ពិតជាគំនិតល្អណាស់! ជប៉ុនត្រៀមចែកទូរស័ព្ទទំនើប និងបង្រៀនវិធីប្រើដល់មនុស្សវ័យចំណាស់ ដើម្បីហេតុផលទាំងនេះ

76

ទីក្រុងតូក្យូត្រៀមចែកស្មាតហ្វូន ដល់មនុស្សវ័យចំណាស់ដោយឥតគិតថ្លៃ ថែមទាំងបង់ថ្លៃសេវាអ៊ិនធរណេត និងសេវាទូរស័ព្ទឲ្យទៀតផង ក្រោយពីឆ្នាំ ២០១៩ ត្រូវបានគេរកឃើញថា មនុស្សចាស់មិនមានលទ្ធភាពទទួលបានព័ត៌មានតាមអ៊ិនធរណេតត្រឹមត្រូវ។

Shibuya ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់តូក្យូ ប្រទេសជប៉ុន បានប្រកាសផែនការផ្គត់ផ្គង់ស្មាតហ្វូនចំនួន ៣,០០០ គ្រឿង ដល់មនុស្សវ័យចំណាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំ នៅត្រឹមខែកញ្ញា។

ហេតុផលសម្រាប់គម្រោងនេះ គឺត្រូវបានរៀបចំគោលដៅតាំងពីឆ្នាំ ២០១៩ បន្ទាប់ពីព្យុះនៅតូក្យូ ក្រោយមន្ត្រីមូលដ្ឋានបានរកឃើញថា មនុស្សវ័យចំណាស់ដែលមិនប្រើប្រាស់ទូរស័ព្ទទំនើប មិនអាចឈានដល់ការជូនដំណឹងអំពីគ្រោះមហន្តរាយ និងព័ត៌មានអំពីកន្លែងជ្រកកោនដែលអាជ្ញាធរអាចជូនដំណឹងបានទេ ពីព្រោះព័ត៌មាននោះត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ ហើយជាមួយនឹងស្ថានភាពការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កំពុងបន្ត វាធ្វើឱ្យមនុស្សចាស់ដែលនៅតែប្រើទូរស័ព្ទបូរាណ មិនអាចតាមដានព័ត៌មានបានទាន់ហេតុការណ៍។

ទាំងនៅក្នុងឯកសារផ្លូវការបច្ចុប្បន្ន ឬសេចក្តីជូនដំណឹងត្រូវបានផ្លាស់ប្តូរពីក្រដាសទៅជាឯកសារឌីជីថល រួមទាំងការទាក់ទងរដ្ឋាភិបាល ឬទីភ្នាក់ងារណាមួយ វាអាចធ្វើបានតាមអ៊ិនធរណេត ដូច្នេះការចែកចាយស្មាតហ្វូននេះ នឹងអាចជួយសម្រួលដល់មនុស្សចាស់កាន់តែច្រើន នេះនឹងអនុញ្ញាតឱ្យពួកគេមិនខ្ជះខ្ជាយពេលវេលាក្នុងការតម្រង់ជួរ ឈរជាហ្វូង ឬខ្ជះខ្ជាយពេលវេលាក្នុងការទាក់ទង ឬទទួលសេវាកម្មផ្សេងៗ ។

ដោយគម្រោងស្មាតហ្វូនសម្រាប់មនុស្សចាស់នេះ រំពឹងថានឹងប្រើថវិកាចំនួន ៣៦៥ លានយ៉េន (ប្រហែល ៣.៥ លានបានដុល្លា) ដែលបន្ថែមលើការផ្គត់ផ្គង់ទូរស័ព្ទវៃឆ្លាត នៅមានការបង្រៀនមនុស្សចាស់ពីរបៀបដំណើរការឧបករណ៍ឱ្យបានត្រឹមត្រូវ រួមទាំងការដំឡើងកម្មវិធីដែលត្រូវការចាំបាច់នៅក្នុងទូរស័ព្ទ ដូចជាកម្មវិធីគ្រោះមហន្តរាយ ហើយរដ្ឋាភិបាលក៏នឹងបង្កើតប្រព័ន្ធពិគ្រោះយោបល់ផ្នែកសុខភាពតាមអ៊ិនធរណេត ជាមួយគិលានុបដ្ឋាយិកាសុខភាពសាធារណៈ ដើម្បីជួយសម្រួលដល់មនុស្សចាស់ផងដែរ ។

លើសពីនេះទៅទៀត រដ្ឋាភិបាលនឹងបង់ថ្លៃសេវាទូរស័ព្ទ និងថ្លៃសេវាអ៊ិនធឺណិតសម្រាប់មនុស្សចាស់ ដែលទទួលបានស្មាតហ្វូនដោយឥតគិតថ្លៃ ។ តែប្រសិនបើមនុស្សចាស់មានបំណងប្រើសេវាកម្មបន្ថែមផ្សេងៗដូចជា ការបង់ថ្លៃទិញទំនិញ ឬថ្លៃសមាជិកសម្រាប់គេហទំព័រភាពយន្តមនុស្សពេញវ័យ ជាដើម មនុស្សវ័យចំណាស់ត្រូវតែបង់ថ្លៃចំណាយទាំងនោះដោយខ្លួនឯង។

“ការដើរឱ្យទាន់បច្ចុប្បន្នភាព គឺជាអ្វីដែលមិនអាចខ្វះបាន ជាពិសេសជាមួយនឹងរបៀបរស់នៅថ្មី បន្ទាប់ពីការរីករាលដាល ហើយនេះគឺជាឱកាសដើម្បីលើកកម្ពស់គុណភាពជីវិត សម្រាប់មនុស្សចាស់កាន់តែប្រសើរឡើង” នេះបើតាមសម្តីរបស់លោក Sakihei Kawamura ប្រធានគំរោង ៕

ប្រភព : soranews24 / mainichi