿងប្រលោមលោកចិនដ៏ល្បីល្បាញនោះគឺ Monkey King: Journey to the West ។

ប្រលោមលោកមួយនេះ ត្រូវបានផលិតជាខ្សែភាពយន្តជាច្រើនជំនាន់ ដែលតួអង្គ “ណាចា” គឺស្លៀកឈុតក្រហម និងមានម៉ូដសក់ក្រងជារង្វង់មូលនៅសងខាង ស្រដៀងនឹងស្ទីលម៉ូដសក់ និងឈុតសម្លៀកបំពាក់របស់ចេនីដែរ ។

ជាលទ្ធផលមានមតិជាច្រើនត្រូវបានបង្ហាញឡើង វាក៏រាលដាលទៅស្តីបន្ទោសលើក្រុម K-POP ផ្សេងៗទៀត ដែលបានប្រើប្រាស់វប្បធម៌ចិនផងដែរ មានដូចជា៖

“ហេតុអ្វីបានជាតារា K-POP ចូលចិត្តលួចវប្បធម៌ចិនដូច្នេះ?”

“កាលពីលើកមុនគឺជាឈុតសម្លៀកបំពាក់ហានបុគ លើកនេះចេញរឿងផ្សេងមកទៀតហើយ”
“ធ្វើត្រាប់តាមសម្លៀកបំពាក់របស់កុមារនេះណា? តើអ្នកយកអ្វីមកគិត?”

ជាការពិតណាស់ នៅពេលរឿងរ៉ាវនេះកើតឡើង ខាងភាគីកូរ៉េខាងត្បូង ពួកគេក៏មិនអត់ធ្មត់ ចំពោះយោបល់អាក្រក់ៗរបស់ប្រជាជនចិនដែរ រហូតដល់ទីបំផុតវាប្រែទៅជាជម្លោះពហុជាតិតែម្តង ។

ប្រជាជនកូរ៉េចាត់ទុកថា ស្ទីលម៉ូដសក់នេះគឺជាស្ទីលម៉ូដសក់ធម្មតាសម្រាប់មនុស្សគ្រប់ពូជសាសន៍ ដូចជាក្រុមនិស្សិត ប្រជាជនឥណ្ឌា ឬតួអង្គនៅក្នុងគំនូរជីវចល គំនូរជីវចលជប៉ុន ពួកគេសុទ្ធសឹងតែអាចធ្វើម៉ូដសក់នេះបានទាំងអស់ ។

ម៉្យាងទៀតសម្លៀកបំពាក់របស់ចេននី មើលទៅមិនដូចក្មេង “ណាចា” ទេ ពួកគេនិយាយថា ហេតុអ្វីបានជា ប្រជាជនចិនចេះតែរករឿងពួកគេដូច្នេះ?

អាចនិយាយបានថា ទាំងភាគីចិន និងកូរ៉េមិនអស់រឿងឈ្លោះប្រកែកគ្នាទេ ព្រោះដោយសារតែមុននេះពួកគេក៏ធ្លាប់ប្រកែកគ្នារឿងឈុតសម្លៀកបំពាក់ហាន់បុគ និងរឿងរ៉ាវគីមឈីជាដើម ។ ចំពោះរឿងរ៉ាវវប្បធម៌របស់ពួកគេ គឺជារឿងដែលមិនមាននរណាព្រមចាញ់ នរណាបានមែន ៕

ប្រភព: kpopstarz, en24