ឥណ្ឌូនេស៊ីតាមចាប់សត្វខ្លា ២ ក្បាល ដែលបានខាំមន្ត្រីប្រចាំសួនសត្វស្លាប់ ក្រោយរួចចេញពីទ្រុង

264

ឥណ្ឌូនេស៊ី៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ី បានប្រមូលផ្តុំក្រុមអ្នកប្រមាញ់សត្វខ្លា ដែលបានខាំមន្ត្រីប្រចាំសួនសត្វ Singka អាយុ ៤៧ ឆ្នាំម្នាក់ស្លាប់ បន្ទាប់ពីសាកសពជនរងគ្រោះពោពេញទៅស្នាមចង្កូម និងដំបៅ នៅក្បែរទ្រុងសត្វខ្លាស៊ូម៉ាត្រា ដែលជាប្រភេទសត្វខ្លាជិតផុតពូជចំនួនពីរក្បាល នៅក្នុងសួនសត្វមួយនៅលើកោះប័រណូ។

ចំណែកសត្វខ្លាទាំង ២ ក្បាល ដែលជាខ្លាញី មានអាយុប្រហែល ១៨ ខែ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទ្រុងនៃសួនសត្វ Sinka zoo ត្រូវបានខូចខាត ដោយការរអិលបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង គិតត្រឹមល្ងាចថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ នៅក្បែរទ្រុងសត្វអូស្វា និងសត្វស្វាក៏ត្រូវបានសម្លាប់នៅក្បែរនោះដែរ។

ក្រុមអាជ្ញាធរប្រមូលផ្តុំ បានកំពុងដេញចាប់ខ្លាស៊ូម៉ាត្រា ដែលនៅលើពិភពលោក មានចំនួនតិចជាង ៤០០ ក្បាល ដោយក្នុងនោះរួមមានមន្រ្តីប៉ូលីស ទាហាន មន្រ្តីអភិរក្សសត្វព្រៃប្រចាំទីក្រុងស៊ីងកាវ៉ាង ។ ក្នុងអំឡុងពេលនោះ ប៉ូលីសបានបញ្ជាឱ្យបិទទីកន្លែងរមណីយដ្ឋានផ្សេងៗ ដែលនៅក្បែរនោះ និងណែនាំឱ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ ។

ក្រោយមកប៉ូលីសប្រើដ្រូន ដើម្បីព្យាយាមតាមរកទីតាំងសត្វខ្លានៅក្នុងព្រៃក្រាស់ដែលព័ទ្ធជុំវិញសួនសត្វ។ លុះរហូតដល់ថ្ងៃទី ៦ ខែកុម្ភះ សត្វខ្លាមួយក្បាលត្រូវបានគេចាប់បានបន្ទាប់ពីត្រូវបានបាញ់ឲ្យសន្លប់ខណៈពេលកំពុងដើរនៅក្នុងព្រៃ ជុំវិញសួនសត្វ ប៉ុន្តែមួយក្បាលទៀតត្រូវបានបាញ់សម្លាប់ ដោយសារតែអាជ្ញាធរបានឃើញ ពីអាកប្បកិរិយកាចសាហាវ និងវិធីប្រើប្រាស់ថ្នាំសន្លប់ក៏មិនមានប្រសិទ្ធភាពដែរ ។

ដោយឡែក សត្វខ្លាស៊ូម៉ាត្រាគឺជាសត្វខ្លាកម្រនិងជិតផុតពូជ ហើយវាស្ថិតនៅក្នុងបញ្ជីក្រហម នៃសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលមានចំនួនតិចជាង ៤០០ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ៕