បើកទូកុងតឺន័រ មកភ្ញាក់ផ្អើលខ្លាំង! សត្វឆ្មាធ្វើដំណើរឆ្លងប្រទេសជាង ៣០០០ គីឡូម៉ែត្រ រយៈពេលជិតមួយខែ ខណៈពេល​ក្នុងកុងតឺន័រមានតែ ស្ករគ្រាប់មួយមុខគត់

475

កាលពីពាក់កណ្តាលខែមុននេះ ក្រុមហ៊ុនដឹកជញ្ជូនអ៊ុយក្រែន Star Shine បានផ្សព្វផ្សាយរូបភាពកុងតឺន័រ ដែលទើបតែមកដល់គោលដៅ ហើយនៅពេលពួកគេបើកទូកុងតឺន័រក៏ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ពីព្រោះនៅខាងក្នុងនោះមិនមែនមានតែទំនិញទេ តែវាមានសត្វឆ្មាពណ៌ប្រផេះមួយក្បាល ដែលបានធ្វើដំណើរឆ្លងប្រទេសទៀតផង។ ទន្ទឹមនឹងនោះបើទោះបីជាវាមានការភ័យខ្លាចបន្តិចបន្តួចក៏ដោយ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលសត្វឆ្មាមួយក្បាលនេះនៅមាន​សុខភាពល្អ បើទោះបីជាវាត្រូវស៊ូទ្រាំនឹងដំណើរដ៏វែងឆ្ងាយ ដោយគ្មានអាហារ ឬទឹកក៏ដោយ។

សត្វឆ្មាមួយក្បាលនេះ បានជាប់នៅក្នុងកុងតឺន័រអស់រយៈពេលជាងបីសប្តាហ៍ ហើយវាត្រូវធ្វើដំណើរចម្ងាយជាង ៣.០០០ គីឡូម៉ែត្រ ពីប្រទេសអ៊ុយក្រែន ទៅដល់ប្រទេសអ៊ីស្រាអែល។ ហើយរឿងតែមួយគត់ដែលធ្វើឱ្យឆ្មានេះអាចរស់បានគឺ “ស្ករគ្រាប់” ដែលវាបានបំបាត់ភាពអត់ឃ្លាន រហូតមកដល់ប្រទេសគោលដៅ ។

ប៉ុន្តែពួកគេនៅតែមានការសង្ស័យ ពីព្រោះនៅខាងក្នុងកុងតឺន័រមិនមានទឹកទេ ហើយហេតុអ្វីបានជាសត្វឆ្មានៅតែមាន​ស្ថានភាពល្អដដែល? ក្រុមហ៊ុនដឹកជញ្ជូន សន្និដ្ឋានថា វាអាចនឹងផឹកទឹកដែលជ្រៀបតាមជញ្ជាំងកុងតឺន័រ  ហើយនិងការស៊ីស្ករគ្រាប់ វាគួរតែជួយកាត់បន្ថយភាពឃ្លានបាន។ ក្រោយមកក្រុមហ៊ុនដឹកជញ្ជូន បានស៊ើបអង្កេតពីដំណើរដើមទង ដែលសត្វឆ្មាចូលទៅក្នុងទូកុងតឺន័រ។

តាមរយៈវីដេអូរបស់កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា សត្វឆ្មាខាងលើបានចូលក្នុងទូកុងតឺន័រ ខណៈពេលពួកគេកំពុងរៀបចំទំនិញដែលជាប្រអប់ឡាំងអាហារសម្រន់ នៅឯកំពង់ផែអូឌីសា។ តែទោះយ៉ាងណាក្រុមហ៊ុននិយាយថា បច្ចុប្បន្នសត្វឆ្មាមួយក្បាលនេះកំពុងស្ថិតនៅក្រោមការមើលថែរបស់ពួកគេ ៕

ប្រភព៖ boredpanda