
ខណៈពេលដែលពិភពលោកនៅតែបន្តវិវត្តទៅមុខឥតឈប់ឈរ ទន្ទឹមនឹងនោះប្រទេសវៀតណាមក៏មានការវិវត្តយ៉ាងប្លែកភ្នែកផងដែរ ដូច្នេះថ្ងៃនេះក្រុមការងារយើងខ្ញុំ សូមនាំអារម្មណ៍បងប្អូនមិត្តអ្នកអានទៅជួបគម្រោងសាងសង់មួយដែលនឹងក្លាយជា និមិត្តរូបថ្មីរបស់ប្រទេសនេះ ។
បច្ចុប្បន្នប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលពិភពលោកកំពុងតែចាប់អារម្មណ៍ផងដែរ តាមរយៈការពន្លឿនផែនការអភិវឌ្ឍដែលអាចត្រូវបានគេជឿថាស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់ ហើយកាលថ្មីៗនេះមានគម្រោងធំមួយក្នុងការអភិវឌ្ឍទីក្រុងទេសចរណ៍ហាឡុង (Ha Long) ពីផែនការទីក្រុងស្អាត រហូតក្លាយជាទីកន្លែងសម្គាល់ (Landmark) ថ្មីនោះគឺ ដូមីនីថៅវើរ (Domino Tower) ។
លក្ខណៈពិសេសនៃអគារដ៏ខ្ពស់នេះ មានទីតាំងនៅតំបន់មាត់សមុទ្រ វាអាចជាការចង្អុលបង្ហាញ ឬជានិមិត្តរូបនៃភាពប្រណីត វាមិនត្រឹមតែមានរចនាសម្ព័ន្ធស្ថាបត្យកម្មស្រស់ស្អាតប៉ុណ្ណោះទេ អាគារនេះអាចទាក់ទាញភ្ញៀវទេសចរ មកពីទូទាំងពិភពលោកមកទស្សនាទៀតផង ។
នាពេលខាងមុខ សម្រាប់ប្រជាជនវៀតណាមអាចទៅទស្សនាអាគារដែលខ្ពស់ជាងគេមួយក្នុងពិភពលោក ដោយមិនចាំបាច់ចាកចេញពីប្រទេសឡើយ ដោយគ្រាន់តែកក់សំបុត្ររថភ្លើងទៅហាឡុង ហើយពួកគេនឹងឃើញអាគារ Domino Tower ៩៩ ជាន់ជាមួយនឹងទេសភាពដ៏អស្ចារ្យ នៃទីក្រុងឆ្នេរមួយនេះ។
គម្រោងខាងលើនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sun Group ដោយបានដាក់គ្រឹះនៃអាគារនេះ ជាសណ្ឋាគារប្រណីត ក្រោមគម្រោងឧទ្យានឆ្នេរសាន់ហាឡុង (Sun Ha Long Ocean Park) ហើយនឹងត្រូវសាងសង់នៅលើកោះសិប្បនិម្មិត ដែលផ្សាភ្ជាប់ទៅនឹងដីគោកដោយស្ពាន។
អគារនេះត្រូវបានរចនាបទតាមរូបរាងគូជខ្យង +Cassia ដោយក្រុមស្ថាបត្យករអន្តរជាតិ ។ នៅពេលការសាងសង់ត្រូវបានបញ្ចប់ អាគារនេះនឹងមានចំនួនសរុប ៩៩ ជាន់ មានកម្ពស់ ៥៤០ ម៉ែត្រ ដែលមានទេសភាពជុំវិញជាឆ្នេរហាឡុងបេ (Hạ Long Bay) ។
នៅពេលការសាងសង់ត្រូវបានបញ្ចប់ អាគារដូមីណូថៅវើរ នឹងបញ្ចប់ជាមួយនឹងកន្លែងស្នាក់នៅដ៏ស្រស់ស្អាត និងមជ្ឈមណ្ឌលកម្សាន្ត ហើយវានឹងក្លាយជាអាគារខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងក្លាយជាអាគារខ្ពស់ជាងគេទី ៧ នៅលើពិភពលោក ។
ប៉ុន្តែជាអកុសល គម្រោងនេាះត្រូវបានផ្អាក នៅខែមករាឆ្នាំ ២០២១ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ ២០២០ ។
ហើយអ្វីដែលធ្វើឱ្យអាគារ Domino Tower ក្លាយជាទីចាប់អារម្មណ៍នោះគឺ មកពីអាគារនេះស្រដៀងទៅនឹងអាគារ Burj Al Arab (Burjul-Arab) នៅឌូបៃ គឺជាសំណង់អាគារខ្ពស់នៅលើកោះសិប្បនិម្មិត ៕
ប្រភព៖ thesmartlocal, cassia.global