កងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នានៅតាមព្រំដែនសារជាថ្មីម្តងទៀត

207

រដ្ឋស៊ីកគីម៖ កងទ័ពចិន និងឥណ្ឌាត្រូវបានគេរាយការណ៍ថា បានប៉ះទង្គិចគ្នាម្តងទៀតកាលពីថ្ងៃពុធ ទី ​២០ ខែមករា ឆ្នាំ២០២១ នៅក្នុងតំបន់ព្រំដែនមានជម្លោះដោយមានរងរបួសទាំងសងខាង។ ការប៉ះទង្គិចគ្នានេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅភាគខាងជើងរដ្ឋ Sikkim របស់ឥណ្ឌា។ មកដល់ពេលនេះភាពតានតឹងបានកើនឡើងខ្ពស់រវាងប្រទេសទាំងពីរចាប់តាំងពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតំបន់ព្រំដែនដែលមានជម្លោះ។ គួររំលឹកផងដែរថាយ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan Valley ក្នុងតំបន់ Ladakh កាលពីខែមិថុនាឆ្នាំ ២០២០ កន្លងទៅ។ ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលខ្លួនបានរងគ្រោះថ្នាក់នោះទេ។របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ឧប្បត្តិហេតុចុងក្រោយបានកើតឡើងនៅតំបន់ Naku La ក្នុងរដ្ឋ Sikkim របស់ឥណ្ឌា។ រដ្ឋ Sikkim គឺនៅចន្លោះប្រទេសប៊ូតាន និងប្រទេសនេប៉ាល់។ ប្រទេសឥណ្ឌា និងចិនមានព្រំដែនដែលមានជម្លោះរ៉ាំរៃជាងគេនៅលើពិភពលោក ហើយភាគីទាំងពីរសុទ្ធតែបានអះអាងថាជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួននៅលើតំបន់និមួយៗ។ ទន្លេ​ បឹង និងផ្ទាំងទឹកកកនៅតាមបណ្តោយព្រំដែនដែលមានចម្ងាយ ៣.៤៤០ គីឡូម៉ែត្រជាបន្ទាត់មួយអាចឆ្លងកាត់បាន។ ប៉ុន្តែឥឡូវប្រទេសទាំងពីរបាននាំទាហានទៅទល់មុខគ្នានៅតាមចំណុចជាច្រើនទៅវិញ នៅពេលខ្លះឈានទៅដល់ការប្រឈមមុខគ្នាទៀតផង។ បើតាមឯកសារមួយចំនួនបានឱ្យដឹងថាប្រទេសទាំងពីរបានធ្វើសង្គ្រាមតែមួយលើកគត់គឺនៅឆ្នាំ ១៩៦២ កាលនោះប្រទេសឥណ្ឌាបានបរាជ័យយ៉ាងធ្ងន់ធ្ងរ៕ BBC