ប្រទេសបារាំងបានធ្វើការវះកាត់តដៃបានជោគជ័យជាលើកដំបូងនៅលើពិភពលោក ទៅលើបុរសម្នាក់ជនជាតិអ៊ីស្លង់ដែលបានជួបឧប្បត្តិហេតុបាត់បង់ដៃទាំង២ អស់រយៈពេល ២០ឆ្នាំ

2058

បុរសជនជាតិអ៊ីស្លង់ម្នាក់ បានទទួលការវះកាត់តដៃ និងស្មាលើកដំបូងបង្អស់នៅលើពិភពលោក ក្រោយ ២០ ឆ្នាំកន្លងមកដែលគាត់មានឧប្បត្តិហេតុដ៏អាក្រក់មួយ បង្ខំឱ្យវេជ្ជបណ្ឌិតចាំបាច់ត្រូវកាត់ដៃទាំងសងខាងរបស់គាត់ ។

បច្ចុប្បន្នលោក Felix Gretarsson អាយុ ៤៨ ឆ្នាំ បានជាសះស្បើយយ៉ាងឆាប់រហ័សបន្ទាប់ពីលោកបានទទួលការវះកាត់តដៃ និងស្មាកាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ និងមានរយៈពេល ១៤ ម៉ោង នៅឯមន្ទីរពេទ្យមួយ នាទីក្រុង Lyon ភាគខាងត្បូងប្រទេសបារាំង ក្រោយការវះកាត់ដំណើរការបានយ៉ាងល្អ ហើយទទួលបានជោគជ័យ។

ប្រតិបត្តិការវះកាត់នេះគឺជា “ក្តីសុបិនធំបំផុត” របស់គាត់ ហើយភរិយារបស់គាត់ឈ្មោះថា Sylvia បានប្រាប់អ្នកសារព័ត៌មានថា ហ្វីលីកបាននិយាយថា “ខ្ញុំមិនអាចរង់ចាំ ការចាប់ផ្តើមជីវិតថ្មីរបស់ខ្ញុំម្តងទៀតបានទេ” ទោះបីជាពេលនេះគាត់ប្រហែលជានៅមិនអាចចេញទៅក្រៅ ហើយរស់នៅដូចមនុស្សធម្មតាភ្លាមៗក៏ដោយ ប៉ុន្តែគាត់មានក្តីសង្ឃឹម និងរីករាយខ្លាំងណាស់ ហើយគាត់នឹងជាសះស្បើយ រយៈពេលបីឆ្នាំខាងមុខ ។

គួររំឭកផងដែរថា កាលពីមុនលោក Felix Gretarsson ជាអ្នកជួសជុលអគ្គិសនី ដែលត្រូវធ្វើការជាមួយខ្សែភ្លើងដែលមានវ៉ុលខ្ពស់ៗ ប៉ុន្តែកាលពីថ្ងៃ ២៣ ឆ្នាំមុន នៅថ្ងៃទី ១២ ខែមករាឆ្នាំ ១៩៩៨ គាត់ត្រូវបានអគ្គិសនីឆក់កម្រិត ១១.០០០ វ៉ុលនៅពេលកំពុងបំពេញភារកិច្ចផ្ទាល់ខ្លួន មុនពេលធ្លាក់លើទឹកកក ឧប្បត្តិហេតុនោះបានធ្វើឱ្យគាត់សន្លប់អស់រយៈពេលជាង ៣ ខែ។

ហើយដៃទាំងពីររបស់គាត់ត្រូវកាត់ចេញ ដោយសារតែការខូចខាត ហួសពីការកែខៃបាន ហើយគាត់ក៏បានរងរបួសជាច្រើនចំណុចនៅលើដងខ្លួន បូករួមទាំងការបាក់ឆ្អឹងជាច្រើនកន្លែង រីឯសរីរាង្គខាងក្នុងត្រូវបានខូចខាត បណ្តាលឱ្យគាត់ត្រូវទទួលការវះកាត់រាប់មិនអស់ ដែលមួយក្នុងចំនោមនោះគឺជាការប្តូរតំរងនោម។

យ៉ាងណាមិញការវះកាត់តដៃ និងស្មានេះបានចំណាយពេលច្រើនឆ្នាំណាស់ ទំរាំអាចស្វែងរកអ្នកបរិច្ចាគដែលសមស្របទៅនឹងគាត់បាន ក្នុងនោះក៏មានក្រុមវះកាត់ច្រើនជាង ៤ នាក់ និងបុគ្គលិកពេទ្យរួមគ្នាប្រហែលជាជាង ៥០ នាក់ ចូលរួមនៅក្នុងនីតិវិធីដ៏ស្មុគស្មាញនេះ ធ្វើឱ្យការវះកាត់នេះទទួលបានភាពជោគជ័យ។ ទន្ទឹមនឹងនោះបុគ្គលិកពេទ្យ ក៏បានធ្វើការជាមួយលោក Jean Michel Du Bernard ជាគ្រូពេទ្យវះកាត់តដៃ ដោយជោគជ័យលើកដំបូងរបស់ពិភពលោកក្នុងឆ្នាំ ១៩៩៨ ។

ក្រុមគ្រូពេទ្យបាននិយាយថា បើទោះជាដៃស្តាំទំនងដំណើរការល្អជាងដៃឆ្វេង ក្រោយពីវះកាត់អស់រយៈពេល ៩ ថ្ងៃ តែក្រុមគ្រូពេទ្យនៅមិនទាន់ រកឃើញភាពមិនប្រក្រតីនៅឡើយទេ ហើយត្រូវបានគេរំពឹងថា នឹងជាសះស្បើយឡើងវិញ ។ ទោះបីគ្រូពេទ្យនៅតែគិតពីផលប៉ះពាល់នាពេលអនាគត ដែលអាចកើតឡើងក៏ដោយ តែលោក Lionel Badet ដែលជាគ្រូពេទ្យវះកាត់ និងជាអ្នកផ្តួចផ្តើមការវះកាត់នេះ សម្រាប់ Gretarzson បានផ្តល់បទសម្ភាសន៍ថា ក្រុមគ្រូពេទ្យវះកាត់ «ត្រៀមខ្លួនដើម្បីមើលថែគាត់ពេញមួយជីវិត» ៕

ប្រភព: metro