មិនធម្មតា! ប្រទេសចិនបង្អួតសម្រស់រថភ្លើងម៉ាញេទិច ល្បឿនជាង ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង

282

ប្រទេសចិនបង្អួតសម្រស់រថភ្លើងម៉ាញេទិច មានល្បឿនអតិបរមា ៦២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រៀមសាងសង់ផ្លូវដែកគំរូ ១៦៥ ម៉ែត្រសំរាប់អ្នកដែលចាប់អារម្មណ៍ចង់ជិះ ។

ថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ សារព័ត៌មានស៊ីនហួ និងគេហទំព័រស៊ីអិនអិន បានចុះផ្សាយពី រថភ្លើងមេដែក “Maglev” ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Jiaotong នៅភាគនិរតីនៃទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទេសចិន ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ១៣ ខែមករានេះថា បន្ទាប់ពីការបើកដំណើរការជាផ្លូវការលើកដំបូង រថភ្លើងម៉ាញេទិកនេះមានប្រវែង ២១ ម៉ែត្រ និងអាចឈានដល់ល្បឿនកំពូល ៦២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកអភិវឌ្ឍន៍បានសាងសង់ផ្លូវដែកគំរូប្រវែង ១៦៥ ម៉ែត្រ សម្រាប់ដំណើរការសាកល្បងដល់បណ្តាអ្នកចាប់អារម្មណ៍ ក្នុងការទទួលបទពិសោធន៍នៃអារម្មណ៍ជិះរថភ្លើងនេះផងដែរ។

ទន្ទឹមនឹងនោះអ្នកអភិវឌ្ឍន៍រថភ្លើងមេដែកនេះបង្ហាញថា កាលពីមុន ការបើកបរដោយកំលាំងម៉ាញេទិកគ្រាន់តែជាប្រដាប់ប្រដាក្មេងលេងតែប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃបច្ចេកវិទ្យាបែបនេះកាន់តែជិតក្លាយជាការពិតហើយ និងថែមទាំងជឿថា រថភ្លើងម៉ាញេទិកដែលកំពុងអភិវឌ្ឍនេះ អាចឈានដល់ល្បឿនរហូតដល់ ១.០០០ គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង ។

ដោយឡែកកាលពីអតីតកាល ប្រទេសចិនបានអភិវឌ្ឍការដឹកជញ្ជូនផ្លូវដែកជាបន្តបន្ទាប់ មកទល់បច្ចុប្បន្ន ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿននៅទូទាំងប្រទេស ដែលមានចម្ងាយជាង ៣៧.០០០ គីឡូម៉ែត្រ ជាមួយនឹងផ្លូវដែកល្បឿនលឿនបំផុតនៅក្នុងប្រទេសចិន គឺជារថភ្លើងម៉ាញេទិក នៅក្រុងសៀងហៃ មានល្បឿនអតិបរមា ៤៣១ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយ ២៩ គីឡូម៉ែត្រ។  ប្រទេសចិនទើបតែបញ្ចេញរថភ្លើងល្បឿនលឿន ដែលអាចឈានដល់ល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាអាចដំណើរការក្រោមលក្ខខណ្ឌត្រជាក់រហូតដល់ -៤០ អង្សាសេឯណោះ ៕